ភ្នំពេញ ៖ មរណភាពលោក គង្គ ប៊ុនឈឿន បានធ្វើឲ្យតន្ត្រីករនិងសិល្បៈករទាំងឡាយ មិនត្រឹមសិល្បៈករដែលរួមជំនាន់ជាមួយលោកមានការសោកស្តាយ តែថែមទាំងសិល្បៈករ និងតន្រីករជំនាន់នេះ មានការសោកស្តាយយ៉ាងក្រៃលែងផងដែរ ហើយមិនត្រឹមតែប៉ុណ្ណោះ ប្រជាពលរដ្ឋខ្មែរទាំងអស់ក៏មានការសោកស្តាយយ៉ាងក្រៃលែងដែរ ។ អ្វីដែលធ្វើឲ្យមានការសោកស្តាយយ៉ាងនេះគឺដោយសារតែ លោក គង្គ ប៊ុនឈឿន គឺជាកវីតែងនិពន្ធជើងចាស់មួយរូបដែលមានស្នាដៃតែងនិពន្ធដ៏ល្អអស្ចារ្យ ហើយស្នាដៃទាំងនោះបានដក់ជាប់នៅក្នុងក្រអៅបេះដូងកូនខ្មែរគ្រប់រូប ។ ដើម្បីជ្រាបច្បាស់ជាបន្តទៅទៀតនេះ សូមនាងកញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទយកការណ៍ដែលរៀបចំឡើងដោយ កញ្ញា ប៉ូ សាគុន ដូចតទៅ៖

នេះជាសម្លេងចម្រៀងដែលលោក គង្គ ប៊ុនឈឿន និពន្ធមុនគេបង្អស់មានចំណងជើងថា “ទឹកភ្នែកឪពុក” ។
លោក គង្គ ប៊ុនឈឿន បានទទួលមរណភាពនៅម៉ោង ៧ព្រឹកនៅប្រទេស ន័រវេស ត្រូវនិងម៉ោង១រសៀលម៉ោងនៅប្រទេសកម្ពុជា និងត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ ។ មរណភាពនេះបានធ្វើឲ្យមានការសោកស្តាយយ៉ាងក្រៃលែងពីសំណាក់អ្នកសិល្បៈខ្មែរ ក៏ដូចជាកូនខ្មែរទាំងអស់ផងដែរ ។ លោក គង្គ ប៊ុនឈឿន គឺជាកវីជើងចាស់មួយរូប ស្ថិតក្នុងចំណោមកវី និងតន្ត្រីករជើងចាស់ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងជាខ្លាំងនៅក្នុងសម័យមុន។
ប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច បានសម្តែងនូវក្តីសោកស្តាយចំពោះមរណភាព របស់លោក គង្គ ប៊ុនឈឿនថា លោកសោកស្តាយដែលក្នុងនាមលោក គង្គ ប៊ុនឈឿន ជាសិល្បករដ៏ឆ្នើមមួយរូបរបស់ប្រទេសខ្មែរតែបែរជាស្លាប់ចោលឆ្អឹងនៅប្រទេសគេទៅវិញ។ សោកស្តាយ គាត់ជាវីរកវីមួយរូបដែលមានស្នាដៃជាច្រើន សម្រាប់ប្រទេសជាតិ សម្រាប់អក្សរសាស្រ្ត ក៏ដូចជាសិល្បៈវប្បធម៌ខ្មែរ តែបែជាចោលឆ្អឹងនៅឯប្រទេសគេ ដោយពុំបានមកស្លាប់នៅទឹកដីកំណើតរបស់គាត់។
លោកបន្ថែមថា លោកមិនបានមើលឃើញនូវភាពអវិជ្ជមានរបស់លោក គង្គ ប៊ុនឈឿនឡើយ តែលោកបានមើលឃើញនូវភាពវិជ្ជមានជាច្រើនរបស់លោក គង្គ ប៊ុនឈឿន ដែលលោកបានជួយដល់ សង្គមមនុស្ស ជាពិសេសជួយដល់វិស័យសិល្បៈផ្នែកតែងនិពន្ធនេះតែម្តង។
លោក សុះ ម៉ាច បានបន្តថា កូនខ្មែរជុំនាន់ក្រោយមួយចំនួនហាក់មិនបានឲ្យតំលៃដល់ស្នាដៃសិល្បៈករជើងចាស់ប៉ុន្មានទេ ជាពិសេសផលិតកម្មមួយចំនួន ដែលយកបទចំរៀងពីសម័យមុនមកកាឡៃ ឲ្យខូចនិងខុសពីទំរង់ចាស់ ។ ប៉ុន្តែលោកថា ចាស់ៗដែលមានវ័យចាប់ពីពាក់កណ្តាលអាយុឡើងទៅ ពួកគាត់ទាំងនោះបានឲ្យតំលៃដល់កវី និងតន្ត្រីករចាស់ៗយ៉ាងខ្លាំង រួមទាំងឲ្យតំលៃទៅលើស្នាដៃរបស់កវីទាំងនោះយ៉ាងក្រៃលែងផងដែរ ។ មិនមែនថាក្មេងៗសម័យនេះគេមិនឲ្យតំលៃទៅលើស្នាដៃពួកគាត់ទាំងស្រុងទេ គ្រាន់ថាមួយចំនួន ជាពិសេសបណ្តាផលិតកម្មមួយចំនួន ដែលសម្លឹងឃើញតែផលប្រយោជន៍របស់ខ្លួនឯង យកបទចម្រៀងដែលជាស្នាដៃ ពិតៗរបស់ពួកគាត់ យកទៅឆ្នៃ យកទៅកាឡៃ មានន័យថាពួកគាត់ហាក់ដូចជាពុំបានឲ្យតំលៃទៅស្នាដៃរបស់ពួកគាត់ ប៉ុន្តែសិល្បៈករចាស់ៗមួយចំនួនដែលរសរានមានជីវិត ជាពិសេសសិល្បៈករចាស់ៗដែលមានវ័យពាក់កណ្តាលទៅ គឺគាត់តែងតែឲ្យតំលៃនូវស្នាដៃរបស់ពួកគាត់ជានិច្ច។
កវីសង្គមចាស់ គង្គ ប៊ុនឈឿន បានភៀសខ្លួនចេញពីស្រុកកំណើត នៅឆ្នាំ ២០០០គឺពេល លោក បាននិពន្ធរឿងប្រលោមលោកមួយ និយាយពីជោគវាសនា របស់ កញ្ញា តាត ម៉ារីណា តារាចម្រៀង ការ៉ា អូខេ ដែលត្រូវបានវាយប្រហារដោយទឹកអាស៊ីត ។ លោកបានទៅជ្រកកោន នៅក្រុងបាងកក ហើយ ឥឡូវលោកបាន សិទ្ធិជ្រកកោន ពីអង្គការសហប្រជាជាតិទទួកបន្ទុកជនភៀសខ្លួន ។ លោកនិង គ្រួសារលោក រស់នៅ ប្រទេសន័រវេស ។
ជាតន្ត្រីករ និងជាអ្នកនិពន្ធជំនាន់មុន លោក ឯល ប៊ុនណា ក៏បានសំដែងនូវក្តីសោកស្តាយចំពោះមរណភាពរបស់លោក គង្គ ប៊ុនឈឿន ផងដែរ ។ លោកបានរំលឹកពីអនុស្សាវីយ៍លោក ជាមួយលោក គង្គ ប៊ុនឈឿន កាលពីលោកបានរួមគ្នាបង្កើតសមាគមអ្នកនិពន្ធបទភ្លេង ។ លោកអ៊ុំក៏ដូចជាប្រជាពលរដ្ឋខ្មែរដែលធ្លាប់ស្គាល់ស្នាដៃគាត់កន្លងមក មានការសោកស្តាយចំពោះមរណភាពរបស់គាត់ ។ ក្នុងមួយជីវិតគាត់គឺគាត់ប្រកបមុខរបរតាក់តែងនិពន្ធបទចម្រៀងរហូត មួយជីវិតគាត់គឺយើងស្គាល់ យើងដឹងទាំងអស់គ្នា ។ លោកបានបន្ថែមថា ដើម្បីទទួលបានកេរ្តិ៍ឈ្មោះល្អបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយគោរព និងឲ្យតំលៃ នោះត្រូវតែធ្វើអំពើល្អឲ្យដល់សង្គមជាតិ និងសង្គមមនុស្ស ។ មនុស្សយើងម្នាក់ៗគឺយើងអត់អាចរស់នៅអមតៈបានទេ ចឹងអ្វីដែលយើងចង់រក្សាទុកឲ្យបានមានឈ្មោះបោះសម្លេងរហូតគឺ អំពើល្អដែលយើងរស់នៅ យើងបានធ្វើអំពើល្អ ក៏ដូចជាមានស្នាដៃល្អសម្រាប់សង្គមជាតិ សម្រាប់ប្រជាជាតិ សម្រាប់ទឹកដីយើងនេះគឺជាចំណុចដ៏ល្អបំផុតសម្រាប់មនុស្សយើងម្នាក់ៗ។
ជាអ្នកចងក្រងបទចំរៀងពីជំនាន់មុន និងជាអ្នកនិពន្ធរឿងប្រលោមលោក លោក សេង ដារា បាននិយាយថា លោកសង្កេតឃើញថា រដ្ឋាភិបាលធ្លាប់បានផ្តល់ប័ណ្ណសសើរឲ្យដល់លោក គង្គ ប៊ុនឈឿនខ្លះដែរតែមិនមានអ្វីជាធំដំឡើយ តែអ្វីដែលគួរឲ្យសោកស្តាយនោះ គឺលោក គង្គ ប៊ុនឈឿន បានរត់ចោលស្រុកដោយសារតែបញ្ហាមួយចំនួនតែមិនមានអ្នកណា ឬរដ្ឋាភិបាលជួយរកយុតិធម៌ឱ្យលោកឡើយ ។ គ្មានអ្វីក្រៅពីការសោកស្តាយស្រណោះនូវធនធានមនុស្ស ដូចជាលោក គង្គ ប៊ុនឈឿននេះទេ គាត់បាត់បង់ជីវិតទៅទាំងបិទភ្នែកមិនជិត ព្រោះថាគាត់កើតនៅលើទឹកដីខ្មែរ តែគ្មានវាស្នាស្លាប់លើទឹកដីខ្មែរ ដែលគាត់ស្រឡាញ់ពេញមួយជីវិត ។ រដ្ឋយើងសម័យនេះឃើញថាបានផ្តល់ប័ណ្ណសសើរ លិខិតសរសើរម្តងម្កាលដែរ តែចំពោះជីវភាពកដូចជាស្នាដៃរបស់គាត់ អត់មាននណាធំដំចាប់អារម្មណ៍ទាល់តែសោះ សូម្បីតែគាត់បាត់ខ្លួន គេធ្វើបាបប៊ុណឹ្នងហើយក៏គ្មានអ្នកណារកយុត្តិធម៌ឲ្យគាត់ ធ្វើឲ្យគាត់រត់ចោលស្រុក ទៅស្លាប់នៅស្រុកគេ។
កវីស្ទឹងសង្កែ ក៏មានបណ្ដាំផ្ញើរ ចុងក្រោយ មុនពេលលោកលាចាកនេះទៅ ។ លោកបាន ផ្ដាំផ្ញើរថា ៖
«សូមផ្តាំផ្ញើរដល់បងប្អូនជនជាតិខ្មែរយើង យុវជនយុវនារី ក៏សូមរំលឹកដោយត្រង់ថា យើងត្រូវតែស្រលាញ់អត្តសញ្ញាណជាតិរបស់យើង ទោះបីទៅដល់ទីណាក៏ដោយ នៅតែគិតថាជាជាតិខ្មែរ ព្រលឹងជាតិយើងនៅទីនេះហើយ ។ អ្នកដែលរស់នៅគ្រប់ទិសទីតំបន់ ត្រូវតែរួបរួមគ្នា ស្រលាញ់គ្នា សាមគ្គីគ្នា ត្រូវកំភ្លេច ត្រូវចាំឲ្យច្បាស់ថា ត្រូវតែររួបរួមគ្នា សាមគ្គីគ្នាជាធ្លុងមួយ បានប្រទេសជាតិយើង បានប្រជាជាតិយើងរស់បាន តែកាលណាមានការបែកបាក់គ្នាទៅឆ្វេងទៅស្តាំហើយ ទោះបីយ៉ាងណាក៏ទៅមិនរួចដែរ នេះជាប្រវត្តិមេរៀនប្រទេសតាំងពីដើមមកហើយ ហើយសម្រាប់យុវជន យុវនារីយើងដែលស្រលាញ់ជាតិមាតុភូមិ ស្រលាញ់អក្សរសាស្ត្រ ស្រលាញ់អក្សរសិល្ប៍ត្រូធ្វើយ៉ាងណាកំឲ្យភ្លេចខ្លួន ត្រូវចងចាំជានិច្ចកំឲ្យភ្លេចអត្តសញ្ញាណជាតិ។»
លោក គង្គ ប៊ុនឈឿន ត្រូវបានប្រជាពលរដ្ឋខ្មែរ បានដាក់រហាសនាមឲ្យលោកថា ជាកវីម្ចាស់ស្ទឹងសង្កែ ។ លោកកើតនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ១៩៣៩ នៅភូមិចំការសំរោង ឃុំចំការសំរោង ស្រុកបាត់ដំបង ខេត្តបាត់ដំបង ។ លោកបានចូលប្រឡូកក្នុងវិស័យតែងនិពន្ធ ចាប់តាំងពីអំឡុងឆ្នាំ១៩៥៥មក រហូតបានប្រឡងជាប់លេខមួយជាលើកដំបូងនៅក្នុងឧកាស មហោស្របអក្សរសិល្ប៍មួយ នៅក្នុងខេត្តបាត់ដំបងនៅក្នុងឆ្នាំ១៩៥៧ ក្នុងស្នាដៃឈ្មោះ ”ស្នេហាលុះអវសាន” ។ លោកជាអ្នកសរសេរការសែត អ្នកនិពន្ធប្រលោមលោកពាក្យរាយ និពន្ធប្រលោមលោកពាក្យកាព្យ កំណាព ចម្រៀង សេណារីយោភាពយន្ត ជាអ្នកដឹកនាំសម្តែង ជាពិសេសលោកជាអ្នកនិពន្ធបទចម្រៀងដ៏ល្បីឈ្មោះមួយរូបផងដែរ ។ បន្ថែមពីលើនោះទៅទៀតលោកក៏ជាអ្នកគូគំនូរអប់រំទៀតផង។
នៅក្នុងឆ្នាំ២០០០ លោកជាអ្នកនិព្ធជនជាតិខ្មែរទី២ បន្ទាប់ពីលោកពេជ្យ ទុំក្រវិល ដែលបានទទួលជ័យលាភី ស្នាដៃតែងនិពន្ធក្របខ័ណ្ឌអាស៊ាន។
លោកគង្គ ប៊ុនឈឿន ត្រូវបានអ្នកនិពន្ធខ្មែរចាត់ទុកជា អ្នកនិពន្ធដ៏ឆ្នើមម្នាក់របស់កម្ពុជា ដែលបានបន្សល់ទុកនូវស្នាដៃតែងនិពន្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់ មានប្រលោមលោក និងចម្រៀងសម័យដើម ដែលមានអធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត អឹង ណារី រស់ សេរីសុទ្ធា ប៉ែន រ៉ន និងអ្នកចំរៀងល្បីៗជាច្រើនរូបទៀតបានបកស្រាយ ហើយស្នាដៃទាំងនោះ នៅតែស្ថិតក្នុងមនោសញ្ចេតនា អ្នកអាន និងអ្នកស្តាប់មកដល់ពេលបច្ចុប្បន្ននេះ៕