នៅពេលថ្មីៗនេះមានការផ្សព្វផ្សាយផលិតផលCOOSEA ថាអាចព្យាបាលឫសដូងបាតជាដាច់ដោយប្រើត្រឹម៣កំប៉ុង ទៅ៥កំប៉ុង និងអន់ឈឺត្រឹមរយៈពេល៧ថ្ងៃ នៅតាមបណ្តាញសង្គមFacebookរបស់តំណាងក្រុមហ៊ុនមួយចំនួន ដែលបានដាក់លក់ផលិតផលជាច្រើនប្រភេទដែលបានអះអាងថា អាចព្យាបាលជំងឺឫសដូងបាត ដុំគីស ឈឺដៃ ឈឺជើង ឈឺឆ្អឹងឆ្អែង ស្រវាំងភ្នែក ឧស្សាហ៍កោសខ្យល់ជាដើម។ ស្របពេលនឹងការផ្សព្វផ្សាយ ផលិតផលCOOSEA នេះដែរ ក៏មានមតិមហាជនមួយចំនួនបានលើកឡើងជាចំងល់ថា គួរបិទពេទ្យផ្នែកវះកាត់ព្យាបាល ឬយ៉ាងណា បើផលិតផលអាហារបំប៉ននេះអាចព្យាបាលបាន? អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍
ដើម្បីចង់ដឹងថា តើផលិតផលCOOSEA ដែលគេស្គាល់ថាជាប្រភេទអាហារបំប៉ន អាចព្យាបាលជំងឺឫសដូងបាត ឬក៏ជំងឺផ្សេងៗជាច្រើនទៀតក្នុងពេលតែមួយដូចដែលមានការផ្សព្វផ្សាយតាមបណ្តាញសង្គមបានអះអាងថាជាដាច់ត្រឹម៣ទៅ៥កំប៉ុងនោះ ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មាន វិទ្យុស្ត្រី នៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា បានជួបសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត ហង្ស តារា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ផលិតផលCOOSEA មិនមែនជាប្រភេទថ្នាំពេទ្យសម្រាប់ព្យាបាលជំងឺនោះទេ វាគ្រាន់តែជាប្រភេទអាហារបំប៉ន ដូច្នេះពាក្យថាអាហារបំប៉ន មិនអាចព្យាបាលបានទេ។
លោកវេជ្ជបណ្ឌិត ហង្ស តារា៖«តាមពិតទៅCOOSEA វាមិនមែនថ្នាំទេ វាជាអាហារបំប៉ន (supplement) ពាក្យថាអាហារបំប៉ន ប្រើពាក្យព្យាបាលអត់បានទេ នៅក្រសួងសុខាភិបាលក៏បានណែនាំដែរ ។
វាមិនជាថ្នាំទេតែវាជាsupplement ដែលគេ ចំរាញ់ចេញពីសារាយ វាមានសារជាតិហ្វាយប៊ឺ និងសារជាតិបំរុងច្រើនដែរ។ ប៉ុន្តែវានៅតែមិនមែនជាឱសថ ទេ ចុះសួរថាវាជួយព្យាបាលឫសដូងបាតបែបម៉េច? តាមពិតវាគ្មានព្យាបាលទេ វាអត់មានព្យាបាលទេ»
ទាក់ទងនឹងផលិតផលCOOSEA ខាងលើនេះដែរ លោកសាស្រ្តាចារ្យ កុយ វ៉ាន់នី អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ឱ្យក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មានវិទ្យុស្រ្តីដឹងតាមទូរសព្ទ កាលពីរសៀលថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា៖ កិច្ចការងារដែលក្រសួង ធ្វើខ្លាំងបំផុតរាល់ថ្ងៃ គឺរឿងអនឡាញ ក្រសួងកំពុងតែតាមដានរកមើលឱ្យឃើញប្រភពដឹងច្បាស់លាស់ គឺត្រូវចាត់វិធានការ ឱ្យក្រុមការងារផ្លូវច្បាប់ចុះទៅធ្វើ។តែអ្វីដែលជាការលំបាកនោះ លោកវេជ្ជបណ្ឌិត បញ្ជាក់ថា ការផ្សព្វផ្សាយផលិតផលពីក្រៅស្រុកដោយមិនមានប្រភពច្បាស់លាស់។ លោកវេជ្ជបណ្ឌិតថា កិច្ចការអ្នកផ្សព្វផ្សាយផលិតផលអនឡាញ ព្យាបាលជំងឺ១០០មុខ ក្រសួងសុខាភិបាលបានធ្វើជារៀងរាល់ថ្ងៃ និងចាប់បានដោយមានការព្រមាន និងលិខិតសុំទោសជាដើម។ ប៉ុន្តែលោកថាការងារទាំងអស់ហ្នឹងមិនមែនធ្វើម្តងបានសម្រេចរហូតទេ ត្រូវការការចូលរួមសហការ ពីសាធារណជន ក៏ដូចជាអ្នកសារព័ត៌មានដែរ បើមានព័ត៌មានណាទាក់ទងនឹងសុខភាពខុសឆ្គងបច្ចេកទេស សុំថតរូបភាព រួចផ្ញើមកផេកហ្វេកបុកផ្លូវការរបស់របស់ក្រសួងសុខាភិបាល ក្រសួងនឹងចាត់វិធានការ ចាត់មនុស្សទៅធ្វើកិច្ចការងារហ្នឹងភ្លាម ដើម្បីកុំឱ្យអ្នកដែលផ្សព្វផ្សាយផលិផលទាំងនោះរួចខ្លួនហើយហ៊ានមកបំពុលសង្គម។
ជាមួយគ្នានេះ សម្រាប់ផលិតផលCOOSEA វេជ្ជបណ្ឌិតថាធ្លាប់បានលឺឈ្មោះ ហើយក៏ធ្លាប់មានគេរាយការណ៍ ដែរ ហើយលោកទទួលស្គាល់ថា ការផ្សព្វផ្សាយបែបហ្នឹង គឺខុសទាំងស្រុង។
ទាក់ទងនឹងការលេបអាហារបំប៉នពពួកហ្វាយប៊ឺ ដែលផ្ទុកសារធាតុកាកសរសៃនេះដែរ លោកវេជ្ជបណ្ឌិត ហង្ស តារា បានធ្វើពន្យល់ថា វាជួយធ្វើឱ្យលាមកផុស មិនស្អិតជាប់គ្នា ស្រួលក្នុងការបន្ទោបង់។
លោកវេជ្ជបណ្ឌិត ហង្ស តារា៖«កាកសរសៃហ្វាយប៊ឺវាធ្វើឱ្យលាមកមិនស្អិតជាប់គ្នា កាលដែលវាមិនស្អិតជាប់គ្នានេះហើយ ធ្វើឱ្យលាមកយើងផុសៗអ៊ីចឹងពោះវៀនយើង ពេលដែលយើងមានលាមកពេញថង់ វាជំរុញចលនាពោះវៀនមួយ ពេលដែលយើងប្រឹងវាខ្ជឹបៗឃើញពោះវៀនកង់ៗដូចសាច់ក្រកបន្តគ្នា តែបើលាមកយើងមិនមានកាកសរសៃ ហ្វាយប៊ឺ វាធ្វើឱ្យលាមកស្អិតជាប់គ្នា យើងហៅថាក្តាំង ឬក៏ក្តៀនហ្នឹង ពោះវៀនវាច្រានទៅអត់រួច លាមកអត់ផុសទេ វាធ្វើឱ្យយើងប្រឹងវាប៉ោងសរសៃឈាមជុំវិញទ្វារលាមក ដែលយើងហៅថា ឫសដូងបាតហ្នឹង បើអ្នកអត់ទាន់មានវាមាន បើអ្នកមានហើយ វាប៉ោង វាបែក។ អ៊ីចឹងបើយើងមានអាហារកាកសរសៃ មិនមែនមានតែCOOSEA ទេ អាហារមួយចំនួនទៀត ដូចជាផ្លែល្ហុង ចេកវាមានហ្វាយប៊ឺ បត់ជើងកុំឱ្យលាមកយើងស្អិតជាប់ពោះវៀន យើងបត់ជើងអស់ វាអត់មានសម្ពាធវាមិនកើតឫសដូងបាត»។
ជុំវិញការការពារ ជំងឺឫសដូងបាតនេះលោកវេជ្ជបណ្ឌិត ថា ទាមទារឱ្យមានការយកចិត្តទុកផ្លាស់ប្តូរឥរិយាបថ សម្រាប់អ្នកជំងឺដូចជាផ្លាស់ប្តូររបៀបក្នុងការអង្គុយបត់ជើង គ្រប់គ្រងរបបអាហារឱ្យបានត្រឹមត្រូវ និងបរិភោគទឹកឱ្យបានគ្រប់គ្រាន់ជាដើម។ តែបើសិនជានៅតែមានបញ្ហាហូរឈាមត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ៕