ប្រធានាធិបតីវេណេហ្ស៊ូអេឡា លោក នីខូឡាស់ ម៉ាឌូរ៉ូ ដែលពីមុនបានប្រកាសថា ត្រូវរៀបចំការបោះឆ្នោតនៅថ្ងៃទី២២ មេសា ២០១៨ តែពេលនេះ គណៈកម្មាធិការរៀបចំការបោះឆ្នោតប្រទេសនេះបានចេញសេចក្ដីជូនដំណឹងដោយប្រកាសថា ការបោះឆ្នោតប្រធានាធិបតីត្រូវធ្វើនៅថ្ងៃទី ២០ ខែឧសភា វិញ ។
សារព័ត៌មានជាច្រើនរបស់ប្រទេសវេណេហ្ស៊ួអេឡាបានចុះផ្សាយថា ការសម្រេចពន្យារពេលការបោះឆ្នោតនេះធ្វើឡើងបន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងបក្សកាន់អំណាចនិងក្រុមគណបក្សប្រឆាំងតូចៗ។
លោក នីខូឡាស់ ម៉ាឌូរ៉ូ បានសម្រេចឈរជាបេក្ខជនប្រធានាធិបតី មួយអាណត្តិទៀត ដែលមានរយៈពេល ៦ឆ្នាំ ។
លោកស្រី Tibisay Lucena ប្រធានគណៈកម្មាការរៀបចំការបោះឆ្នោប្រទេសបានប្រកាសថា រដ្ឋាភិបាលបានយល់ព្រមដូចនេះ ដើម្បីសម្រួលអោយគណបក្សប្រឆាំងដែលនៅក្រៅប្រទេសអាចមកចូលរួមប្រកួតបោះឆ្នោត ប្រសិនបើការចរចាឈានដល់កិច្ចព្រមព្រៀងជាផ្លូវការនោះ។
ការបោះឆ្នោតប្រធានាធិបតីនៅប្រទេសវេណេហ្ស៊ូអេឡាទំនងមិនមានអ្នកសង្កេតការណ៍អន្ដរជាតិចូលរួមនោះទេ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres ត្រូវបានស្នើឱ្យបញ្ជូនអ្នកសង្កេតការណ៍បរទេស ប៉ុន្ដែមកដល់ពេលនេះលោកមិនបានឆ្លើយតបនោះទេ ។នេះបើតាមបណ្ដាញផ្សាយព័ត៌មាន BBC ដែលចុះផ្សាយនៅថ្ងៃសុក្រ ទី ៣ ខែមីនានេះ។
គណបក្សប្រឆាំងនិងគណបក្សកាន់អំណាចរបស់ប្រធានាធិបតីម៉ាឌូរ៉ូ បានជួបចរចាជាមួយគ្នានៅប្រទេសឌូមីនិក ចំនួន ៤លើកមកហើយ ដោយបានលទ្ធផលតិចតួចប៉ុណ្ណោះ ។
គណបក្សប្រឆាំងប្រកាសថា ទោះបីជាពន្យារពេលការបោះឆ្នោតក៏ដោយ ក៏ពួកគេមិនចូលរួមប្រកួតនោះដែរ គឺរហូតទាល់តែមានដំណោះស្រាយនយោបាយទូលំទូលាយជាមុនសិន។
ប្រទេសវេណេហ្ស៊ូអេឡាបច្ចុប្បន្នកំពុងប្រឈមមុខដាក់ទណ្ឌកម្មហិរញ្ញវត្ថុលើមន្រ្ដីបក្សកាន់អំណាចដែលការដាក់ទណ្ឌកម្មនេះធ្វើឡើងដោយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក រួមទាំងប្រទេសកាណាដា៕BBC