ភ្នំពេញ៖ ដូចការគ្រោងទុកនៅព្រឹកថ្ងៃព្រហស្បត្តិ៍ទី ០៩ មិថុនានេះ រដ្ឋសភាបានបើកិច្ចប្រជុំពេញអង្គដើម្បីឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឆ្លើយសំនួរផ្ទាល់មាត់ តាមសំណើររបស់អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បើទោះជាអ្នកតំណាងរាស្ត្របក្សប្រឆាំងទាំងអស់ពហិការមិនចូលប្រជុំឡើយ។

នៅចំពោះមុខអ្នកតំណាងរាស្ត្រចំនួន ៥៩ រូប មកពីគណបក្សប្រជាជនកម្ពុជា លោករដ្ឋមន្ត្រីអង្គវង្ស វឌ្ឍានា បានថ្លែងថា ក្រសួងរបស់លោកមិនបានប្រើអំណាចហួសព្រំដែនលើប្រព័ន្ធតុលាការឡើយ។ លោក អង្គវង្ស វឌ្ឍានា ៖«ក្រសួងយុត្តិធម៌មិនមានសិទ្ធិ ដើម្បីជ្រៀតជ្រែកទៅក្នុងការសម្រេចនានា នៅតំណើរការរឿងក្តីរបស់ចៅក្រម ឬ សាលាជម្រះក្តីដែលជាអំណាចឯករាជ្យទេ»។
លោកបានបញ្ជាក់ថា សូម្បីករណីរបស់លោក កឹម សុខា ក៏ក្រសួងមិនបានលូកដៃដែរ។ លោកបានថ្លែងបន្តថា សំនួររបស់អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមានចំនួន ៣ សំនួរ ប៉ុន្តែសំនួរចំនួន ២ ដែលមានខ្លឹមសារច្បាស់លាស់គឺ ទី១ សួរអំពីគោលការណ៍ច្បាប់ និងគោលនយោបាយព្រហ្មទណ្ឌរបស់រាជរដ្ឋាភិបាលដែលពាក់ព័ន្ធ និងការឃុំខ្លួនជនត្រូវចោទជាបណ្តោះ អាសន្ន និងអំពីគោលការណ៍ និងការអនុវត្តជាក់ស្តែង រួមទាំងអធិការកិច្ចនៃការឃុំខ្លួន។ សំនួរទី២ គឺ ការប្តឹងបរិហារ និងអំណាចអធិបញ្ជារបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៕