ភ្នំពេញ៖ ប្រធានរាជបណ្ឌិតសភាកម្ពុជា បានថ្លែងប្រតិកម្មទៅ នឹងការលើកឡើងរបស់កញ្ញា កឹម មនោវិទ្យា អគ្គនាយករងកិច្ចការសាធារណៈ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលថា លទ្ធិប្រជាធិបតេយ្យកម្ពុជាបានដើរដល់ចំណុចគ្រោះថ្នាក់ ដោយលោកអះអាងថាលទ្ធិប្រជាធិបតេយ្យកម្ពុជាមិនគ្រោះថ្នាក់ទេ។ តែអ្នកសង្កេតការណ៍ មិនយល់ស្របតាមការអះអាងរបស់លោក សុខ ទូច នោះទេ។
លោក លៀ ស៊ីណា រាយការណ៍៖

ប្រធានរាជបណ្ឌិតសភាកម្ពុជាលោក បណ្ឌិត សុខ ទូច បានថ្លែងដូចនេះ នៅក្នុងកិច្ចពិភាក្សាតុមូលស្ដីពី “តួនាទីរបស់មហាអំណាចក្នុងកិច្ចការតំបន់ និង ពិភពលោក” នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ នៅរាជបណ្ឌិតសភាកម្ពុជា រាជធានីភ្នំពេញ។
លោកបណ្ឌិត សុខ ទូច បានថ្លែងថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគឺមិនបានដើរថយក្រោយ ឬស្លាប់ដូចការថ្លែងរបស់កញ្ញា កឹម មនោវិទ្យា អគ្គនាយករងកិច្ចការសាធារណៈ របស់អតីតគណបក្សសង្គ្រោះជាតិនោះទេ ដោយលោកថ្លែងអះអាងថា កម្ពុជានៅតែជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
បន្ថែមពីនេះប្រធានរាជបណ្ឌិតសភាកម្ពុជា បន្ដថា មិនអាចចោទប្រមុខដឹកនាំរាជរដ្ឋាភិបាលថា ជាមេដឹកនាំផ្ដាច់ការនោះទេ ពីព្រោះកម្ពុជានៅតែជាប្រទេសមានសេរីភាពល្អប្រសើរជាងបណ្ដាប្រទេសមួយចំនួននៅតំបន់តំបន់អាស៊ី ហើយជាពិសេសកម្ពុជានៅតែមានតែគណបក្សនយោបាយជាច្រើនដែលមានឈ្មោះដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខ។
លោកបណ្ឌិត សុខ ទូច៖«បើសិនជាកម្ពុជា នៅសល់តែគណបក្សប្រជាជនកម្ពុជា នោះបានជាប្រទេសកម្ពុជា លទ្ធិប្រជាធិបតេយ្យដើរថយក្រោយ ហើយកាន់របបកុំមុនីសតាមបែបឡាវ តាមបែបវៀតណាម តែកម្ពុជានៅតែពហុបក្ស រដ្ឋធម្មនុញបានចែង សេរីពហុបក្ស តើកម្ពុជាមានបក្សប៉ុន្មានដើម្បីចូលរួមបោះឆ្នោត តើកម្ពុជាលទ្ធិប្រជាធិបតេយ្យឬក៏កម្ពុជានៅផ្ដាច់ការ តើកម្ពុជាបានប្ដូរថ្ងៃបោះឆ្នោតដែរឬទេ បើមិនប្ដូរតើមានស្អីដែលប្រែប្រួល»។
លើសពីនេះលោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា មិនអាចយកលទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក មកប្រៀបធៀបនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានឡើយ ព្រោះអាមេរិកបានដើរលើលទ្ធិប្រជាធិបតេយ្យជាង ៤០០ឆ្នាំ តែកម្ពុជាទើបតែបានដើរលើលទ្ធិប្រជាធិប្រជាធិបតេយ្យជាង ២០ឆ្នាំប៉ុណ្ណោះ។
កញ្ញា កឹម មនោវិទ្យា អគ្គនាយករងកិច្ចការសាធារណៈ របស់អតីតគណបក្សសង្គ្រោះជាតិបានថ្លែងក្នុងវេទិកាវិទ្យុសំឡេងសហរដ្ឋអាមេរិកកាលពីពេលកន្លងទៅថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានស្លាប់បាត់ទៅហើយ តាំងតែពីពេលដែលគណបក្សប្រជាជនកម្ពុជា កំពុងដឹកនាំប្រទេសសព្វថ្ងៃចាប់ខ្លួនលោក កឹម សុខា ប្រធានណបក្សសង្គ្រោះជាតិ និងការត្រូវបានតុលាការកំពូលចេញសាលដីការំលាយគណបក្សនេះ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ម្លេះ។

កញ្ញា កឹម មនោវិទ្យា ៖«លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានស្លាប់នៅពេលដែលមានការចាប់ខ្លួនលោក កឹម សុខា ធ្វើឲ្យគណបក្សសង្គ្រោះជាតិទាំងមូលលែងមានដំណើរការ ជាគណបក្សមួយដែលអាចប្រកួតជាមួយគណបក្សកាន់អំណាច អញ្ចឹងលទ្ធិប្រជាធិបតេយ្យពីរខែហ្នឹងលែងដើរបាត់ទៅ តាំងពីមិនទាន់រំលាយគណបក្សសង្គ្រោះជាតិម្លេះ»។
ចំណែកលោក មឿន តុលា នាយកប្រតិបត្ដិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធមនុស្ស ហៅកាត់ថា (Central) មានប្រសាសន៍ថា ស្ថានការណ៍នយោបាយដែលវិវដ្ដនាពេលចុងក្រោយនេះ គឺលំបាកឲ្យគេមើលឃើញថា មានលទ្ធិប្រជាធិបតេយ្យណាស់ ដែលលោកលើកយកករណីចាប់តំណាងរាស្ដ្រទាំងកណ្ដាលយប់ និងការអនុវត្ដនីតិវិធីច្បាប់ដែលមានស្ដង់ការចំពោះមន្ដ្រីក្នុងបក្សក្រៅរដ្ឋាភិបាល និងមន្ដ្រីក្នុងបក្សរដ្ឋាភិបាល។

លោក មឿន តុលា៖«យើងឃើញហើយថា ការអនុវត្ដកន្លងមកមានការចាប់តំណាងរាស្ដ្រនៅពាក់កណ្ដាលយប់ ដែលវាខុសពីនីតិវិធីព្រហ្មទណ្ឌ ហើយការអនុវត្ដច្បាប់នៅស្រុកខ្មែរយើង គឺមានលក្ខណៈជាស្ដង់ដាពីរខុសគ្នា អញ្ចឹងបញ្ហានេះគឺជាឧបសក្គមួយដែលពិបាកដែលធ្វើឲ្យកម្ពុជាមានលទ្ធិប្រជាធិបតេយ្យណាស់»។
គួរជម្រាបថា មកដល់ពេលនេះមិនថាតែសមាជិកអតីតគណបក្សសង្គ្រោះជាតិ ដែលហៅលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាថា បានស្លាប់បន្ទាប់ពីតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ សូម្បីតែមតិអន្តរជាតិមួយចំនួនមានដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ស៊ុយអែត សុទ្ធតែហៅលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ថា កំពុងដើរថយក្រោយ និងគួរឲ្យព្រួយបារម្ភ។
បែបនេះក្ដី ប្រមុខរដ្ឋាភិបាល សម្ដេច ហ៊ុន សែន នៅក្នុងជំនួបជាមួយកម្មករ កម្មការិនី កាលពីថ្ងៃអាទិត្យ ទី១៧ ធ្នូ សម្ដេចបាន អះអាងពីឯករាជ្យភាពរបស់កម្ពុជា គឺមិនស្ថិតក្រោមប្រទេសណាមួយឡើយ ។ ក្នុងឱកាសនោះ សម្ដេចនាយករដ្ឋមន្ត្រី បានពន្យល់ពីការបោះឆ្នោតសភា នៅឆ្នាំក្រោយនេះ គឺត្រូវតែធ្វើឡើងទោះជាគ្មានសហគមន៍អន្តរជាតិទទួលស្គាល់ក្ដី ព្រោះការបោះឆ្នោតមានបក្សជាច្រើនចូលរួម ដែលមានន័យថា កម្ពុជាមានប្រជាធិបតេយ្យរបស់ខ្លួនរួចហើយ៕