ភ្នំពេញ ៖ តាមរបាយការណ៍ស្រាវជ្រាវរបស់អង្គការ ហេឡែន ខេលល័រ អន្តរជាតិ(Helen Keller International) បានរកឃើញថា កុមារកម្ពុជារស់ នៅតាមទីជនបទ កំពុងជួបបញ្ហាខ្វះអាហារូបត្ថម្ភខ្ពស់ជាងកុមាររស់នៅទីក្រុងចំនួន ១០ ភាគរយ ក្នុងចំណោមកុមារជនបទចំនួន ៣៤ ភាគ រយ ពោលគឺស្របពេលទិវាជាតិអាហារូបត្ថម្ភលើកទី ៣ ក្រោមប្រធានបទ«អនាម័យនិងអាហារូបត្ថម្ភល្អ ជួយឲ្យកុមារលូតលាស់ល្អ» នៅថ្ងៃទី ៦ ខែវិច្ឆិកានេះ។

របាយការណ៍អង្គការ ហេឡែន ខេលល័រ អន្តរជាតិ ក៏បង្ហាញថា កុមារកម្ពុជាអាយុក្រោម ៥ ឆ្នាំ ចំនួន ៣២% គឺប្រឈមមុខនឹងបញ្ហាខ្វះអាហារូប ត្ថម្ភរ៉ាំរ៉ៃ បណ្ដាលឲ្យកុមារទាំងនោះកើតជំងឺក្រិសក្រិន។
របាយការណ៍ដដែលបានបញ្ជាក់ថា នៅក្នុងចំណោមកុមារក្រោមអាយុ ៥ ឆ្នាំ នៃចំនួន ៣២ ភាគរយ បានជួបបញ្ហាជំងឺក្រិសក្រិន។ ចំណែក ២៤ ភាគរយ កុមារមានបញ្ហាទម្ងន់ទាបធៀបទៅនឹងអាយុ ភាគច្រើនស្ថិតនៅខេត្ត បាត់ដំបង សៀមរាម និង ពោធិ៍សាត់។
លើសពីនេះ ប្រជាជានចំនួន ៤១ ភាគរយ រស់នៅជនបទខ្វះប្រភពទឹកស្អាតប្រើប្រាស់ ពិសេសនៅរដូវប្រាំង និងប្រជាជនរស់នៅជនបទជាង ៥០ ភាគរយ កង្វះអនាម័យ គឺជាមូលហេតុបណ្តាលឲ្យកង្វះអាហារូបត្ថម្ភកុមារ ដែលកុមារអាចប្រឈមទៅនឹងជំងឺក្រិសក្រិន ស្គមស្គាំង ហើយធ្ងន់ធ្ងរជាងនេះអាចបណ្តាលឲ្យកុមារស្លាប់ថែមទៀត។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ៤ វិច្ឆិកា នាយកបេសកម្មទីភ្នាក់ងារ USAID លោក Polly Dunford បានឲ្យដឹងថា ដើម្បីរូមចំណែកក្នុងធ្វើឲ្យប្រសើរឡើងនៃបញ្ហាអាហារូបត្ថម្ភនៅក្នុងប្រទេសកម្ពុជា យើងទាំងអស់គ្នាត្រូវរួមចំណែកកាត់បន្ថយភាពអត់ឃ្លាន និងការខ្វះអាហារូបត្ថម្ភទាំងអស់គ្នា។ លោកថា ប្រសិនបើយើងទាំងអស់គ្នាកែលម្អអនាម័យ និងអាហាររូបត្ថម្ភ គឺយើងអាចជួយកុមាររីកលូតលាស់ ដោយស្មើភាពគ្នានោះ យើងអាចជួយឱ្យប្រទេសកម្ពុជារីកចម្រើនផងដែរ»។
លោក យឹម ឆៃលី ប្រធានក្រុមប្រឹក្សាវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ ថ្លែងតាមរយៈសេចក្តីថ្លែងការណ៍ថា ភស្តុតាងជាច្រើនបានបង្ហាញយ៉ាងច្បាស់ថា ទឹកស្អាត ការអនាម័យ និងអាហារូបត្ថម្ភ គឺជាអ្វីដែលយើងរួមគ្នាក្នុងការកាត់បន្ថយផលប៉ះពាល់ជាអតិបរមានៃកុមារ។ ពិសេសយើងទាំង អស់គ្នារួមគ្នាផ្សព្វផ្សាយព័ត៌មាននៃអាហារូបត្ថម្ភឲ្យបានទូលំទូលាយ ដើម្បីកិច្ចគាំពារសុខភាព និងលើកកម្ពស់អាហារូបត្ថម្ភ។
តាមរយៈសេចក្តីថ្លែងការណ៍នេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ រួមគ្នាកាត់បន្ថយអត្រាជំងឺក្រិសក្រិននៃកុមារ តាមនយោបាយស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភឆ្នាំ ២០១១ ដល់ឆ្នាំ២០២៥។ សម្តេចក៏បាន អំពាវនាវឲ្យមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីបញ្ហានេះផងដែរ៕