
ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាពិធីបុណ្យប្រពៃណីជាតិមួយ ដែលគេតែងរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃ ៤រោច ខែ ពិសាខ។ សម្រាប់ឆ្នាំ២០២០នេះ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គល់ គ្រោងនឹងប្រារព្ធឡើងនៅខេត្តកំពង់ធំ ក៏ប៉ុន្តែដើម្បីចូលរួមទប់ស្កាត់ និងការពារការឆ្លងរីករាលដាលនៃជំងឺកូវីត១៩ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកពិធីបុណ្យច្រុតព្រះនង្គល់នៅឆ្នាំនេះ ដោយយោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាជាអម្ចាស់ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គឈ្វេងយល់អំពីទុក្ខលំបាក នៃផលប៉ះពាល់ពីជំងឺរលោកផ្លូវដង្ហើមប្រភេទថ្មីកូវីដ-១៩ដែលកំពុងរាតត្បាតនៅទូទាំងពិភពលោក ហើយព្រះរាជាណាចក្រកម្ពុជាយើង ក៏កំពុងរងផលប៉ះពាល់នេះដែរ។
ដូច្នេះទំនៀមស្ដេចច្រត់ព្រះនង្គ័លនៅកម្ពុជរដ្ឋ ទើបនឹងមានក្នុងសម័យនេះ ឬក៏មានតាំងពីបុរាណកាលមក?
កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ជូននូវសេចក្តីអត្ថាធិប្បាយលំអិត៖
ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាទំនៀមទម្លាប់បវេណីរបស់ខ្មែរតាំងពីអតីតកាល ដែលត្រូវបានប្រារព្ធធ្វើដើម្បីប្រកាសពីដំណើរមកដល់នៃរដូវធ្វើស្រែចម្ការរបស់ប្រជានុរាស្ត្រ និងជាពិសេស ដើម្បីផ្សងប្រផ្នូលពីភោគផលកសិកម្មនាឆ្នាំខាងមុខ។ នៅក្នុងបរិបទសង្គមខ្មែរសព្វថ្ងៃ ជំនឿចំពោះពិធីច្រត់ព្រះនង្គ័លហាក់ដូចជាថមថយជាងមុន។ បើទោះបីជាជំនឿចំពោះពិធីនេះថមថយក៏ដោយ ក៏ការអភិរក្សនិងថែរក្សាទំនៀមទម្លាប់នេះនៅតែជារឿងចាំបាច់ ដើម្បីឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិខ្មែរ។
ទំនៀមច្រត់ព្រះនង្គល់ត្រូវបានអ្នកបុរាណវិទូជាច្រើនបានធ្វើការសន្និដ្ឋានថា អាចមានកំណើតមកយ៉ាងតិចណាស់នៅក្នុងសម័យក្រុងនគរធំ ព្រោះមានរូបចម្លាក់មួយឈ្មោះថា ពលទេព ឬហៅម្យ៉ាងទៀតថាពលរាម ជាចម្លាក់លីនង្គ័ល ដែលត្រូវបានគេដឹងថាកសាងឡើងសម្រាប់បូជាក្នុងពិធីច្រត់ព្រះនង្គល់ ហើយរូបនេះត្រូវបានកសាងឡើងតាំងពីសម័យនគរធំ ឬអាចថាមុននេះទៅទៀតក៏អាចថាបាន ហើយក្នុងសម័យនោះគង់សាងឡើងជាច្រើន សព្វថ្ងៃនេះគេឃើញរូបមួយនៅមានហោព្រះបញ្ចក្សត្រក្នុងព្រះបរមរាជវាំងជារូបសមិទ្ធិលីនង្គ័ល ឬចបកាប់មើលមិនច្បាស់ រូបមួយទៀតធ្វើដោយថ្មភក់ជារូបលីនង្គ័ល មាននៅសារមន្ទីរភ្នំពេញ ដោយហេតុមានរូបនេះជាស្នាដៃរបស់ខ្មែរសាង មាននៅក្នុងមណ្ឌលស្រុកខ្មែរតាំងពីបុរាណកាល ដូច្នេះទើបនាំឲ្យយល់ថា ទំនៀមច្រត់ព្រះនង្គ័លគង់មានមកពីបុរាណយ៉ាងតិចណាស់ក៏ត្រឹមសម័យក្រុងនគរធំ។

ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីបុណ្យដែលខ្មែរបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅថ្ងៃទី៤រោចខែពិសាខ ដើម្បីជាប្រកាសពីដំណើរមកដល់នៃរដូវធ្វើស្រែចម្ការរបស់ប្រជារាស្ត្រក្នុងនគរ និងដើម្បីផ្សងប្រផ្នូលពីភោគផលកសិកម្មនាឆ្នាំខាងមុខ។
នៅថ្ងៃទី១រោច ដល់ថ្ងៃទី៣រោចខែពិសាខ គេចាត់ឲ្យព្រាហ្មណ៍៥នាក់ធ្វើហោមពិធីបូជាទេវតា៥អន្លើនៅទីព្រះស្រែ។ ថ្ងៃទី៤រោចខែពិសាខ គេចាប់ហែមន្ត្រីអ្នកច្រត់ព្រះនង្គ័លតំណាង ព្រះមហាក្សត្រចេញពីព្រះបរមរាជវាំងទៅកាន់ទីព្រះស្រែ។ ព្រះមហាក្សត្រខ្មែរ យកព្រះទ័យទុកដាក់ចំពោះពិធីនេះណាស់ ដោយពីអតីតកាល ទ្រង់បានយាងច្រត់ព្រះនង្គ័លដោយអង្គឯង។ ប៉ុន្តែសម័យក្រោយៗមក ព្រះមហាក្សត្រគ្រាន់តែយាងជាអធិបតី ដោយមានតំណាងព្រះមហាក្សជាអ្នកច្រត់នង្គ័លជំនួសវិញ។

គោឧសភរាជ ៣នឹម ទឹមច្រត់ព្រះនង្គ័លត្រៀមចាំនៅមុខរោងពិធី ពេលព្រឹកម៉ោង៧កន្លះចាប់ផ្ដើមច្រត់ព្រះនង្គ័លពីទិសនិរតីវិល ស្ដាំ រៀងគ្រប់បីជុំឈប់ ដោះព្រះគោឲ្យបរិភោគអាហារ៧យ៉ាង។ មុនថ្ងៃទី១រោច ខែពិសាខ ក្រុមមេការត្រូវរៀបចំធ្វើរោងមណ្ឌលពិធីនៅព្រះស្រែ៥អន្លើ គឺនៅត្រង់ទិស បូព៌ាមួយ ទិសអាគ្នេយ៍មួយ ទិសនិរតីមួយ ទិសពាយ័ព្យមួយ និងទិសឦសានមួយ។ ខ្នាតរោងនីមួយៗទំហំទទឹង២ហត្ថកន្លះ បណ្ដោយ៤ហត្ថ ក្រាលរនាប ជញ្ជាំងស្លឹកភ្ជល់ ដំបូលប្រក់ស្លឹកដូចគ្នាទាំង៥អន្លើ។
- រោងទិសបូព៌ា ជាមុខងារសេនាបតីទី១
- រោងទិសអាគ្នេយ៍ ជាមុខងារសេនាបតីទី២
- រោងទិសនិរតី ជាមុខងារសេនាបតីទី៣
- រោងទិសពាយ័ព្យ ជាមុខងារសេនាបតីទី៤
ក្រៅពីនោះមានការសង់ព្រះពន្លាមួយខ្នង ជាទីសម្រាប់គង់ទតការច្រត់ព្រះនង្គ័ល។ ខ្នាតព្រះពន្លាទទឹង១៤ហត្ថ បណ្ដោយ៤៦ហត្ថ បាសសំពត់យ៉ាងប៉ារ៉ាំ បាំងវាំងនន និងតាំងព្រះទីនាំងកៅអីសម្រាប់ព្រះករុណាគង់ និងកៅអីសម្រាប់មន្ត្រីរាជការ និងប្រដាប់ដោយទង់តាមសមគួរ។
ក្នុងវេលាមុនច្រត់ព្រះនង្គ័ល៣ថ្ងៃ គឺក្នុងពេលដែលព្រាហ្មណ៍ធ្វើពិធី៣ថ្ងៃ ព្រះគោទាំងគូ និងព្រះនង្គ័លនោះតាមទំនៀមពីដើម គេយកទៅតាំងក្នុងរោងមួយដែលទើបសង់ថ្មី នៅក្នុងទីព្រះស្រែនោះ ដោយមានភ្នាក់ងារក្រុមព្រះស្រែមើលថែរក្សា ដាក់ស្មៅ ដាក់ទឹកឲ្យព្រះគោស៊ី ផឹក ឆ្អែតឆ្អន់រាល់ថ្ងៃ ក្នុងរវាង៣ថ្ងៃនោះ ហាមមិនឲ្យយកចេញទៅក្រៅទីព្រះស្រែ សម្ដេចឥសីភទ្ទាធិបតីម៉ាំងថា ព្រះគោ និងព្រះនង្គ័លនេះធ្លាប់មានជារបស់ព្រះរាជទ្រព្យមកតាំងពី បុរាណ ទើបមកលើកលែងក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ ដោយលុបមិនឲ្យមានក្រុមក្សត្រ និងមិនឲ្យមានគោព្រះរាជទ្រព្យឡើយ ដល់ពេលធ្វើព្រះរាជពិធី គេយកតែនង្គ័លទៅតាំងនៅរោងទិសនិរតី រហូតដល់សព្វឆ្នាំនេះការតាំងដូច្នោះដើម្បីឲ្យព្រះគោ និងព្រះនង្គ័លចូលក្នុងពិធីរបស់ព្រាហ្មណ៍ផង។
កាលព្រាហ្មណ៍ធ្វើហោមពិធីគ្រប់បីថ្ងៃហើយ ក្នុងថ្ងៃទី៤ ពេលព្រឹកព្រះរាជាព្រះអង្គឯង ឬទ្រង់ចាត់ឲ្យអ្នកតំណាងចេញទៅច្រត់ព្រះនង្គ័ល តែមកសម័យនេះឃើញទ្រង់ចាត់ឲ្យមានតំណាងព្រះអង្គរាល់ៗឆ្នាំ។
អ្នកតំណាងព្រះអង្គ ឬស្ដេចមេឃ តែងខ្លួនក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមតាមបែបចាស់ទុំតំណាលមកគឺ៖
- ស្លៀកសំពត់សារបាប់ពណ៌លឿងទុំសំឡុយ
- ពាក់អាវសាបាប់លឿងទុំ
មកក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្តិមុនីវង្ស និងក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះសីហនុវរ្ម័ន មានពាក់ស្រោមជើងពណ៌ខ្មៅផង។
ឯចំណែកជំទាវ ឬមេហួ ក្នុងរជ្ជកាលព្រះករុណាព្រះបាទនរោត្តម តាមចាស់ទុំទាំងឡាយតំណាលមកថា តែងខ្លួនដូច្នេះដូចតទៅ៖
- ពាក់សំពត់សារបាប់ សំឡុយ
- ពាក់អាវបំពង់វែង ពណ៌លឿងទុំ
- ពានាក្រមាពណ៌លឿងបៃតង
- ប្រដាប់គ្រឿងពេជ្រ គឺពាក់ទំហ៊ូ ពាក់ខ្សែមាសឆៀងខ្លួន ពាក់ចិញ្ចៀនក្បាលទទេ។
មកក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះស៊ីសុវត្តិ តាមដែលប្រាកដ ក្នុងកំណត់ព្រះរាជពិធីច្រត់ព្រះនង្គ័លក្នុងឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ២៤៤៨ គ្រិស្តសករាជ១៩០៥ថា ៖
មកដល់ក្នុងកាលបច្ចុប្បន្ន គេឃើញព្រះមេហួតែងខ្លួនប្រហែលកូនល្ខោនគឺ ៖
- ស្លៀកពាក់សារបាប់សំឡុយ
- ពាក់អាវទ្រនាប់ពណ៌លឿងរឹតខ្លួន
- ពាក់ស្បៃឆៀងដូចកូនល្ខោន
- និងប្រដាប់មាសពេជ្រដូចពោលហើយ។
ឯមហាតលិកទាំងបួនរបស់ស្ដេចមេឃ តែងខ្លួនរបៀបបច្ចុប្បន្ន ស្លៀកសំពត់ពណ៌ចងក្បិន ពាក់អាវផ្កាមាសនង ពាក់មួកប្រពាត់ដូចៗគ្នា នាងសាវឡិករបស់ជំទាវ ស្លៀកសំពត់ពណ៌ គឺពីរនាក់ពណ៌ម្យ៉ាង និងពីរនាក់ទៀតពណ៌ម្យ៉ាង ពាក់អាវទ្រនាប់រឹតខ្លួន ពានាក្រមាពណ៌ពីរនាក់ ពណ៌ម្យ៉ាង និងពីរនាក់ទៀត ពណ៌ម្យ៉ាង ក្បាលឥតមានពាក់អ្វីទេ។
របៀបតែងខ្លួនអ្នកតំណាងព្រះអង្គ នូវបរិពារ និងចំនួនមនុស្ស បើប្រមើលមើលតាំងពីបុរាណកាលរៀងមកសម័យនេះ គេស្មានថាគង់មិនឈរបែបតែមួយទេ រមែងមានការកែប្រែរេទៅតាមសម័យខ្លះជាធម្មតា តែគង់មិនឆ្ងាយប៉ុន្មានអ្វីពីរបៀបដើម។
ការជួបជុំសព្វគ្រប់ដូច្នេះ ហើយលំដាប់នោះក្បួនហែក៏ហែទៅដល់ទីព្រះស្រែក្នុងពេលបន្ទាប់ៗ គ្នានេះកាលទៅដល់ស្ដេចមេឃ និងព្រះមេហួចូលទៅថ្វាយបង្គំព្រះទេវរូបនៅរោងពិធីទិសនិរតី(ជា ទីតាំងព្រះចន្ទទេវរូប) បាគូផ្លុំស័ង្ខ៣បទ រួចចេញច្រត់ព្រះនង្គ័លភ្នាក់ងារអ្នកកាន់នង្គ័លស្ដេចមេឃក៏ប្រគល់ឲ្យស្ដេចមេឃ ហើយចេញទៅដើរនាំមុខនង្គ័ល១ច្រត់មុខយោង នង្គ័ល១ទៀតច្រត់តាមក្រោយព្រះនង្គ័លស្ដេចមេឃនៅជាកណ្ដាល មានម្នាក់បាំងក្លស់និងមហាតលិក៤នាក់កាន់គ្រឿងដើរតាមក្រោយ។
មេហួដើរក្រោយនង្គ័លទី៣ម្នាក់បាំងក្លស់ និងសាវឡិក៤នាក់ កាន់គ្រឿងដើរហែតាមក្បួនព្រះនង្គ័លចេញច្រត់ជាទក្ខិណាព័ទ្ធ៣ជុំ ខណៈកំពុងច្រត់នោះ មេហួចាប់ស្រូវហៅថាក្រយាសំពាន់ក្នុងកញ្ជើព្រាចសាចទៅឆ្វេង ទៅស្ដាំដរាបណាឈប់ច្រត់ តែក្នុងមួយជុំពួកបាគូផ្លុំស័ង្ខម្ដង។
លុះច្រត់គ្រប់បីជុំហើយ ភ្នាក់ងារដែលដើរនាំមុខ ក៏ដើរនាំក្បួនព្រះនង្គ័លទៅឈប់ដោះគោចេញពីនឹមនៅទីទាបខាងរោង ពិធីទិសបូព៌ា។
លំដាប់នោះព្រាហ្មណ៍ព្រះរាជគ្រូសូត្រពាក្យអធិដ្ឋានផ្សងគោឧសភរាជ ដែលទឹមច្រត់ព្រះនង្គ័លនោះឲ្យស៊ីផឹកអាហារទាំង៧យ៉ាង ដែលភ្នាក់ងាររៀបដាក់តុប្រាក់ធំៗតាំងទុកនៅទីមុខព្រះពន្លា គឺគ្រាប់ស្រូវមួយតុ គ្រាប់សណ្ដែកមួយតុ គ្រាប់ពោតមួយតុ គ្រាប់ល្ងមួយតុ ស្មៅស្រស់មួយតុ ទឹកមួយតុ ស្រាមួយតុ។ សូត្រចប់ព្រាហ្មណ៍ព្រះរាជគ្រូយកទឹកមន្តប្រស់ក្បាលព្រះគោ ទាំងពីរហើយមន្ត្រីម្នាក់ ដែលកាន់នង្គ័លស្ដេចមេឃដឹកគោឧសភរាជទាំងពីរទៅឲ្យស៊ី ផឹករបស់ទាំង៧យ៉ាង គឺដឹកទៅជិតរបស់ទាំង៧យ៉ាងស្រេចហើយ តែគោឧសភរាជចូលចិត្តស៊ី ផឹកអ្វី ក៏ស៊ីផឹកទៅ គេមិនបង្ខំឲ្យស៊ី ផឹកចំពោះអាហារណាមួយៗទេ កាលព្រះគោស៊ី ផឹកអ្វីម្យ៉ាង ឬពីរយ៉ាង ព្រហ្មណ៍ក៏ទាយផលប្រផ្នូលទៅខាងមុខតាមនោះ។ ទំនាយមិនជាការប្រាកដបានទេ គឺថាបើព្រះគោស៊ីអ្វីក៏ទាយថា ក្នុងឆ្នាំនេះរបស់នេះសម្បូរប្លែក តែបើស៊ីស្មៅទាយថា នឹងកើតជំងឺគោ បើផឹកស្រា នឹងកើតមនុស្សពាលចោរលួចចោរប្លន់ជាច្រើន។

លំដាប់នោះស្ដេចមេឃ និងនាងមេហួចូលទៅថ្វាយបង្គំព្រះទេវរូប នៅក្នុងរោងមណ្ឌលទិសខាងកើត នោះពួកបាគូក៏ចូលផ្លុំស័ង្ខ ព្រះរាជគ្រូយកទឹកមន្តប្រោះព្រំឲ្យអ្នកទាំងពីរ ព្រមទាំងឲ្យសព្វសាធុការពរឲ្យបានប្រកបដោយសេរីសួស្ដី នូវសេចក្ដីសុខ មហាប្រសើររៀងទៅប៉ុណ្ណោះជាការសម្រេចព្រះរាជពិធីច្រត់ព្រះនង្គ័លហើយ។
នៅក្នុងព្រះរាជពិធីមង្គលនេះ ជារៀងរាល់ពេលដែលគោឧសភរាជទាំងពីរបរិភោគអាហារទាំង៧មុខរួចហើយ ប្រជារាស្ត្រខ្មែរតែងតែនាំគ្នាយកសំណល់អាហារជាអាថិ៍ដូចជា ស្រូវ សណ្ដែក ពោត និងល្ងជាដើម ដើម្បីរក្សាទុក ដោយមានជំនឿថា សំណល់អាហារទាំងនោះ នឹងផ្ដល់សេចក្ដីសុខចំពោះរូបគេម្នាក់ៗ។ ចំណែកប្រជានុរាស្ត្រដែលចិញ្ចឹមជីវិតដោយរបរកសិកម្មវិញ តែងមានជំនឿថា ប្រសិនបើបានយកសំណល់គ្រាប់ធុញ្ញជាតិទាំងនោះ ទៅរួមផ្សំជាមួយគ្រាប់ពូជដែលពួកគេត្រូវបង្កបង្កើនផលនារដូវខាងមុខ នោះរបរកសិកម្មរបស់ពួកគេនឹងចម្រុងចម្រើន ទទួលបានទិន្នផលខ្ពស់ជាដើម។ ដោយឡែក ការទស្សន៍ទាយនៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ក៏ត្រូវបានប្រជាកសិករតាំងតែពីបុរាណកាល ជឿជាក់និងតាមដានយ៉ាងយកចិត្តទុកដាក់ផងដែរ។

ជាការពិត ពិធីច្រត់ព្រះនង្គ័លគឺជាជំនឿរបស់ប្រជារាស្ត្រ ជាពិសេសប្រជាកសិករ។ ប៉ុន្តែរហូតមកទល់សព្វថ្ងៃនេះ គេមិនអាចបដិសេធបានទេនូវភាពថមថយនៃជំនឿរបស់កសិករចំពោះ ព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ។ ជំនឿដែលថមថយនោះទៀតសោត ចម្បងបំផុតគឺដោយសារតែភាពជឿនលឿននៃវិទ្យាសាស្ត្របច្ចេកវិទ្យា។ ជំនឿនិងវិទ្យាសាស្ត្រ ជារឿងពីរផ្សេងគ្នា។ ជំនឿរបស់ប្រជាកសិករចំពោះពិធីច្រត់ព្រះនង្គ័លជារឿងមួយ។ ចំណែកឯការប្រែប្រួលអាកាសធាតុនិងបញ្ហាវិទ្យាសាស្ត្រជារឿងមួយផ្សេងទៀត។ រឿងទាំងពីរនេះ ពិបាកនឹងដើរស្របគ្នារហូតណាស់។ ដូច្នេះហើយ បើទោះបីជាទំនាយទាយថាល្អ ប៉ុន្តែប្រសិនបើមិនសូវមានទឹកភ្លៀង ដំណាំកសិកម្មក៏ពិបាកនឹងទទួលទិន្នផលល្អប្រសើរដែរ។ បើទោះបីជាយ៉ាងណាក៏ដោយ បើទោះបីជាជំនឿថយចុះខ្លះក៏ដោយ ក៏ទំនៀមទម្លាប់បវេណីច្រត់ព្រះនង្គ័លនេះ នៅតែមានឥទ្ធិពលនៅក្នុងសង្គមខ្មែរជានិច្ច។ ទំនៀមទម្លាប់ប្រពៃណីនេះ បានចាក់ឫសយ៉ាងជ្រៅ នៅក្នុងអារម្មណ៍របស់មនុស្សខ្មែរគ្រប់ជំនាន់ រហូតក្លាយជាអត្តសញ្ញាណដែលពិបាកនឹងលុបបំបាត់។ ដូច្នេះការអភិរក្សនិងថែរក្សាទំនៀមទម្លាប់បវេណី ដែលកើតមានតាំងពីច្រើនជំនាន់មកហើយនោះ គឺជារឿងចាំបាច់ ដើម្បីថែរក្សាអត្តសញ្ញាណជាតិខ្មែរ និងដើម្បីឲ្យកូនខ្មែរព្រមទាំងពិភពលោកទាំងមូលបានស្គាល់និងយល់ដឹង៕
អត្ថបទដោយ អ៊ុំ ច័ន្ទលក្ខិណា