ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានផ្តល់អនុសាសន៍ដល់ធនាគារជាតិ បង្កើតនូវធនា គារមួយដែលផ្តល់កម្ចីអត្រាការប្រាក់ទាបសម្រាប់អ្នកមានបំណងទិញរថយន្តដឹកកម្មករកាតដេរ ដែលរថយន្តទាំងនោះ បានតម្លើងនៅក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុនកូរ៉េ ឈ្មោះថា Daehan Auto Cambodia។
ការលើកឡើងរបស់សម្តេច ហ៊ុន សែន នេះធ្វើឡើងក្នុង ពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីមកពីរោងចក្រចំនួន ៣២ នៃតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិត ខេត្តស្វាយរៀងនៅថ្ងៃទី១០ ឧសភានេះ។
សម្តេចបានបន្តលើកឡើងថា ការជំរុញលើកទឹកចិត្តសម្រាប់អ្នកមានបំណងទិញរថយន្តដឹកកម្មករពីក្រុមហ៊ុន Daehan Auto Cambodia គឺដើម្បីធានាសុវត្ថិភាពក្នុងការដឹកជញ្ជូនកម្មករ ព្រោះរថយន្តនេះមានលក្ខណស្តង់ដាសុវត្ថិភាពល្អប្រសើរ ដែលអាចធានាដល់ការធ្វើដំណើររបស់កម្មករកាត់ដេរ។
សូមស្តាប់ប្រសាសន៍របស់សម្តេច ហ៊ុន សែន

យោងតាមទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន នៅថ្ងៃនេះដែរ សម្តេចដាក់ក្តីរំពឹងថា ការផ្តល់កម្ចីប្រាក់ដែលមានអត្រាការប្រាក់ទាបនេះ នឹងជួយអោយសេវាដឹកជញ្ជូនកម្មករនៅទូទាំងប្រទេសកាន់តែសុវត្ថិភាពល្អប្រសើរឡើង។ ទន្ទឹមនឹងនេះ សម្តេចសង្ឃឹមថា រោងចក្រនឹងផលិតតម្លើងរថយន្តដែលមានគុណភាពនិងសុវត្ថិភាពនៅកម្ពុជា។
បើតាមរូបភាពដែលបង្ហោះលើទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន រថយន្តដឹកកម្មករនោះ ជាប្រភេទរថយន្តកូរ៉េ មានដំបូល។ ចំណែកផ្ទៃក្នុងនៃរថយន្តមានកៅអីចំនួន៤ ជួរ ដោយក្នុងមួយជួរអាចអង្គុយបានមនុស្ស ៧នាក់។

របាយការណ៍របស់ ប.ស.ស បញ្ជាក់ថា ហានិភ័យគ្រោះថ្នាក់ការងាររបស់កម្មកររោងចក្រសម្រាប់ឆ្នាំ២០១៧សរុប ៣៥ ២៥៨នាក់ កើនឡើងបើធៀបទៅនឹងឆ្នាំមុនមាន ២៦ ០៨៩នាក់។
ក្នុងនោះហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍សរុបមាន ៨៨៩០នាក់ កើនឡើង បើធៀបនឹងឆ្នាំមុនមាន៧១៧៣នាក់។ ហើយនៅឆ្នាំ ២០១៧នេះ អត្រាគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យកម្មកររោងចក្រស្លាប់មានចំនួន ១៦២នាក់ បន្តកើនឡោះងបើធៀបនឹងឆ្នាំមុនមាន ១៤២នាក់៕