ភ្នំពេញ៖ មេធាវីការពារក្តីឱ្យ លោក ណៃ វង់ដា គឺលោក ទ្បោ ជុនធី មានជំនឿចិត្តថាកូនក្តីរបស់លោកអាចនឹងរួចផុតពីការចោទប្រកាន់ ដោយសារតែលោក ណៃ វង់ដា មិនបានប្រព្រឹត្តខុសទៅនឹងបទចោទសូកប៉ាន់សាក្សីនោះទេ ព្រោះការផ្តល់ថវិកា នោះគ្រាន់តែជាការជួយទៅដល់ជនរងគ្រោះដែលត្រូវការអាដហុកជួយតែប៉ុណ្ណោះ។ ប្រពន្ធលោក ណៃ វង់ដា ក៏បានសុំអង្វរឱ្យតុលាការដោះលែងប្ដីខ្លួនដែរ។

មេធាវីការពារក្តីឱ្យមន្ត្រីអាដហុកមួយរូបគឺលោក ទ្បោ ជុនធី បានលើកទ្បើងថា កូនក្តីរបស់លោក គឺលោក ណៃ វង់ដា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញហៅមកសាកសួរបន្ថែមជុំវិញបទចោទប្រកាន់ពីបទសូកប៉ាន់សាក្សី។ មេធាវីរូបនេះបញ្ជាក់ថា ការសាកសួរនេះដឹកនាំដោយចៅក្រមស៊ើបសួរ គឺលោក ធាម ចាន់ពិសិដ្ឋ។
មេធាវីការពារក្តីឱ្យលោក ណៃ វង់ដា បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅថ្ងៃទី២១មិថុនានេះថា ចៅក្រមស៊ើបសាលាដំបូងរាជធានីភ្នំពេញបានសាកសួរកូនក្តីរបស់លោក ជុំវិញបទចោទសូកប៉ាន់សាកស្សី។ មេធាវីរូបនេះមិនបានបញ្ជាក់ពីសំណួរដែលចៅក្រមស៊ើបសួរ សួរទៅកាន់កូនក្តីរបស់លោកនោះទេ ដោយលោកថាសំណួរនេះជារឿងសម្ងាត់ គ្រាន់តែលោកបញ្ជាក់ថា ចៅក្រមស៊ើបសួរបានសួរទៅកាន់កូនក្តីរបស់គាត់ថា តើបានជួបនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ នៅទីណាពេលណាជាដើម។
ឆ្លើយទៅកាន់អ្នកសារព័ត៌មានលោកមេធាវីរូបនេះថា លោកមានជំនឿចិត្តថាកូនក្តីរបស់លោកអាចរួចផុតពីការចោទប្រកាន់ ព្រោះកូនក្តីរបស់លោកគ្រាន់តែផ្តល់ថវិកាទៅឱ្យជនរងគ្រោះនៅពេលដែលមានគេពឹងពាក់តែប៉ុណ្ណោះ មិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ។ លោក ទ្បោ ជុនធី៖«គាត់ស្នើសុំឱ្យមានការដោះលែង លើកលែងចោទប្រកាន់ទៅគាត់ អានេះជាលុយដែលសម្រួលទៅដល់មធ្យោបាយពួកគាត់ទេ ព្រោះថាគាត់ក្រគាត់ស្នើសុំ និយាយចំអ្វីដែលគាត់បានធ្វើគឺគ្រាន់តែជាការជួយ ជួយដល់ជនរងគ្រោះតែប៉ុណ្ណឹងយើងសង្ឃឹមថាមាន»។

តាមការលើកទ្បើងពីមេធាវីរូបនេះថា លោកណៃ វង់ដា បានឆ្លើយតបទៅកាន់ចៅក្រមស៊ើបសួរថា បានជួប ស្រីមុំ ហើយបានជួយនាងនៅពេលដែលនាងមានការភ័យខ្លាចដោយសារតែមាន ដីកាកោះពីក្រសួងមហាផ្ទៃឱ្យនាងទៅផ្ដល់ចំលើយ ជុំវិញករណីរឿង លោក កឹម សុខា។ លោក ទ្បោ ជុនធី បន្តថា លោក ណៃ វង់ដា បានសុំឱ្យតុលាការលើកលែងការចោទប្រកាន់ទៅលើរូបលោក។
ទាក់ទងនឹងបញ្ហានេះដែរ ប្រពន្ធរបស់លោក ណៃ វង់ដា គឺអ្នកស្រី ភាវ ម៉ី មានប្រសាសន៍ថា ក្រោយពេលប្តីរបស់អ្នកស្រីជាប់ក្នុងពន្ធនាគារអ្នកស្រីចាប់ផ្តើមលំបាកទាំងផ្លូវកាយ នឹងផ្លូវចិត្ត ជាពិសេសធ្វើឱ្យក្រុមគ្រួសាររបស់គាត់ជួបប្រទះការលំបាកដោយគ្មានអ្នកជួយរកប្រាក់ចិញ្ចឹមគ្រួសារ។
អ្នកស្រី ភាវ ម៉ី សុំឱ្យតុលាការទម្លាក់បទចោទទៅលើប្តីរបស់អ្នកស្រីហើយដោះលែងឱ្យមានសេរីភាពទ្បើងវិញ ព្រោះអ្នកស្រីអះអាងថា ប្តីរបស់អ្នកស្រីមិនបានប្រព្រឹត្តកំហុសដូចអ្វីដែលតុលាការបានចោទប្រកាន់នោះទេ។
ទោះបីជាអ្នកស្រីបានទទូចសុំដូចនេះក្តី ក៏អ្នកស្រីមិនទាន់មានជំនឿចិត្តថា ប្តីរបស់អ្នកស្រីអាចរួចផុតពីការចោទប្រកាន់នោះដែរ ព្រោះអ្នកស្រីថាបើតុលាការឯករាជ្យនោះប្តីអ្នកស្រីនឹងអាចមានសេរីភាពទ្បើងវិញ។ «សុំឱ្យជួយដោះលែងគាត់ សុំឱ្យរដ្ឋាភិបាលទម្លាក់ការចោទ ឱ្យដោះលែងប្តីរបស់ខ្ញុំហើយនឹងអ្នកផ្សេងៗទៀតឱ្យត្រទ្បប់មកវិញ គាត់អត់មានកំហុសអីផងបើនិយាយបើតាមខ្ញុំដឹង ប្រជាជនដឹងគាត់គ្មានកំហុសអីផងរកកំហុសគាត់មិនឃើញផងធ្វើការរាល់ថ្ងៃគាត់ជួយតែសង្គម បើតាមផ្លូវច្បាប់តុលាការឯករាជ្យខ្ញុំគិតថាគាត់មិនអាចមានទោសនោះទេ»។

វិទ្យុស្រី្តមិនអាចសុំការឆ្លើយតបពី អ្នកនាំពាក្យតុលាការ រាជធានីភ្នំពេញបានទេនៅថ្ងៃនេះ ។
នៅពេលជាមួយគ្នានេះលោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាដហុក ក៏ត្រូវបាននាំខ្លួនមកកាន់តុលាការដែរ នៅម៉ោងជាង ២ រសៀលដោយសំនុំរឿងដូចគ្នា។ កាលពីសប្ដាហ៍មុន លោកស្រី លឹម មុនី និងលោក យី សុខសាន្ត ក៏បាននាំខ្លួនមកកាន់តុលាការដែរករណីដដែលនេះ។
អ្នកសង្កេតការណ៍មួយចំនួនបានហៅករណីឃុំខ្លួនមន្ត្រីសិទ្ធិមនុស្សអាដហុក និងមន្ត្រី គ.ជ.ប លោក នី ចរិយា ថាជារឿងនយោបាយ និងជាការគំរាមអ្នកការពារសិទ្ធិមនុស្ស៕