មកដល់ថ្ងៃទី ២៥ ខែសីហានេះ រយៈពេល ៩ ថ្ងៃហើយដែលប្រជាពលរដ្ឋមកពីបណ្ដាស្រុកទាំង ៥ នៃខេត្តកោះកុងរាប់សិបនាក់ បានធ្វើការតវ៉ាក្រោមកម្ដៅថ្ងៃ និងដំណក់ភ្លៀង ដើម្បីទាមទារឲ្យតុលាការខេត្តនេះ ដោះលែងយុវជនចលនាមាតាធម្មជាតិ ៣ រូប។

មន្រ្តីសម្របសម្រូលសមាគម អាដហុក ប្រចំាខេត្តកោះកុង លោក ញៀប សំអឿន ដែលបានឃ្លាំមើលការតវ៉ារបស់ប្រជាពលរដ្ឋ ឲ្យដឹងថា ប្រជាពលរដ្ឋបានធ្វើការតវ៉ាចាប់តំាងពីថ្ងៃទី ១៧ ខែសីហា រហូតមកដល់ថ្ងៃ ២៥ ខែសីហានេះ។ លោកថា ក្នុងការតវ៉ានេះ មានការដង្ហែជាក្បួនដើរជុំវិញក្រុងខេមរភូមិន្ទផងដែរ។ លោកបន្តថា គោលបំណងសំខាន់ដែលពលរដ្ឋទាមទារនោះគឺ ឲ្យសាលាដំបូងខេត្តកោះកុងដោះលែងយុវជនចលនាមាតាធម្មជាតិ ៣ រូប ដែលសមត្ថកិច្ចបានចាប់ខ្លួនកាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១៥ កន្លងមក។
ប្រជាពលរដ្ឋមួយរូបដែលបានចូលរួមក្នុងការតវ៉ានាព្រឹកនេះ អ្នកស្រី ផាវ ញើង មានប្រសាសន៍ថា អ្នកស្រីចូលរួមការតវ៉ា ក្នុងគោលបំណងទាមទារឲ្យតុលាការខេត្តកោះកុងដោះលែងយុវជនទំាង ៣ រូបរបស់ចលនាមាតាធម្មជាតិដោយគ្មានលក្ខខណ្ឌ។ អ្នកស្រីបានបន្តទៀតថា គាត់បានចូលរួមការវ៉ានេះតំាងពីថ្ងៃអង្គារ៍ទី ១៨ ខែសីហាមកម្ល៉េះ។
សូមបញ្ជាក់ថា សមត្ថកិច្ចខេត្តកោះកុង បានចាប់ខ្លួនយុវជនចលនាមាតាធម្មជាតិបីរូប គឺលោក សាន់ ម៉ាទ្បា យុវជន ទ្រី សុវិគា និង យុវជន ស៊ឹម សំណាង នៅម៉ោង ៩ ព្រឹក ថ្ងៃទី ១៧ ខែសីហា ឆ្នំា ២០១៥ នៅស្រុកបុទុមសាគរ ខេត្តកោះកុង ហើយបច្ចុប្បន្ននេះតុលាការបានសម្រេចឃុំខ្លួនយុវជនទំាង ៣ រូបនៅក្នុងពន្ធាគារសាលាដំបូងខេត្តកោះកុង៕