កូឡាឡាំពួរ ៖ ប៉ូលិសម៉ាឡេស៊ីបានដោះលែងប្រធានក្រុមចលនាប្រជាធិបតេយ្យ Bersih ឱ្យនៅក្រៅឃុំ កាលពីថ្ងៃសៅរ៍ទី ២៩ តុលាម្សិលមិញ បន្ទាប់ពីបានឃាត់ខ្លួនជាងពីរម៉ោងដើម្បីធ្វើការសាកសួរ។ ការចាប់ឃាត់ខ្លួនស្ត្រីប្រធានចលនាប្រជាធិបតេយ្យរូបនេះ កើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីគម្រោងតវ៉ាធំមួយប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ណាជីប រ៉ាសាក់(Najib Razak)។

ក្រុមអ្នកតវ៉ានិយាយថា អ្នកស្រី Maria Chin Abdullah ត្រូវបានចាប់ខ្លួននៅ Borneo ក្នុងរដ្ឋ Sabah បន្ទាប់ពីអ្នកស្រីបានចែកចាយខិត្តប័ណ្ណលើក កម្ពស់ការជួបជុំនាពេលខាងមុខរបស់ក្រុមអ្នកស្រី នៅក្នុងរដ្ឋធានីគូឡាឡាំពួប្រទេសម៉ាឡេស៊ីនៅថ្ងៃទី ១៩ ខែវិច្ឆិកា។ មន្ត្រីប៉ូលីសរដ្ឋ Sabah បានបដិសេធសុំមិនធ្វើអត្ថាធិប្បាយលើរឿងនេះនោះទេ។
នៅរយៈពេលចុងក្រោយនេះ មានការកើនឡើងនូវក្រុមចលនាប្រជាធិបតេយ្យ ឬហៅថាក្រុម Bersih 5។ ក្រុមនេះបានរៀបចំឱ្យមានសំឡេងអំពាវ នាវសុំឱ្យមានការលាលែងពីតំណែងរបស់លោក ណាជីប ដើម្បីជួយសម្រួលដល់ការស៊ើបអង្កេតក្នុងរឿងអាស្រូវពុករលួយពាក់ព័ន្ធនឹង 1Malaysia Development Berhad (1MDB) ដែលជាមូលនិធិរដ្ឋមួយបង្កើតឡើងដោយលោកនាយករដ្ឋមន្ត្រី ណាជីប រ៉ាសាក់។
កាលពីខែសីហា មនុស្សជាង ២ សែននាក់បានចេញមកតាមផ្លូវនៅទីក្រុងកូឡាឡាំពួរ ពួកគេបានប្រមូលផ្តុំគ្នា ហើយដែលត្រូវបានគេដឹងថា មាន ការរៀបចំឡើងដោយក្រុម Bersih ទាមទារឱ្យលោកនាយករដ្ឋមន្ត្រីណាជីប រ៉ាសាក់លាលែងពីតំណែងរបស់លោក៕
ប្រភពពីCNA