ភ្នំពេញ៖ បរិមាណផលិតផលសម្រេចនៃជ័រកៅស៊ូដែលប្រមូលបានក្នុងខែកុម្ភៈ ឆ្នាំ២០១៨នេះមានចំនួនជាង ៩១៨០តោនដោយថយចុះប្រមាណ ៥១%បើធៀបនឹងខែមុននេះ។ តែយ៉ាងណាតម្លៃលក់ជ័រកៅស៊ូមធ្យមសម្រាប់ខែកុម្ភៈវិញ មានការកើនឡើងគឺ១៥២១ដុល្លារក្នុងមួយតោន បានកើនឡើងចំនួន ៨១ដុល្លារ ពោលគឺកើនឡើង៥,៦%បើធៀបនឹងខែមុននេះ។ នេះបើយោងតាមរបាយការណ៍ស្តីពីស្ថានភាពការងារអគ្គនាយកដ្ឋានកៅស៊ូប្រចាំខែកុម្ភៈ ឆ្នាំ២០១៨ ចេញផ្សាយកាលពីថ្ងៃសុក្រកន្លងទៅនេះ។

របាយការណ៍អគ្គនាយកដ្ឋានកៅស៊ូ ឱ្យដឹងទៀតថា បរិមាណបញ្ចេញលក់ជ័រកៅស៊ូនៅខែកុម្ភៈនេះ ក៏មានការធ្លាក់ចុះផងដែរ គឺមានចំនួន ៩៦៤៣ តោនថយចុះ៤៥%បើធៀបនឹងខែមុន។
ចំណែកផ្ទៃដីដាំកៅស៊ូសរុបមានចំនួនជាង ៤៣ម៉ឺនហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួនជាង ១៧ម៉ឺនហិកតា ស្មើនឹង ៣៩,១៦% និងផ្ទៃថែទាំកៅស៊ូមានចំនួន ២៥ម៉ឺនហិកតាស្មើនឹង ៦០,៨៣%។
សូមជម្រាបថា កាលពីឆ្នាំ២០១៧ កន្លងទៅ កម្ពុជាបានបញ្ចេញលក់ជ័រកៅស៊ូបានប្រមាណជាង ១៨,៨ ម៉ឺនតោន កើនឡើងជាង ៤ម៉ឺនតោន ធៀបនឹងឆ្នាំ២០១៦ ខណៈដែលតម្លៃលក់ជ័រកៅស៊ូជាមធ្យមក្នុងឆ្នាំ២០១៧ មានជាង ១,៥៨៦ ដុល្លារអាមេរិក ក្នុង១តោន កើនឡើងប្រមាណ ៣០០ដុល្លារអាមេរិក ឬស្មើនឹង២៤% ធៀបនឹងឆ្នាំ២០១៦៕