ភ្នំពេញ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីថាអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការលើកកម្ពស់សិទ្ធិស្រ្តីយល់ខុសចំពោះការប្រើពាក្យ «មីស្រី» របស់លោក ហ៊ុន សែន ក្នុងពិធីសម្ភោធស្ពានទន្លេបាសាក់ នៅខេត្តកណ្តាល កាលពីថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០១៥ កន្លងទៅថ្មីៗនេះ។
បន្ទាប់ពីលោក ហ៊ុន សែន បានប្រើប្រាស់ពាក្យ «មីស្រី» ពាក្យ «ញី» ក្នុងពិធីសម្ភោធ «ស្ពានទន្លេបាសាក់» រួចមក អង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការលើកកម្ពស់សិទ្ធិស្រ្តីប្រមាណជាង ៥០ ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍រួមភ្លាមៗថា ការប្រើប្រាស់ពាក្យ «មីស្រី» ពាក្យ «ញី» បានធ្វើឱ្យមានផលប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ស្ត្រី និងសង្គមជាតិទាំងមូល។

លោកស្រី រស់ សុភាព នាយិកាអង្គការយេនឌ័រនិងអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា៖ «សម្តេចជាថ្នាក់ដឹកនាំកំពូលរបស់ប្រទេសពុំគួរមានប្រសាសន៍ ឬប្រើប្រាស់ពាក្យសម្តីពុំគប្បីបែបនេះឡើយនៅក្នុងទីសាធារណៈ។ ការប្រើប្រាស់ពាក្យសម្តីពុំសមរម្យលើស្តី្រអាចបណ្តាលឱ្យស្ត្រីទាំងអស់មិនពេញចិត្ត បាត់បង់ទំនុកចិត្តចំពោះថ្នាក់ដឹកនាំ ព្រមទាំងគិតថាតម្លៃរបស់ស្ត្រីនៅក្នុងសង្គមមិនបានការពារពិតប្រាកដនោះទេ…។ ទោះបីមានកំហឹងខ្លាំងយ៉ាងណាក៏ដោយ ក៏មិនត្រូវប្រើកំហឹងមកជះបែបនេះ ចេញជាសាធារណៈឡើយ ព្រោះធ្វើឱ្យប៉ះពាល់ដល់មនុស្សជាច្រើននៅក្នុងសង្គម»។
ដូចគ្នានេះដែរ នាយិកាមណ្ឌលព័ត៌មានស្រ្តីកម្ពុជា លោកស្រី ជា ស៊ុនដាណែត បានមានប្រសាសន៍ថា ការប្រើប្រាស់ពាក្យ «មី» នៅក្នុងទីសាធារណៈវាមិនមែនជារឿងសមរម្យទេ ចំពោះសម្តេចដែលជាប្រមុខដឹកនាំប្រទេស ពីព្រោះការប្រើពាក្យ «មី» ឬ «មីស្រី» នេះ ជាការមិនផ្ដល់តម្លៃដល់ស្ត្រីភេទ។ ក៏ប៉ុន្តែលោកស្រីបានបញ្ជាក់បន្ថែមផងដែរថា ប្រសិនបើប្រមុខថ្នាក់ដឹកនាំប្រើពាក្យហ្នឹងនៅក្នុងក្រុមគ្រួសារ ឬជាលក្ខណៈឯកជន វាមិនមែនជាបញ្ហាធំដុំនោះទេ ព្រោះថាគ្រួសារខ្មែរនៅតាមតំបន់មួយចំនួនដូចជាក្នុងខេត្តកំពង់ចាមជាដើមក៏មានទម្លាប់ហៅគ្នាថា «មី» ឬ «ហង» ផងដែរ។

លោក ឆាយ គីមស័រ តំណាងបណ្តាញបុរសកម្ពុជាក៏បានប្រាប់មណ្ឌលព័ត៌មានស្ត្រីដែរថា បណ្តាញអង្គការមិនមែនរដ្ឋាភិបាលបានចាត់ទុកពាក្យសម្តីទាំងនេះ ពិតជាបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ស្រ្តី នៅក្នុងសង្គមជាតិទាំងមូល វាជាឧបសគ្គរារាំងដល់ការចូលរួមរបស់ស្រ្តីក្នុងវិស័យនានា ហើយប្រការនេះក៏នឹងអាចជះឥទ្ធិពលជាគំរូមិនល្អទៅដល់មន្រ្តីក្រោមឱវាទដទៃទៀត និងមនុស្សជំនាន់ក្រោយ ដែលអាចនឹងយកតម្រាប់តាម។
ឆ្លើយតបនឹងការលើកឡើងរបស់តំណាងបណ្តាអង្គការមិនមែនរដ្ឋាភិបាល លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់ថា៖ «ខ្ញុំជឿថាប្រតិកម្មនេះ ហួសពីដែនកំណត់ ហើយបើស្ត្រីទាំងអស់នោះចង់ដាក់ខ្លួនឱ្យទាបស្មើនឹងស្ត្រីដែលបង្ករហិង្សានៅទីលានសាធារណៈ ដែលប៉ះពាល់ដល់អ្នកដទៃនោះ ទទួលយកចុះក្នុងការនិយាយនេះ ព្រោះសម្តេចលោកនិយាយគឺតែបុគ្គលទេ មិនមែនស្ត្រីទាំងអស់នោះទេ»។ ការលើកស្ទួយនារីភេទ សម្តេចជាអ្នកដឹកនាំមុខគេ… ការលើកឡើងរបស់អង្គការមិនមែនរដ្ឋាភិបាលនៅពេលនេះគ្រាន់តែដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាល និងធ្វើឱ្យគេចាប់អារម្មណ៍តែប៉ុណ្ណោះ។
លើសពីនេះទៀត លោកបានសង្កត់ធ្ងន់ទៀតថា អង្គការមិនមែនរដ្ឋាភិបាលទាំងនោះ គួរតែពិចារណាពាក្យ «ស្រី» ហើយពាក្យ «មី» ប្រើប្រាស់ជាពាក្យស្នឹទ្ធស្នាលទូទៅនៅតាមជនបទ… ប្រើសម្រាប់សម្គាល់នារីមានភាពវ័យក្មេង ប្រហែលជាអង្គការមិនមែនរដ្ឋាភិបាលនោះ ទើបនឹងមកពីបរទេសមិនទាន់យល់ច្បាស់ពីសង្គមខ្មែរ ហើយទាំងនេះជាវប្បធម៌នៅក្នុងសង្គមខ្មែរ។
គួររម្លឹកផងដែរថា ក្នុងពិធីសម្ភោធ «ស្ពានទន្លេបាសាក់» នៅខេត្តកណ្តាល ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន បានលើកឡើងថា៖ «នៅក្នុងចំណោមអ្នកដែលវ៉ៃដ៏សាហាវនឹងមានស្រីម្នាក់ ទាត់ឈូសដូចពួកកីឡាកាសអញ្ចឹង តាមចាប់មីស្រីហ្នឹងមួយឲ្យបានមើល៍ ! អាហ្នឹងគេមិនមែនហៅនារីទេណា នេះគេហៅ មីស្រី ឬគេហៅញី។ លេងវ៉ៃ សុទ្ធតែធាក់សុទ្ធតែ វាហួសហេតុពេក។ មិនមែនជាការរំលោភលើសិទ្ធស្ត្រីទេណា ប៉ុន្តែវាអាក្រក់ហួស អញ្ចឹងលោកប៉ូលិសនៅតែបន្តការងារ»៕