ភ្នំពេញ៖ លោកបណ្ឌិត កែម ឡី ជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម ត្រូវបានគេផ្ដល់រហស្សនាមថា ជាអ្នកវិភាគនយោ បាយឯករាជ្យនៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានគេបាញ់ប្រហារបណ្តាលឱ្យស្លាប់ភ្លាមនៅកន្លែងកើតហេតុនៅព្រឹកទី១០ ខែកក្កដា ឆ្នាំ២០១៦នេះ។
ការបាត់បង់ជីវិតរបស់លោក កែម ឡី បានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនមានការស្តាយស្រណោះ ដោយ សារលោកត្រូវបានចាត់ទុកថា ជាអ្នកវិភាគសង្គមមួយដែលក្លាហានរិះគន់បញ្ហាសង្គមចំៗ។
ចង់ដឹងហេតុការណ៍នេះ លម្អិតយ៉ាងណានោះ សូមអញ្ជើញស្តាប់បទយកការណ៍ដែលរៀបចំដោយកញ្ញា ឆេង ណាតា ដូចតទៅ៖

ជីវប្រវត្តិសង្ខេបលោក កែម ឡី
តាមគេហទំព័រ One world one Education បានរៀបរាប់ពីប្រវត្តិអ្នកវិភាគនយោបាយអ្នករាជ្យរូបនេះថា លោក កែម ឡី គឺជាកូនស្ត្រីមេម៉ាយក្រីក្រម្នាក់នៅខេត្តតាកែវ។ លោកបានចាកចេញពីខេត្តតាកែវ មកសុំស្នាក់អាស្រ័យនៅវត្តបទុម ក្នុងរាជធានីភ្នំពេញ ដើម្បីបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ។ លោកបានស្នាក់នៅវត្តរហូតដល់រៀនចប់មហាវិទ្យាល័យ ហើយបានចូលធ្វើការនៅក្រសួងសុខាភិបាល កាន់ខាងផ្នែកជំងឺឆ្លង។
បើទោះបីម្តាយជាស្ត្រីមេម៉ាយមានមុខរបរត្រឹមជាអ្នកលក់នំបញ្ចុក ក៏ដោយលោក កែម ឡី បានខិតខំព្យាយាមតស៊ូរៀនសូត្ររហូតដល់ទទួលបានសញ្ញាបត្រជាន់ខ្ពស់នៅឯបរទេស។
លោក កែម ឡី ទទួលបានសញ្ញាបត្រនៅសាកលវិទ្យាល័យចុឡាលុងកន ប្រទេសថៃ ផ្នែកជំនាញសិក្សាស្រាវជ្រាវលើផ្នែកសុខភាពសាធារណៈ និងទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យ ម៉ាឡៃយ៉ា ប្រទេសម៉ាឡេស៊ី លើផ្នែកវិទ្យាសាស្ត្រសង្គម។
លោក កែម ឡី បានឈប់ធ្វើការងាររដ្ឋនៅក្នុងអំឡុងឆ្នាំ ២០០០ ហើយបានទៅធ្វើការនៅកាកបាទក្រហមកម្ពុជា។ បន្ទាប់មកលោកបានចេញទៅធ្វើការនៅអង្គការក្រៅរដ្ឋាភិបាល និងទៅធ្វើជាអ្នកប្រឹក្សាឲ្យអង្គការ UNDP អស់រយៈពេល ៤ឆ្នាំ។
ក្រោយពីបញ្ចប់ការងារនៅ UNDP លោកបានទៅធ្វើការឲ្យក្រុមហ៊ុនមួយនៅ ថៃ ដែលក្រុមហ៊ុននោះធ្វើការងារជួយសង្គមច្រើន ជាពិសេសជួយដល់ជនក្រីក្រនៅ ថៃ នៅកម្ពុជា នៅចិន និងនៅឥណ្ឌា ហើយបន្ទាប់ពីនោះ លោកបានទៅធ្វើជាទីប្រឹក្សាឲ្យក្រសួងសុខាភិបាល ខាងមូលនិធិសកល។
ក្រោយមកទៅកាន់ការងារខាងបណ្តាញអង្គការក្រៅរដ្ឋាភិបាលហៅ HACC បានមួយរយៈ។ លោក កែម ឡី បានរៀបអាពាហ៍ ពិពាហ៍នៅឆ្នាំ ២០០១ ជាស្ត្រីអាជីវករលក់ខោជជុះនៅផ្ទះល្វែងមួយន្លែង នៅផ្សារបឹងកេងកង ក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្នលោកនិងមានភិរយាមានកូនប្រុស ៤នាក់ ហើយប្រពន្ធរបស់លោកក៏កំពុងពពោះម្នាក់ទៀតក្នុងផ្ទៃផងដែរ។
លោក កែម ឡី ចាប់ផ្តើមល្បីឈ្មោះនៅក្នុងសង្គម បន្ទាប់ពីលោកត្រូវបានគេដាក់ងារថា ជាអ្នកវិភាគនយោបាយឯករាជ្យ និងហ៊ានរិះគន់ចំៗនូវចំណុចអវិជ្ជមាននៅក្នុងសង្គមតាមប្រព័ន្ធផ្សព្វផ្សាយ។
សពលោក កែម ឡី ត្រូវបានដឹកចេញពីកន្លែងដែលលោកត្រូវបាញ់សម្លាប់ នៅប្រមាណ ៣ រសៀលទៅកាន់វត្តចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ។
ភ្លេងខ្លងខែកបានកំដរលោកបណ្ឌិត កែម ឡី ទៅកាន់សុខគតិភពហើយ។
