en     km
en     km

មន្ត្រី​ CNRP៖​ អា​មេ​រិ​ក​ចេញ​ដំណោះស្រាយ​លេខ​ ៧២៧​ ទាមទារ​ដោះ​លែង​អ្នកទោស​មនសិការ​

Share

ភ្នំពេញ៖ ​នៅ​សល់​តែ​មួយ​ឆ្នាំ​ទៀត​ ប្រទេស​កម្ពុជា​នឹង​មានការ​បោះ​ឆ្នោត​ថ្នាក់​មូលដ្ឋាន​ គឺ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ហើយ​នៅ​ឆ្នាំ​ ២០១៨​ នឹង​មានការ​បោះ​ឆ្នោត​សភា​។​ ព្រឹត្តិការណ៍​ទាំងនេះ​ គឺ​មាន​សារសំខាន់​ដូច​គ្នា​សម្រាប់​ប្រទេស​ប្រកាន់​គោលការណ៍​ប្រជាធិបតេយ្យ​ ហើយ​ការ​បោះ​ឆ្នោត​ត្រូវ​តែ​មាន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាជន​ ។​

​ខណៈ​ព្រឹត្តិការណ៍​នេះ​កាន់តែ​ខិត​ជិត​មក​ដល់​  គេ​សង្កេត​ឃើញ​បក្សនយោបាយ​ធំ​ ២​ បាន​វាយប្រហារ​គ្នា​ហើយ​ស្រប​ពេល​នេះ​ បក្ស​ប្រឆាំង​ស្ថិត​ក្នុង​ស្ថានភាព​ភ័យ​ខ្លាច​ដែល​នាំ​ឱ្យ​សហគមន៍​អន្តរជាតិ​ព្រួយបារម្ភ​អំពី​ហិង្សា​នយោបាយ​នៅ​តែ​បន្ត​ ប្រការ​នេះ​អាច​ប៉ះពាល់​បរិយាកាស​បោះ​ឆ្នោត​ ។​ ស្រប​ពេល​នេះ​សភា​អា​មេ​រិ​ក​ ទទូច​ឱ្យ​កម្ពុជា​បង្ក​លក្ខណៈ​សម្រាប់​បក្សនយោបាយ​ទាំង អស់​ មានឱកាស​ប្រកួតប្រជែង​ដោយ​ស្មើភាព​។​ តែ​បក្ស​ប្រឆាំង​ថា​ កម្ពុជា​គ្មាន​ហិង្សា​នយោបាយ​ទេ​។​

 

sam-rasy-thum
លោក សម រង្ស៊ី ​ជាមួយតំណាងរាស្ត្រអាមេរិកាំង លោក Brad Sherman ក្នុងរដ្ឋធានីវ៉ាសុីនតោន កាលពីថ្ងៃ ១៥ និង ១៦ មិថុនា ២០១៦។
លោកស្រី​ មួរ​ សុខ​ហួរ​ អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ថា​ សភា​អា​មេ​រិ​កបាន​ចេញ​ដំណោះស្រាយ​រួច​ហើយ​ គឺ​លេខ​ ៧២៧​ ដើម្បី​ទាមទារ​ឱ្យ​កម្ពុជា​ដោះ​លែង​អ្នកទោស​មនសិការ​ ប្រយោជន៍​ធ្វើ​ឱ្យ​បរិ​យា​ការ​មុន​ការ​បោះ​ឆ្នោត​ល្អ​ប្រសើរ​។​

​លោកស្រី​បាន​ថ្លែង​ដូចនេះ​ នៅ​ក្នុង​ពិធី​ធ្វើ​សេចក្ដីថ្លែងការណ៍​ប្រចាំ​ថ្ងៃ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ស្នាក់​ការ​កណ្ដាល​គណបក្ស​ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ​ ក្រុងភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​ ២២​មិថុនា​នេះ​ ។​ លោកស្រី​បាន​បញ្ជាក់​ថា​  អំឡុង​ពេល​លោកស្រី​នៅ​បរទេស​ គឺ​លោកស្រី​បាន​ទៅ​ទីក្រុង​ញូយ៉ក​ ដោយ​បាន​ជួប​អគ្គលេខាធិការ​រង​អង្គការ​សហ​ប្រជា​តិ​ ហើយ​បាន​ទៅ​ប្រទេស​កា​ណា​ដា​ និង​ អា​មេ​រិ​ក​ បាន​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​ប្រទេស​ទាំងនោះ​ទៀត​ផង​ ។​

ប៉ុន្តែ​នៅ​ទីក្រុង​វ៉ា​ស៊ិ​ន​តោន​  លោកស្រី​បាន​ជួប​ជាមួយ​សមាជិក​សភា​អា​មេ​រិ​ក​ ដែល​ស្រី​អះអាង​ថា​ សភា​ប្រទេស​មហាអំណាច​មួយ​នេះ​ បាន​ចេញ​ដំណោះស្រាយ​មួយ​គឺ​លេខ​ ៧២៧​ ដោយ​ថ្លែង​ពី​ការ​ទាមទារ​ឱ្យ​ បក្ស​កាន់​អំណាច​នៅ​កម្ពុជា​ ដោះ​លែង​អ្នកទោស​ «​មនសិការ​ »​ ។​ លោកស្រី​បញ្ចា​ក់ថា​ អា​មេ​រិ​ក​ចង់ឱ្យ​កម្ពុជា​មាន​បរិយាកាស​អ​ព្យា​ក្រឹត្យ​ និង​ គោរព​សិទ្ធិ​សេរីភាព​ ពហុបក្ស​ នៅ​មុន​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​ ។​ លោកស្រី​ មួរ​ សុខ​ហួរ​៖«​នៅ​ក្នុង​សភា​សហរដ្ឋអាមេរិក​ គេ​បាន​ធ្វើ​សេចក្តី​សម្រេចចិត្ត​មួយ​លេខ​ ៧២៧​ ក្នុង​ញត្តិ​ថ្កោលទោស​ ក្នុង​ការ​សម្គាល់​ចាត់វិធានការ​ដោះ​លែង​អ្នកទោស​មនសិការ​ ឱ្យ​វិល​ត្រលប់​នូវ​សភាព​ការ​នយោបាយ​ ដើម្បី​រៀបចំ​ឱ្យ​មានការ​បោះ​ឆ្នោត​ត្រឹមត្រូវ​ សេរី​និង​យុត្តិធម៌​ខាង​មុខ​នេះ​ »​។​

mu-sokhur
លោកស្រី មួរ សុខហួរ អ្នកតំណាងរាស្រ្តបក្សប្រឆាំង​ កាលបាតុកម្មនៅស្ពាននាគគ្រាកន្លងទៅ។

​ថ្មីៗ​នេះ​ គេ​សង្កេត​ឃើញ​ សហគមន៍​អន្តរជាតិ​ជា​ច្រើន​ បាន​ ជំរុញ​ឱ្យ​ កម្ពុជា​ ស្ដារ​សេរីភាព​ ពហុបក្ស​ និង​ លទ្ធិប្រជាធិបតេយ្យ​ ឡើយ​វិញ​ ។​ តំណាង​សហគមន៍​អន្តរជាតិ​ទាំងនោះ​ មាន​លោក​បាន​គី​មូ​ន​អគ្គលេខាធិការ​រង​ អង្គការ​សហ​ប្រជា​តិ​ សភា​អឺរ៉ុប​  រដ្ឋមន្ត្រី​ សហប្រតិបត្តិការ​និង​អភិវឌ្ឍន៍​ ប្រទេស​អា​ល្លឺ​ម៉​ង់​ ឯកអគ្គរដ្ឋទូត​ សហភាព​ អឺរ៉ុប​ បារាំង​ និង​ កា​ណា​ដា​ ។​

ទោះជា​យ៉ាងណា​ អ្នកនាំពាក្យ​ គណបក្ស​ប្រជាជន​កម្ពុជា​ លោក​សុខ​ ឥ​សាន្ត​មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ថា​ លោក​សុខ​ ឥ​សាន្ត​៖«​ មិនមែន​តែ​រឿង​ថ្មី​ទេ​សម្រាប់​ដំណោះស្រាយ​សភា​អា​មេ​រិ​ក​ វា​មាន​ដូច​មួយ​លើក​ ២​ លើក​មក​ហើយ​ ក៏​ប៉ុន្តែ​ខ្ញុំ​យល់​ថា​មិន​មាន​ឥទ្ធិពល​អី​ក្រប​ដណ្ដប់​ទៅ​លើ​ ឯករាជ្យ​ភាព​ និង​អធិបតេយ្យភាព​ របស់​កម្ពុជា​ ទេ​បាទ​ ។​ ព្រោះ​កម្ពុជា​អនុវត្ត​កម្ពុជា​ ហើយ​ កម្ពុជា​មិន​អាច​យក​ច្បាប់​ប្រទេស​ដទៃ​យក​អនុវត្ត​បាន​ទេ​»​។​

​កាលពី​ថ្ងៃ​ទី​ ១៣​ ឧសភា​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ហៅ​សហគមន៍​អន្តរជាតិ​មួយ​ចំនួន​ ដែល​ ជំរុញ​ឱ្យ​មានការ​ថយ​កំ​ដៅ​នយោបាយ​នៅ​កម្ពុជា​ថា​ មិន​មាន​មូលដ្ឋាន​។​ សម្ដេច​ថា​ ស្ថានការណ៍​នយោបាយ​កម្ពុជា​ មិន​មាន​អ្វី​អាក្រក់​ទេ​។​ សម្ដេច​បន្ថែម​ថា​ អ្នក​រំលោភច្បាប់​ គឺ​ត្រូវ​តែ​មានទោស​ ។​ យ៉ាងណា​ក៏​ដោយ​ សម្ដេច​ចង់​ឃើញ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​វិល​មក​ធ្វើការ​ ឬ​ប្រជុំ​នៅ​សភា​វិញ​ ខណៈ​សម្ដេច​ ទាត់​ចោលការ​ចរចា​ដើម្បី​ដោះ​លែង​ជនជាប់ចោទ​។​

លោក​ សំ​ គ​ន្ធា​មី​ នាយក​រដ្ឋ​ប្រតិបត្តិ​អង្គការ​និ​ហ្វិ​ច​ ដែល​ឃ្លាំមើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ បង្ហាញ​ការ​គាំទ្រ​ ចំពោះ​សភា​អា​មេ​រិ​ក​ ដែល​ចង់ឱ្យ​ប្រទេស​កម្ពុជា​ ធ្វើ​ដំណើរ​ទៅ​រក​ការ​បោះ​ឆ្នោត​ដោយ​បរិយាកាស​ សេរី​ និង​គ្មាន​ការ​ភ័យ​ខ្លាច​។​

លោក​ពន្យល់​ថា​ ដើម្បី​ធ្វើ​ឱ្យ​បរិ​យា​កា​មួយ​អ​ព្យា​ក្រឹត្យ​ គឺ​មុន​ការ​បោះ​ឆ្នោត​ត្រូវ​តែ​មានការ​ឯកភាព​ជាតិ​ និង​ អ្នកនយោបាយ​ ឈប់​មាន​ជំ​លោះ​ជា​នឹង​គ្នា​ ។​ លោក​សំ​ គ​ន្ធា​មី​៖«​សូម​ឱ្យ​គាត់​ហ្នឹង​វិល​មក​រក​វប្បធម៌​សន្ទនា​វិញ​ ហើយ​មានរឿង​អី​គាត់​អាច​និយាយ​គ្នា​ទៅ​ ហើយ​ដោះស្រាយ​គ្នា​ដោយ​សន្តិវិធី​ទៅ​ ហើយ​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​ដោយ​ប្រកួតប្រជែង​ដោយ​យុត្តិធម៌​រៀងៗ​ខ្លួន​ទៅ​។​ទី​២​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាជន​ចូលរួម​ការ​បោះ​ឆ្នោត​ដោយ​មិន​មាន​ភាព​ភ័យ​ខ្លាច​»​។​

​លោក​ សំ​ គ​ន្ធា​មី​ ទទូច​ថា​ ការ​ចុះ​បោះ​ឆ្នោត​ខាង​នេះ​ក៏​ត្រូវធ្វើ​ឱ្យ​ស្ថានការណ៍​ ស្ងប់ស្ងាត់​និង​ គ្មាន​ការ​គំរាមកំហែង​ខាង​នយោបាយ​ ដែរ​។​

ប្រទេស​កម្ពុជា​ នឹង​មានការ​បោះ​ឆ្នោត​២​សំខាន់ៗ​ គឺ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ឆ្នាំ​២០១៧​ និង​ការ​បោះ​ឆ្នោត​សភា​ ឆ្នាំ​២០១៨​។​ លោក​សមរ​ង្ស​។​ ប្រធាន​គណបក្សប្រឆាំង​ ដែល​ កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ បាន​លើក​ឡើង​ថា​ បើ​ស្ថាន ការណ៍​ពេល​នេះ​ មិន​អាច​វិល​មក​រក​ ភាព​ប្រសើរ​ ឡើង​វិញ​ គឺ​ ការ​បោះ​ឆ្នោត​ ខាង​នេះ​ នឹង​មិន​ប្រព្រឹត្ត​ទៅ​ដោយ​ សេរី​ និង​ត្រឹម ត្រូវ​ ឡើយ​ ។​ លោក​អះអាង​ថា​ សហគមន៍​អន្តរជាតិ​នឹង​មិន​បណ្ដោយ​ឱ្យ​ស្ថានការណ៍​អាក្រក់​នេះ​នៅ​បន្ត​ដល់​ពេល​ឃោសនា បោះឆ្នោត​នោះ​ឡើយ​ ៕​

Share

ព័ត៌មានទាក់ទង