បញ្ហាគ្រប់គ្រងសំណល់សំរាមក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ត្រូវបានលើកជាចម្ងល់ថាតើការទុកដាក់នៅអំឡុងពេលមានភ្ញៀវកកកុញនេះប្រព្រឹត្តទៅយ៉ាងណា? អ្នកវិភាគពីបញ្ហាសង្គមយល់ថា ការគ្រប់គ្រងសំរាមរបស់ពលរដ្ឋក្នុង២០២៤នេះមានភាពល្អប្រសើរ ហើយអ្នកពាក់ព័ន្ធ ពិសេសពលរដ្ឋគួរចូលរួមអនុវត្តបន្ថែមដោយចាប់ផ្តើមពីខ្លួនឯងជាចម្បង។ ចំពោះអ្នកនាំពាក្យក្រសួងបរិស្ថានលើកទឹកចិត្តឱ្យពលរដ្ឋកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងរក្សាបាននូវអនាម័យដើម្បីសុខភាព។
(កញ្ញា កែវ សុជាតា រាយការណ៍)
នៅអំឡុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ កាលពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅនេះ ភ្ញៀវទេសចរជាតិនិងអន្តរជាតិប្រមាណជាង ៧លាននាក់បានធ្វើដំណើរកម្សាន្តទៅកាន់រមណីយដ្ឋាននានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរនិងកម្សាន្តនៅក្នុងថ្ងៃបុណ្យជាតិ។ លោក ឈត ប៊ុនថង អ្នកជំនាញទស្សនវិទ្យា និងជាអនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានប្រាប់អ្នកយកព័ត៌មានវិទ្យុស្រ្តីនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ថា ការទុកដាក់សំរាមនៅពេលប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែនៅឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅយ៉ាងល្អប្រសើរជារួម ដោយក្នុងនោះលោកសង្កេតឃើញមានអាជ្ញាធររៀបចំដាក់ធុងសំរាមនៅតាមទីសាធារណៈជាច្រើនកន្លែងដើម្បីឱ្យភ្ញៀវទេសចរងាយស្រួលយកសំរាមទៅបោះចោល។ ក្នុងនោះ លោកក៏ឃើញមានពលរដ្ឋខ្មែរមួយចំនួនរួមចំណែកកាត់បន្ថយការបោះចោលសំរាមពាសវាលពាសកាលនៅតាមរមណីយដ្ឋាននានា ដើម្បីចូលរួមថែរក្សាអនាម័យ និងលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា។
ទន្ទឹមនឹងឃើញពីការរៀបចំទុកដាក់សំរាមយ៉ាងល្អនៅពេលមានកម្មវិធីជាតិនេះហើយ អ្នកជំនាញទស្សនវិទ្យារូបនេះសង្កេតឃើញផងដែរថា ពលរដ្ឋមួយចំនួននៅតែបង្កើតទម្លាប់អវិជ្ជមាននៅតាមទីសាធារណៈតាមរយៈរូបភាពបោះចោលសំរាមឥតសណ្តាប់ធ្នាប់ដែលធ្វើឱ្យសំរាមមួយចំនួនត្រូវខ្យល់ប៉ើងផាត់ទៅលើបរិយាកាសរសាត់ទៅធ្លាក់នៅតាមច្រាំងទន្លេជាដើម។ រូបភាពមួយចំនួនបានក្លាយជាចំណីភ្នែករបស់ភ្ញៀវទេសចរ និងចែកចាយរូបភាពទាំងនេះបន្តទៅលើបណ្តាញសង្គមដែលធ្វើឱ្យកើតមានជាការនិន្ទ្រាពីបញ្ហាសំរាមពីសំណាក់អន្តរជាតិមកលើកម្ពុជា។
លោក ឈត ប៊ុនថង១៖ «ចែកចេញជាពីរចុះ ទី១រឿងសំរាមនេះខ្ញុំឃើញអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាគណៈកម្មការរៀបចំបុណ្យជាតិនេះ បានចាត់ចែងមានធុងសំរាម មានការដឹកជញ្ជូនសំរាម មានអីហ្នឹងគឺបានច្រើនគួរសម ដែលយើងគិតថាវាអាចនឹងគ្រាន់បើពីមួយឆ្នាំទៅមួយឆ្នាំនៅពេលដែលយើងរៀប[ចំ]កម្មវិធី។ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋយើង ក៏បងប្អូនភាគច្រើនក៏គាត់បានគោរពដែរហើយ បានយកសំរាមដែលគាត់បានបង្កើតសំរាមដោយខ្លួនឯងតាមរយៈការទិញនំចំណី ដបទឹកសុទ្ធ ថង់ប្លាស្ទិកអីក៏មានដាក់ចូលធុងសំរាម ប៉ុន្តែក៏មានបងប្អូនយើងមួយចំនួនអត់បានដាក់ចូលក្នុងធុងសំរាមដែរ។ ជួនកាលគាត់បោះចោលដោយអចេតនាឬមួយក៏ចេតនានៅកន្លែងដែលគាត់បានទៅអង្គុយទៅឈរដើម្បីទស្សនាការប្រណាំងទូក ឬក៏ពិធីផ្សេងៗយើងឃើញ។»។
ដើម្បីចូលរួមចំណែកកាត់បន្ថយការចោលសំរាមពាសវាលពាសកាល លោក ឈត ប៊ុនថង មានប្រសាសន៍ថា ពលរដ្ឋម្នាក់ៗគប្បីបង្កើតទម្លាប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅតាមគេហដ្ឋានរៀងៗខ្លួន ចាប់តាំងពីការចោលសំរាមនៅក្នុងធុងរហូតដល់ដាក់ឱ្យឡានសំរាមមកយកកាកសំណល់ឈប់ប្រើប្រាស់ ដោយគិតបញ្ចូលទាំងអ្នករស់នៅតាមទីប្រជុំជន និងនៅតាមទីជនបទ។ លើសពីនេះ ការអប់រំនៅក្នុងសាលាគឺជាចំណេះជំនាញមួយប្រកបដោយគុណធម៌ជីវិតដែលអាចពុតឥរិយាបថរបស់សិស្សានុសិស្សឱ្យងាកមកគិតគូរពីបញ្ហាបរិស្ថាន។ ចំណែកស្ថាប័នពាក់ព័ន្ធមួយចំនួនក៏ត្រូវចូលរួម និងរឹតបន្តឹងចំណាត់ការនានា ដើម្បីភាពស្អាតនៅតាមរមណីយដ្ឋានដែលមានភ្ញៀវទេសចរទៅកម្សាន្ត និងដើម្បីប្រទេសជាតិទាំងមូល។
លោក ឈត ប៊ុនថង២៖ «ខ្ញុំទទួលយកនៅការអះអាងរបស់បងប្អូននៅខាងបរិស្ថានខាងទុកដាក់សំរាម ដែលគាត់បានលើកឡើងថា ការគ្រប់គ្រងសំរាមឆ្នាំនេះ(ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក)បានល្អ ហើយបងប្អូនប្រជាពលរដ្ឋយើងហ្នឹងក៏បានកែទម្លាប់បានល្អជាងមុន ខ្ញុំទទួលស្គាល់ថាបែបនេះចុះ។ ប៉ុន្តែបើយើងមើលតាមរូបភាព មានន័យថាអ្វីដែលគាត់ថាបានល្អហ្នឹង គឺឃើញសំរាមហ្នឹងវានៅសល់ច្រើនគួរសមដែលយើងគួរឱ្យបារម្ភដែរ។ អ៊ីចឹងជាគំនិតរបស់ខ្ញុំទេថា ឥឡូវនេះបងប្អូនគួរតែភ្ញាក់រឭកទៅ យើងចាប់ផ្តើមពីខ្លួនយើងម្នាក់ៗ។ ពីយើងម្នាក់ៗមានន័យថាយើងត្រូវទុកដាក់សំរាម បើយើងនៅផ្ទះយើងទុកដាក់សំរាមយើងឱ្យមានរបៀបនៅផ្ទះអ៊ីចឹងទៅ។ ហើយបើនៅហ្នឹងមានឡានសំរាម មានសេវាដឹកសំរាម យើងចងទុកដាក់ឱ្យស្អាត ពេលឡានមកយើងប្រមូលដាក់ឡានដាក់អីទៅទី១។ ទី២បើបងប្អូនយើងនៅជនបទ ក៏គួរទុកដាក់ឱ្យស្រួលបួលតើគាត់អាចកប់ ឬគាត់ដុតឬយ៉ាងណាឱ្យមានរបៀបរៀបរយទៅ។ ហើយលើសពីហ្នឹងទៀត យើងក៏អាចរៀនដាក់សំរាមតាមប្រភេទមានប្លាស្ទិកហ្នឹងផ្សេងទៅ សំរាមជារបៀបកំប៉ុងជាដបឬប្រភេទអីផ្សេងអ៊ីចឹងទៅ បណ្តុះទម្លាប់ដោយខ្លួនគាត់។»។
ដោយឡែក លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ការទុកដាក់សំរាមគឺជាផ្នែកមួយនៃការស្តែងឡើងនូវអាកប្បកិរិយា ឥរិយាបទ និងការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងសង្គម ប្រសិនបើគ្មានការកាត់បន្ថយ និងបម្រូលទុកដាក់ឱ្យបានត្រឹមត្រូវទេនោះ សំរាមនិងសំណល់ប្លាស្ទិកទាំងអស់នេះនឹងបង្កផលប៉ះពាល់ជាអវិជ្ជមានជាច្រើនទាំងផ្នែកបរិស្ថាន សោភណ្ឌភាព សុខភាពនិងជីវិតរបស់មនុស្ស សត្វ និងរុក្ខជាតិ។ លោកបន្ថែមទៀតថា កាកសំណល់សំរាមមួយចំនួនមានប្រយោជន៍សម្រាប់វិស័យកសិកម្ម ឯខ្លះទៀតអាចយកទៅកែច្នៃដើម្បីរកកម្រៃបន្ថែមបាន។
លោក ខ្វៃ អាទិត្យា១៖«យើងស្នើសុំសំណូមពរទៅដល់អ្នកពាក់ព័ន្ធទាំងអស់ជាពិសេសប្រជាពលរដ្ឋ ហើយនិងអាជ្ញាធរមូលដ្ឋាន រដ្ឋបាលក្រុងស្រុកនិងភូមិឃុំ ដើម្បីចូលរួមធ្វើម៉េចឱ្យនាំគ្នាសម្អាតព្រមៗគ្នា ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ហើយញែកសំរាមជាបន្ថែមទៀត ដើម្បីផ្តល់ផលប្រយោជន៍ទៅដល់សុខភាព ផ្តល់ប្រយោជន៍សម្រាប់សេដ្ឋកិច្ចមូលដ្ឋាន ពីព្រោះថាសេដ្ឋកិច្ចមូលដ្ឋាននេះសំខាន់ណាស់នៅពេលដែលយើងញែកសំរាមហើយ យើងទាញយកផលប្រយោជន៍ពីសំរាមមកវិញ ដូចជាសំរាមប្លាស្ទិកនេះគឺយើងអាចយកទៅលក់ឱ្យអេតចាយ ហើយចំណូលបានមកមូលដ្ឋាន ឬក៏គ្រួសារប្រជាពលរដ្ឋ។ ហើយសំរាមសរីរាង្គដែលយើងបញ្ចេញចោលនេះ មានម្ហូបអាហារ ឬក៏ស្លឹកឈើ សំបកឈើ ឬឈើអីជាដើមនេះ គឺយើងអាចយកទៅកែច្នៃធ្វើជាជីកំប៉ុស។ ហើយយើងលើកទឹកចិត្តឱ្យមានការកែច្នៃសំរាមបន្ថែមទៀត។»។
បើតាមលោក ខ្វៃ អាទិត្យា សំណល់សំរាម និងសំណល់ប្លាស្ទិកនៅក្នុងព្រះរាជធីបុណ្យអុំទូកឆ្នាំ២០២៤ ត្រូវប្រមូលទុកដាក់បានយ៉ាងល្អប្រសើរ ដោយក្នុងនោះមានការចូលរួមយ៉ាងផុសផុល ពីអាជ្ញាធរ អ្នកទេសចរណ៍ យុវជន អ្នកស្រឡាញ់បរិស្ថាន មកពីបណ្តាស្ថាប័ន អង្គការ សមាគមនានា រួមទាំងវិស័យឯកជនផងដែរ។ ចំនួនសំរាមនៅឆ្នាំ២០២៤នេះមិនមានការកើនឡើងបរិមាណគួរឱ្យកត់សម្គាល់ បើធៀបទៅនឹងបីថ្ងៃដូចគ្នានៃព្រះរាជពិធីបុណ្យអុំទូកនៅក្នុងឆ្នាំ២០២៤។ អ្នកនាំពាក្យរូបនេះបាននិយាយដែរថា ដ្បិតតែចំនួនភ្ញៀវទេសចរកើនឡើងនៅឆ្នាំ២០២៤ តែបរិមាណនៃសំរាមដែលបានប្រមូលមិនមានចំនួនកើនឡើងនោះទេ ដែលនេះសបញ្ជាក់ពីកិច្ចខិតខំរបស់ភាគីអ្នកពាក់ព័ន្ធ និងការចូលរួមចំណែករបស់ប្រជាពលរដ្ឋដែលទៅកម្សាន្តអំឡុងពេលព្រះរាជពិធី។
នាឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកាកន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនប្រមូលសំរាម បានបន្ថែមធុងសំរាមថ្មីចំនួនជាង១ពាន់ធុង លើធុងសំរាមដែលមានស្រាប់ប្រមាណ៣ពាន់ធុង សម្រាប់ដាក់ពង្រាយនៅតាមគោលដៅសំខាន់នានា។ ជារៀងរាល់ថ្ងៃរាជធានីភ្នំពេញបានបញ្ចេញសំរាមប្រមាណចន្លោះពី៣០០០ តោន ទៅ៤០០០តោនក្នុង១ថ្ងៃ ហើយក្នុងនោះសំណល់ប្លាស្ទិកមានជាង២០%។ ទោះបីជាយ៉ាងណាក៏ដោយ សំរាម ២០% តែប៉ុណ្ណោះដែលត្រូវបានកែច្នៃប្រើប្រាស់ឡើងវិញ នាពេលបច្ចុប្បន្ន។
នៅក្នុងព្រះពិធីបុណ្យអុំទូក៣ថ្ងៃកន្លងទៅនេះ អ្នកទេសចរសរុបមានចំនួន ៧លាននាក់ (៧,៨៤៤,៣៨៨នាក់) ក្នុងនោះទេសចរជាតិមានចំនួន ៧លាន៧សែននាក់ (៧,៧៥៥,០៩២នាក់) និងទេសចរបរទេសមានចំនួន ៨ម៉ឺន៩ពាក់នាក់ (៨៩,២៩៦នាក់)៕