សមាជិកគណៈរដ្ឋមន្ត្រី មួយចំនួនរបស់ ប្រធានាធិបតីចាញ់ឆ្នោតលោក Yahya Jammeh បានសម្រេច លាលែងពីតំណែង នៅថ្ងៃនេះ បន្ទាប់ពី ពួកគេមិនអាចបញ្ចុះបញ្ចូលលោក Jammeh អោយចុះចេញពីអំណាចបាននោះ។
តាមបណ្ដាញផ្សាយព័ត៌មានBBC រដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោក Sheriff Bojang ដែលបានសម្រេចលាលែងពីតំណែង បាននិយាយថា មិនមានតែរូបលោកម្នាក់ទៀតដែលសម្រេចលាលែងពីតំណែងនោះ គឺ នៅមានរដ្ឋមន្ដ្រីជាច្រើនទៀតក៏បានលាលែងពីតំណែងផងដែរ បើទោះបីជាពួកគេមិនបានបញ្ចេញឈ្មោះក៏ដោយ។
លោករដ្ឋមន្ដ្រីក្រសួងព័ត៌មានរូបនេះបានបញ្ជាក់ថា ការលាលែងពីតំណែងរបស់លោកធ្វើឡើងនៅថ្ងៃនេះ គឺ ជាការឆ្លើយតបឆន្ទះរបស់ប្រជាជន Gambia ដែលត្រូវការមេដឹកនាំថ្មី ។ ប៉ុន្ដែទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានឱ្យដឹងថា លោក Bojang ដែលបានប្រកាសលាលែងពីតំណែងនេះ គឺ បន្ទាប់ពីលោកបានប៉ះទង្គិចសម្ដីនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រីជាមួយលោក Jammeh ហើយភ្លាមនោះប្រធានាធិបតីចាញ់ឆ្នោតរូបនេះ បានបណ្ដេញលោកពីតំណែងភ្លាម។
បន្ទាប់ពីចាកចេញពីកិច្ចប្រជុំលោករដ្ឋមន្ដ្រីក្រសួងព័ត៌មានរូបនេះ បានព្រមានថា លោក Jammeh អាចនឹងត្រូវតុលាការព្រហ្មទណ្ឌអន្ដរជាតិ ICC កោះហៅករណីដែលលោកបានរំលោភអំណាចធ្ងន់ធ្ងរក្នុងអំឡុងនៃការកាន់អំណាចរយៈពេល ២២ឆ្នាំ។ មិនមានត្រឹមតែមានការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីនោះទេ សូម្បី ឧត្តមសេនីយមួយចំនួនក៏បានរត់ភៀសខ្លួនទៅក្រៅប្រទេសដែរ បន្ទាប់ពីពួកគាត់មិនអាចទទួលតំណែងរបស់ពួកគេដែលប្រឆាំងឆន្ទៈរបស់ម្ចាស់ឆ្នោត៕ ប្រភព:BBC