ភ្នំពេញ៖ក្រសួងវប្បធម៌និងវិចិត្រសិល្បៈដំណើរការគម្រោងជួលជុលអភិរក្សព្រះវិហារបុរាណមានអាយុកាលដ៏ចំណាស់១៣០ឆ្នាំ បានរយៈពេលមួយសប្តាហ៍ហើយ។ព្រះវិហារដ៏ចំណាស់នេះស្ថិតនៅខាងជើងរមណីយដ្ឋានវត្តភ្នំ រាជធានីភ្នំពេញដែលបានកសាងឡើងនៅឆ្នាំ១៨៨៦។ ព្រះវិហារនេះគេហៅថាចិនដំដែកខាងជើង។

ខណៈនេះក្រុមជាងកំពុងជួសជុលព្រះវិហារបុរាណមួយដោយពួកគេដុះខាត់កំអែលស្លែនិងបោសកំបោពុកផុយលើជញ្ជាំងនិងសសរព្រះវិហារ។ អារាមមួយនេះស្ថិតនៅក្នុងវត្តពិភទ្ទរង្ស៊ីហៅវត្តចិនដំដែកខាងជើងស្ថិតក្នុងខណ្ឌដូចពេញ រាជធានីភ្នំពេញ។
ព្រះវិហារបុរាណដ៏ចំណាស់នេះមានអាយុ១៣១ឆ្នាំដែលកសាងឡើងនៅក្នុងឆ្នាំ១៨៨៦។
ព្រះវិហារមានអាយុកាលដ៏ចំណាស់នេះហ៊ុំព័ន្ធដោយចេតិយជុំជិតមើលទៅដូចជារបងការពារព្រះវិហារដែលមានស្ថានភាពទ្រុឌទ្រោមសសរវិហាររបើកកំបោរនិងរបកថ្នាំទាំងដុំៗនិងហោជាងទ្វានិងបង្អូចដែលមានក្បាច់រចនាល្អប្រណិតធ្វើអំពីឈើបាក់បែកជាផ្នែកៗ។
ស្ថិតក្នុងសម្លៀកបំពាក់ចាស់ៗប្រឡាក់ប្រឡូកដោយកំបោរនោះគឺជា លោក ឌិន ម៉ៅ ជាកូនជាងកំពុងកាន់ម៉ូទ័រដុសខាត់ស្លែរនិងថ្នាំចាសៗជាប់នៅជញ្ជាំងនិងសសរព្រះវិហារដើម្បីត្រៀមជួសជុល។
ពាក់មួក ម៉ាសនិងវែនតាព័ណ៌សការពារកម្ទេចធូលីហុយចូលភ្នែកនិងប្រឡាក់សក់ លោក ឌិន ម៉ៅ វ័យ ៣៦ ឆ្នាំបញ្ជាក់ថាក្រុមជាងរបស់លោកមានការប្រយ័ត្នប្រយ៉ែងក្នុងការដុសខាតកុំឲ្យខូចខាតរចនាបថដើម។
លោក ឌិន ម៉ៅ ៖«ខាតថ្នាំហើយ កន្លែងណាប្រេះដាប់ចេញបណ្តើរៗ។ពុកខ្លាំងយើងប្រយ័ត្ន ហើយក្បាច់កុំឲ្យប៉ះឲ្យសោះ ក្បាច់មុខបង្អូច។»
គម្រោងជួសជុលព្រះវិហារនេះគឺជាគម្រោងទី៣នៃគម្រោងថវិកាផ្ទាល់ពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ ដូចគ្នានេះដែរ ក្រសួង ទើបនឹងបញ្ចប់គម្រោងជួលជុលអភិរក្សព្រះវិហារបុរាណនៅវត្តមហាលាភនិងវត្តស្វាយខ្សាច់ភ្នំនៅខេត្តកំពង់ចាម។
លោក ឡេង ពិសិដ្ឋ មន្ត្រីនាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណនៃក្រសួងវប្បធម៌និងវិចិត្រ សីល្បៈពន្យល់ថានាយកដ្ឋាននេះមានតួនាទីគាំពារនិងអភិរក្សប្រាសាទបុរាណ វិហារបុរាណ និងសំណង់អគារបែបបុរាណ។
លោក ពិសិដ្ឋ អតីតនិស្សិតបញ្ចប់ការសិក្សាផ្នែងវិស្វករសំណង់នៅវិទ្យាស្ថានតិចណូ បន្ថែមថាគម្រោងជួសជុលព្រះវិហារទាំងមូលដោយរក្សាទំរងដើម។លោកបញ្ជាក់ថាព្រះវិហារបុរាណនេះ សងអំពីឥដ្ឋបូកជាមួយកំបោរបាយអរ។«ដោយមានគម្រោងថវិការពីខាងក្រសួងវប្បធម៌និងវិចិត្រសីល្បៈបានមកជួយអភិរក្សព្រះវិហារវត្តពិភទ្ទរស្ស៊ីនៅក្នុងឆ្នាំ២០១៧ដែលហៅថាវត្តចិនដំដែកខាងជើង។វិហារពីនេះគ្រោងវាធ្វើពីឥដ្ឋ និងឥដ្ឋហើយគេបូកបាយអរពីក្រៅ។»
ព្រះវិហារបុរាណឬវត្តចិនដំដែកនេះមានអាយុ១៣១ឆ្នាំ បានកសាងឡើងនៅព.ស ២៥៣០ត្រូវនិងឆ្នាំ ១៨៨៦ដែលកាលបរិច្ឆេទបញ្ជាក់ការសាងសងនៅលើសិលាចារឹកនៅផ្នែកខាងកើតនៃវិហារ។

លោកប្រាក់ សុណ្ណារ៉ា អគ្គនាយកបេតិកភណ្ឌនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានពិពណ៌នាថា ព្រះវិហារបុរាណដ៏ចំណាស់នេះកសាងឡើងអំពីឥដ្ឋនិងកំបោរបាយអរដោយមានស្ថានភាពទ្រុឌទ្រោមខ្លាំងដែលផ្នែកខ្លះនៅលើជញ្ជាំងនិងសសរពុកផុយរបេះរបើកជាអន្លើរៗនិងហោជាងលម្អនៅតាមខ្លោងទ្វានិងបង្អួចរងការខូចខាតស្ទើរទាំងស្រុង។រីឯដំបូលព្រះវិហារសងអំពីឈើប្រណិតនិងប្រក់ក្បឿងក៏រងការពុកផុយជ្រាប់ទឹកផងដែរ។
លោកប្រាក់ សុណ្ណារ៉ា ៖«អ្នកជំនាញចុះសិក្សាទៅឃើញថាសំណងវិហារមានសភាពទ្រុឌទ្រោម ដំបូលខាងលើលេចទឹក ខាងក្រៅយើងមានសសរព្រះវិហារក៏មានការពុករបកជាផ្ទាំងៗដោយកន្លែង។ហោជាងលម្អនៅតាមបង្អូចនៃព្រះវិហារក៏មានការខូចខាត ទាំងឃឿនទាំងអីនេះបាទ។ចំណុចទី២នៅក្នុងព្រះវិហារក៏មានពិនិត្យឃើញមានគំរូ គំរូបុរាណ ដែលមានតម្លៃប្រវត្តិសាស្ត្រ។»
លោកអគ្គនាយករូបនេះបន្ថែមថាគម្រោងជួសជុលនេះមានពីរដំណាក់កាលគឺដំណាក់កាលទី១ក្រុមជាងជួសជុលផ្នែកខាងក្រៅនិងដំបូលព្រះវិហារនិងដំណាក់កាលទី២ ក្រុមជាងនឹងជួសជុលផ្នែកខាងក្នុងនៃព្រះវិហារគឺផ្ទាំងគំនូរបុរាណ។
បើតាមលោក សុណ្ណារ៉ា បញ្ជាក់ថាគម្រោងជួសជុលព្រះវិហារបុរាណអាចនឹងចំណាយពេលជាង៣ខែ។
នៅពេលជួសជុលព្រះវិហារបុរាណនេះរួចហើយនឹងប្រគេនជូនព្រះគ្រូចៅអធិការវត្តគ្រប់គ្រង ដើម្បីប្រជាពុទ្ធបរិស័ទប្រារព្ធពិធីតាមបែបសាសនា៕