លោក សឺន ជុំជួន នៅខាងឆ្វេង ចំណែកលោក មាជ សុវណ្ណារ៉ា នៅខាងស្ដាំ។ រូបភាពពីហ្វេសប៊ុកលោក មាជ សុវណ្ណារ៉ា។
តុលាការខេត្តរតនគិរី សម្រេចឱ្យលោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ បន្ទាប់ពីមេបក្សរូបនេះ ចូលរួមសវនាការឆ្លើយបំភ្លឺពាក់ព័ន្ធនឹងបទចោទ «ញុះញង់» កាលពីឆ្នាំ២០២៣។ យ៉ាងណាការសម្រេចរបស់តុលាការខេត្តនេះ មិនបានប៉ះពាល់ដល់សិទ្ធិធ្វើនយោបាយរបស់លោកនោះទេ ប៉ុន្តែលោក មាជ សុវណ្ណារ៉ា និងមេធាវីការពារក្តីចាត់ទុកថា ជាការរឹតត្បិតសេរីភាពបញ្ចេញមតិ។ ទោះបែបនេះក្តី បក្សកាន់អំណាចអះអាងថា ការអនុវត្តរបស់តុលាការខេត្ត គឺត្រឹមត្រូវតាមច្បាប់ ពីព្រោះការបញ្ចេញមតិរបស់មេបក្សរូបនេះមានលក្ខណៈញុះញង់។
(កញ្ញា កែវ សុជាតា ជូនសេចក្តីរាយការណ៍)
លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី៨ ខែតុលាថា តុលាការខេត្តរតនគិរី សម្រេចមិនឃុំខ្លួនលោក ដោយតម្រូវឱ្យមេបក្សរូបនេះស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ បន្ទាប់ពីចូលរួមសវនាការឆ្លើយបំភ្លឺកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤។ ការចូលរួមសវនាការឆ្លើយបំភ្លឺនេះ លោកថា ដោយសារកាលពីឆ្នាំ២០២៣ តុលាការខេត្តរតនគិរី បានចោទប្រកាន់លោកពីបទ «ញុះញង់ឱ្យមានការរើសអើង» ពាក់ព័ន្ធនឹងសកម្មភាពលោកចេញវីដេអូនិយាយអំពីចម្ការកៅស៊ូ និងចម្ការចេករបស់ក្រុមហ៊ុនវៀតណាមនៅលើទឹកដីខេត្តរតនគិរី ដែលពលរដ្ឋខ្មែរបានទៅធ្វើការ ប៉ុន្តែទទួលបានប្រាក់ឈ្នួលតិចជាងកម្មករវៀតណាម។
ទោះបីជាតុលាការសម្រេចមិនឃុំខ្លួន តែឱ្យលោក មាជ សុវណ្ណារ៉ា ត្រូវស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនេះ ដោយភ្ជាប់លក្ខខណ្ឌចំនួន ៤ចំណុច៖ ទី១. មិនឱ្យធ្វើសកម្មភាពនានាដូចជា អំពើញុះញង់ឱ្យមានការរើសអើង ឫប្រព្រឹត្តឱ្យមានការរើសអើងតាមគ្រប់រូបភាព និងមធ្យោបាយណាដែលអំពើប្រព្រឹត្តទាំងនោះ បណ្តាលឱ្យប៉ះពាល់ដល់របៀបរៀបរយសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាដើម។ ទី២. មិនត្រូវផ្លាស់ប្តូរទីលំនៅឋានដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ។ ទី៣. ត្រូវចូលទៅបង្ហាញខ្លួនតាមការកំណត់នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្នុងអំឡុងពេល ២ខែម្តងជារៀងរាល់ដើមខែ រហូតដល់បញ្ចប់នីតិវិធីតុលាការ។ និងទី៤. ត្រូវឆ្លើយតបនឹងដីកាកោះហៅពីគ្រប់បុគ្គល ដែលចាត់តាំងដោយចៅក្រមស៊ើបសួរ។
លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី។
លោក មាជ សុវណ្ណារ៉ា៖ «ប៉ុន្តែអារឿងចេញក្រៅ អារឿងធ្វើនយោបាយគេអត់ហាមឃាត់ទេ អាហ្នឹងជាចំណុចដែលយើងឃើញថា ទោះបីយ៉ាងម៉េចក្នុងនាមយើងជាប្រធានគណបក្សនយោបាយក្រៅរដ្ឋាភិបាល គណបក្សជំនាន់ថ្មី យើងចង់បានសិទ្ធិសេរីភាពពេញលេញឱ្យតុលាការហ្នឹងទម្លាក់បទចោទ ពីបទញុះញង់ឱ្យមានការរើសអើង ព្រោះអ្វីដែលខ្ញុំបានអត្ថាធិប្បាយក្នុងឃ្លិប (វីដេអូ) ជាង ២នាទី គឺខ្ញុំផ្ដោតសំខាន់ចង់ឃើញថា ហេតុអ្វីបានជាកម្មករខ្មែរមានប្រាក់ឈ្នួលប្រចាំថ្ងៃ វាតិចជាងប្រាក់ឈ្នួលកម្មករវៀតណាម នៅក្នុងស្រុកលំផាត់ដែលខ្ញុំបានអត្ថាធិប្បាយកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣តែប៉ុណ្ណឹង។ ខ្ញុំគ្មានចេតនា ឬបំណងណាដែលមានជាភាពញុះញង់ បង្កការរើសអើង»។
ឆ្លើយតបទៅនឹងការដាក់លក្ខខណ្ឌទាំងនោះ លោក សឺន ជុំជួន មេធាវីការពារក្ដីឱ្យលោក មាជ សុវណ្ណារ៉ា បញ្ជាក់ដែរថា ការដាក់លក្ខខណ្ឌមកលើកូនក្ដីរបស់លោកនេះ ទោះបីមិនប៉ះពាល់ដល់ការធ្វើនយោបាយរបស់មេបក្សជំនាន់ថ្មីក្ដី ប៉ុន្តែសិទ្ធិសេរីភាពនៃបញ្ចេញមតិផ្សេងៗរបស់កូនក្ដីលោក ត្រូវបានរឹតត្បិត។ លោកយល់ថា ក្នុងនាមកូនក្ដីរបស់លោកជាមេដឹកនាំគណបក្សនយោបាយមួយ គឺត្រូវការសិទ្ធិសម្ដែងមតិពេញលេញជាសំខាន់ ដ្បិតអ្នកនយោបាយប្រសិនគ្មានសិទ្ធិសម្ដែងមតិ រិះគន់ ក្នុងន័យស្ថាបនាទេ នោះមិនមែនជាអ្នកនយោបាយនោះឡើយ។
លោក សឺន ជុំជួន រូបភាពពីហ្វេសប៊ុករបស់លោក។
លោក សឺន ជុំជួន៖ «តុលាការគាត់អនុវត្តទៅតាមគោលការណ៍សេរី ដោយមិនមានការឃុំខ្លួនគាត់ ប៉ុន្តែយើងរង់ចាំមើលថា ដោយសារយើងស្នើសុំឱ្យមានការលើកលែងការបទចោទប្រកាន់ អ៊ីចឹងទៅយើងរង់ចាំមើលដីកាដំណោះស្រាយថាជាប់ ឬមិនជាប់របស់តុលាការមើលតើគាត់មានវិធានការយ៉ាងណាបន្តទៀត? គាត់បើកអង្គជំនុំជម្រះ ឬក៏លើកលែងពីការចោទប្រកាន់អី អាហ្នឹងចាំយើងបន្តនីតិវិធីឡើងវិញ»។
ជុំវិញរឿងនេះ លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់វិទ្យុស្ដ្រីថា តុលាការខេត្តរតនគិរី គ្រាន់តែហាមមិនឱ្យមេបក្សរូបនេះ ធ្វើសកម្មភាពផ្សេងៗដែលមានលក្ខណៈញុះញង់ឱ្យមានការរើសអើងគ្រប់រូបភាពតែប៉ុណ្ណោះ ដូច្នេះប្រសិនជាលោក សុវណ្ណារ៉ា មិនបានធ្វើសកម្មភាពញុះញង់ទេ គឺមិនប៉ះពាល់ដល់សិទ្ធិធ្វើនយោបាយរបស់មេបក្សរូបនេះឡើយ។ ការដាក់បម្រាមមិនឱ្យធ្វើសកម្មភាពលក្ខណៈញុះញង់នេះ លោកយល់ថា ជាការអនុវត្តដ៏ត្រឹមត្រូវ ពីព្រោះអំពើញុះញង់ គឺនាំឱ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុងរបស់ជាតិ ហើយក៏មិនមែនជាសិទ្ធិសេរីភាពបញ្ចេញមតិនោះដែរ។ អ្នកនាំពាក្យបក្សអំណាចសង្កត់ធ្ងរថា ក្នុងមាត្រា៤១ ជំពូក៣ នៃរដ្ឋធម្មនុញ្ញ ចែងថាពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិសេរីភាពក្នុងបញ្ចេញមតិ ប៉ុន្តែលើកលែងថាកុំប្រើសិទ្ធិនោះប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ និងប៉ះពាល់ដល់សន្តិសុខជាតិ។
លោក សុខ ឥសាន្ត៖ «គេហាមកុំឱ្យតែញុះញង់ ព្រោះការញុះញង់នាំឱ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុងជាតិ អាហ្នឹងអ្នកណាក៏ដោយមិនមែនតែប្រធានគណបក្ស ឬសមាជិកគណបក្ស ឬពលរដ្ឋទូទៅទេ អាហ្នឹងគេហាមកុំឱ្យញុះញង់ អ៊ីចឹងបើអត់ញុះញង់ទេ តើយើងត្រូវខ្លាចអ្វី? គាត់ហ្នឹងចូលចិត្តតែអ៊ីចឹង គ្រាន់តែនិយាយថាគេហាមមិនឱ្យញុះញង់ តែគាត់ថាបិទសិទ្ធិគាត់មិនឱ្យធ្វើនយោបាយក្នុងនាមជាប្រធានគណបក្ស គេមិនហាមមិនឱ្យគាត់ធ្វើសកម្មភាពនយោបាយណា គេមានហាមអ៊ីចឹងណា គេបើកទូលាយឱ្យធ្វើសកម្មភាពនយោបាយ គាត់ដឹងហើយតួនាទីភារកិច្ចរបស់គាត់ជាប្រធានបក្សនយោបាយគាត់ដឹងហើយថាត្រូវធ្វើអី ក៏ប៉ុន្តែអានេះគាត់ធ្វើមិនយល់ គាត់ចេះតែចង់បំពានច្បាប់អ៊ីចឹង អាហ្នឹងម៉េចទៅមិនរួច គាត់ចង់ពង្រីកសិទ្ធិគាត់ឱ្យលើសព្រំដែន»។
បើតាមលោក សុខ ឥសាន្ត រាល់ការដាក់បម្រាមរបស់តុលាការ មកលើគណបក្សជំនាន់ថ្មីក្ដី និងគណបក្សប្រឆាំងផ្សេងទៀត គឺអនុវត្តត្រឹមត្រូវទៅច្បាប់ ព្រោះដោយសារពួកគេមិនបានប្រើប្រាស់សិទ្ធិរបស់ខ្លួនឡើយ ពោលពួកគេបញ្ចេញមតិជាលក្ខណៈញុះញង់។ ជាក់ស្ដែងលោកលើកយក ករណីលោក សុន ឆ័យ អតីតអនុប្រធានគណបក្សភ្លើងទៀន បាននិយាយថា គណបក្សប្រជាជនកម្ពុជា បង្កើតឡើងដោយយួន ខណៈគណបក្សនេះបានធ្វើនយោបាយជាង ៧០ឆ្នាំហើយ និងមានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរជារៀងរាល់ការបោះឆ្នោតម្ដងៗ។
លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។ រូបភាពពីបណ្ដាញសង្គម។
លោក សុខ ឥសាន្ត៖ «អាហ្នឹងហើយដែលថាញុះញង់នោះ អាហ្នឹងហើយដែលថាលាបពណ៌នោះ ការឃោសនា យុទ្ធនាការឃោសនាបោះឆ្នោតក្ដី ការធ្វើនយោបាយក្ដីគេមិនឱ្យប្រើពាក្យប៉ះពាល់កត្តិយសអ្នកដទៃទេ ទោះបីជាគាត់ជាប្រធានបក្សក៏ដោយ ហើយអនុប្រធានបក្សហ្នឹងវាមានអីក្រៅពីពលរដ្ឋ ហើយបើពលរដ្ឋត្រូវគោរពសិទ្ធិពលរដ្ឋ ត្រូវអនុវត្តសិទ្ធិពលរដ្ឋមិនអ៊ីចឹង មិនមែនគាត់អាងជាមាជ សុវណ្ណារ៉ា ជាប្រធានគណបក្ស ហើយសុន ឆ័យ ជាប្រធានគណបក្ស គាត់ធ្វើអីតាមចិត្តណា។ គាត់មានកាតព្វកិច្ច ករណីយកិច្ចគោរពច្បាប់ ហើយគាត់ជាគំរូគេផងត្រូវគោរពហ្នឹង មិនមែនអាងអាញ់ជាប្រធានបក្ស ឬជាអនុប្រធានបក្សធ្វើអីតាមចិត្តនោះទេ»។
យ៉ាងណាលោក សុវណ្ណារ៉ា បន្ថែមថា ទោះបីលក្ខខណ្ឌដែលតុលាការដាក់ឱ្យលោកអនុវត្តនេះ មិនប៉ះពាល់ដល់ការធ្វើនយោបាយក្ដី ប៉ុន្តែលក្ខខណ្ឌទាំងនោះ ជាការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ។ លោកថាក្នុងនាមជាមេដឹកនាំគណបក្សជំនាន់ថ្មី ការទទួលបានសិទ្ធិសេរីភាពពេញលេញ មិនមានការរំខាន គឺធ្វើឱ្យលោកក្លាយជាអ្នកនយោបាយមួយដែលស្អាតស្អំ គោរពច្បាប់របស់ប្រទេស និងជាអ្នកនយោបាយមួយដែលចូលរួមចំណែកដោះស្រាយទុក្ខលំបាករបស់ជាតិ ហើយនិងទុក្ខលំបាករបស់ប្រជាពលរដ្ឋ។
លោក មាជ សុវណ្ណារ៉ា៖ «បាទ! នេះជាការរឹតត្បិតសិទ្ធិសេរីភាពហើយ តែជារឿងធម្មតាយើងមាននីតិវិធីក្នុងការតតាំងក្ដីរបស់យើងតាមរយៈមេធាវី ព្រោះសំណុំរឿងនេះបើយើងនិយាយទៅអាចថាជាហេតុផលនយោបាយ ឬក៏ជាព្រហ្មទណ្ឌបែបណា គឺយើងមិនមានការសន្និដ្ឋានទេ ក្រៅពីអ្វីដែលយើងរៀបចំនីតិវិធី ដំណោះស្រាយរឿងក្ដីក្ដាំដោយមេធាវីរបស់ខ្ញុំបាទ!»។
លោក មាជ សុវណ្ណារ៉ា ធ្លាប់ជាអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រចាំនៅខេត្តបន្ទាយមានជ័យ ហើយលោកក៏ធ្លាប់ជាប់ពន្ធនាគារចំនួនពីរលើក ពាក់ព័ន្ធនឹងរឿងនយោបាយ។ លើកទី១ លោកជាប់ពន្ធនាគារ ដោយសារការដឹកនាំចលនាកូដកម្ម ដែលបានប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យ កាលពីឆ្នាំ២០១៤ និងលើកទី២ លោកក៏ទទួលរងបទចោទដដែលពីតុលាការផងដែរ៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី