ភ្នំពេញ៖ តាមការសង្កេតរបស់អ្នកតាមដានព្រឹត្តិការណ៍សង្គមយល់ឃើញថា ទោះបីជារាជរដ្ឋាភិបាលព្យាយាមបង្រ្កាបល្បែងខុសច្បាប់ជាបន្តបន្ទាប់យ៉ាងណាក្តី តែការបង្រ្កាបល្បែងខុសច្បាប់ទាំងនេះនៅមិនទាន់មានប្រសិទ្ធភាព ពោលគឺបង្ក្រាបមិនចេះអស់ ពិសេសល្បែងអនឡាញ។ សម្រាប់អ្នកឃ្លាំមើលបញ្ហាសង្គមយល់ថា បញ្ហាល្បែងអនឡាញនេះបានក្លាយជាជំងឺរបស់សង្គមទៅហើយ ដោយជនរងគ្រោះខ្លះបានធ្វើអត្តឃាតព្រោះគ្មានច្រកដោះស្រាយ។ ចំពោះមុខបញ្ហានេះ អ្នកតាមដានសង្គម ជំរុញឱ្យក្រសួងមហាផ្ទៃនិងអាជ្ញាធរពាក់ព័ន្ធលុបបំបាត់កាស៊ីណូ ឬល្បែងអនឡាញ ដ្បិតមិនបានផ្តល់ផលប្រយោជន៍ដល់សង្គម ហើយក៏មិនអាចប្រមូលពន្ធពិសេសលំបាកគ្រប់គ្រងផងដែរ។ អ្នកស្រី វ៉ាយ វត្តីជូនសេចក្តីរាយការណ៍
ទាក់ទងនឹងបញ្ហា ល្បែងអនឡាញនេះ លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបានឱ្យដឹងថា ល្បែងអនឡាញបច្ចុប្បន្នបានក្លាយជាជំងឺសង្គមទៅហើយ។ លោកថាល្បែងអនឡាញ បានប្រើរូបភាពទាក់ទាញតាមរយៈការផ្តល់រង្វាន់ទាក់ចិត្តអ្នកលេងជាដំបូង បន្ទាប់មកអ្នកលេងនឹងលង់ខ្លួនដោយមិនដឹងខ្លួន រាប់ចាប់តាំងពីល្បែងកាស៊ីណូ ល្បែងអនឡាញមានប្រភេទ ជល់មាន់ ជល់ជ្រូក ជាដើមដែលកំពុងតែវាយលុកខ្លាំង។
បន្ថែមពីលើនេះលោកថា ល្បែងអនឡាញ បានបំផ្លាញសេដ្ឋកិច្ច និងអាចជាចំណែកមួយបង្កើតឱ្យមានអំពើហិង្សាគ្រួសារ ការឆក់ប្លន់ក្នុងសង្គមផងដែរបន្ទាប់ពីចាញ់ល្បែង។
លោក ប៉ា ចន្ទរឿន៖«រដ្ឋាភិបាលកន្លងមកមានច្បាប់រឹតបន្តឹងការធ្វើកាស៊ីណូ ត្រូវឆ្ងាយពីក្រុង និងកាស៊ីណូបរទេស គឺសម្រាប់តែជនបរទេស មិនអនុញ្ញាតឱ្យជនជាតិខ្មែរ ទៅលេង ។ ប៉ុន្តែកាស៊ីណូអនឡាញគ្រប់គ្រងអត់បាន ដូច្នេះក្រសួងមហាផ្ទៃ និងអាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់លុបបំបាត់កាស៊ីណូ ឬល្បែងអនឡាញ ពីព្រោះវាមិនមានផ្តល់ផលប្រយោជន៍ អ្វីដល់សង្គម មិនអាចប្រមូលពន្ធអីបាន ហើយក៏ពិបាកគ្រប់គ្រង។ បន្ថែមពីលើហ្នឹង វាបំផ្លាញសេដ្ឋកិច្ច គ្រួសារ ធ្វើឱ្យប្រជាពលរដ្ឋយើងមួយចំនួនលង់ខ្លួននឹងល្បែងស៊ីសង ក្លាយទៅជាជនរងគ្រោះ។ អាចជាចំណែកមួយដែលបង្កើតឱ្យមានអំពើហិង្សាគ្រួសារ និងការឆក់ប្លន់នៅក្នុងសង្គម ផងដែរបន្ទាប់ពីចាញ់ល្បែង»។
ស្រដៀងគ្នានេះដែរ អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មានប្រសាសន៍ថា ពាក្យថាល្បែង មិនថាអនឡាញ ឬផ្ទាល់នោះទេគឺមិនល្អសម្រាប់ពលរដ្ឋ ថែមទាំងនាំឱ្យវិនាសក្នុងគ្រួសារ និងសង្គមជាតិ។ ក្នុងនាមជាគ្រូបង្រៀនមួយរូបអ្នកស្រី មិនគាំទ្រឱ្យមានល្បែងគ្រប់ប្រភេទសូម្បីតែល្បែងជល់មាន់ ឬក៏ល្បែងភ្នាល់ផ្សេងៗ។
អ្នកស្រី អ៊ុក ឆាយ៉ាវី៖«ដោយសារតែល្បែងនេះហើយ យើងឃើញថា សូម្បីតែគ្រូបង្រៀនក៏ដាច់ចិត្តសម្លាប់ខ្លួន ព្រោះតែល្បែង អ៊ីចឹងខ្ញុំសុំលើកកម្ពស់ដល់សិស្សានុសិស្ស ប្រជាពលរដ្ឋទាំងអស់ឱ្យយល់ដឹងពីការសិក្សា ពីការរកប្រាក់ចំណូល កុំគិតខ្លី កុំចង់បានទ្រព្យគេដោយសតែល្បែង រកទ្រព្យដោយញើសឈាមរបស់ខ្លួនឯងដើម្បីពង្រីកមុខរបរយើងវាប្រសើរជាង»។
ងាកមកអ្នកជំនាញទស្សនវិជ្ជា និងអ្នកតាមដានកិច្ចការសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជាឯណ្ណោះវិញ លោកបណ្ឌិត ឈត ប៊ុនថង មានប្រសាសន៍ថា សាវនាល្បែងអនឡាញ ដំបូងឡើយផ្តើមចេញមកពីការចាក់ភ្នាល់បាល់ ជាមួយនឹងក្រុមហ៊ុនមួយចំនួនដែលមានអាជ្ញាបណ្ណស្របច្បាប់។ ប៉ុន្តែក្រោយមក ដោយឃើញបញ្ហាជាច្រើនកើតមានឡើង ទើបរដ្ឋាភិបាលសម្រេចលបិទល្បែងភ្នាល់បាល់នេះ។ ប៉ុន្តែបន្ទាប់ពីមានការចាប់ផ្តើមមានវិនិយោគិនចិនចូលមក ជាពិសេសនៅក្រុងព្រះសីហនុ គេក៏សង្កេតឃើញមានការចាប់ផ្តើមមានល្បែងអនឡាញតែម្តង។
តាមដានកិច្ចការសង្គមរូបនោះបញ្ជាក់ថា ទោះជារដ្ឋាភិបាលតែងមានវិធានការផ្លូវច្បាប់ជាបន្តបន្ទាប់លើល្បែងអនឡាញខុសច្បាប់ក៏ពិតមែន តែលោកថាការបង្រ្កាបហាក់ពុំសូវមានប្រសិទ្ធភាព ហើយបញ្ហាល្បែងអនឡាញនៅតែមានឥទ្ធិពលក្នុងសង្គមខ្មែរដដែល។
លោកបណ្ឌិត ឈត ប៊ុនថង៖« ខ្ញុំឃើញថាមានបងប្អូនយើង ខ្លះគាត់លេងមានប្រុសមានស្រី មានក្មេងមានចាស់ មានទាំងអ្នកចេះដឹង អ្នកមិនចេះដឹង អ្នកក្រ អ្នកមានគឺលេង មិនទាំងអស់ទេ ប៉ុន្តែមួយចំនួនគឺលេងអ៊ីចឹងហើយ បានជាយើងឃើញថ្មីនេះមានផលប៉ះពាល់ច្រើន អ្នកខ្លះប៉ះពាល់ គាត់នៅស្ងៀម អ្នកខ្លះប៉ះពាល់ទៅគាត់អាចទៅលោតទឹកសម្លាប់ខ្លួន ឬក៏ធ្វើអត្តឃាតតាមរូបភាពផ្សេងៗ ថ្មីៗបំផុតនេះមានគ្រូបង្រៀនម្នាក់ យើងឃើញទាំងអស់គ្នាសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងតាមរយៈការធ្វើអត្តឃាត តែមុននឹងគាត់បញ្ចប់ជីវិតខ្លួនឯងគាត់សម្លាប់ទាំងប្រពន្ធ និងកូនរបស់គាត់ទៅទៀត អ៊ីចឹងយើងឃើញថា យើងមើលករណីដែលកើតឡើងបន្តបន្ទាប់ គឺផលប៉ះពាល់ពីល្បែងអនឡាញច្រើនណាស់ ធ្ងន់ធ្ងរណាស់ ដែលយើងគួរតែពិចារណាទាំងអស់គ្នា»។
ជុំវិញរឿងនេះ លោក ឆឹង ចន្ថ ទីប្រឹក្សាបច្ចេកទេសរបស់អគ្គលេខាធិការដ្ឋាននៃគណៈគម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ឆ្លើយតបទៅនឹងសកម្មភាពល្បែងស៊ីសងខុសច្បាប់ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានអនុវត្តវិធានការជាប្រចាំ ដែលរួមមានការអប់រំ ការទប់ស្កាត់ និងការបង្ក្រាប។ ជាក់ស្ដែងសកម្មភាពដែលគណៈកម្មការ បានដាក់ចេញមាន សេចក្ដីជូនដំណឹងចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ស្ដីពីការគ្រប់គ្រងការផ្សព្វផ្សាយអំពីល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ។
ជាងនេះក្រុមជំនាញបានស្រាវជ្រាវ និងតាមដានគេហទំព័រ, Facebook, សារតាមទូរសព្ទ, និងTelegram ជាដើម ដែលផ្សព្វផ្សាយពាណិជ្ជកម្មពីល្បែងស៊ីសងខុសច្បាប់ និងបានបញ្ជូនតំណភ្ជាប់សម្រាប់លេងល្បែងខុសច្បាប់ទាំងនោះទៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីបិទខ្ទប់ និងកាត់ផ្ដាច់ចោល។ នីតិវិធីបន្ទាប់គឺជំនាញបញ្ចូនសំណុំរឿងទៅអគ្គស្នងការដ្ឋាននគបាលជាតិ ដើម្បីស្រាវជ្រាវ ស៊ើបអង្កេត និងចាត់វិធានការបង្រ្កាប។
ជាសារគន្លឹះបន្ថែម លោកបណ្ឌិត ឈត ប៊ុនថង ថា «អាជ្ញាធរពាក់ព័ន្ធដែលរដ្ឋាភិបាលបានប្រគល់អំណាចឱ្យគួរតែចាត់វិធានការបង្ក្រាបល្បែងអនឡាញឱ្យមានប្រសិទ្ធិភាព ហើយលុបបំបាត់ឱ្យអស់នូវរូបភាពមិនប្រក្រតី ភាពអសកម្ម ឬក៏អាចជាអំពើពុករលួយ។ បន្ថែមលើនេះ ក៏ត្រូវមានការចូលរួមពីពលរដ្ឋទាំងអស់គ្នា ត្រូវជួយផ្សព្វផ្សាយ ជួយអប់រំទាំងនៅក្នុងគ្រួសារ សាលារៀន និងប្រព័ន្ធផ្សព្វផ្សាយ ត្រូវផ្សព្វផ្សាយពីផលប៉ះពាល់ធ្ងន់ធ្ងរទៅដល់សង្គមដោយសារល្បែងអនឡាញនេះ។ កិច្ចការងារទាំងអស់ខាងលើនេះលោកបណ្ឌិត សុំឱ្យមានការចុះសម្រុងគ្នារវាងប្រជាពលរដ្ឋ រវាងអ្នកជំនាញពាក់ព័ន្ធ ប្រព័ន្ធផ្សព្វផ្សាយ អាជ្ញាធរដែនដី និងរដ្ឋាភិបាលធ្វើយ៉ាងណាយើងធ្វើដំណើររួមគ្នាឆ្ពោះទៅរកការប្រយុទ្ធប្រឆាំងលុបបំបាត់ល្បែងអនឡាញនៅក្នុងសង្គមខ្មែរ បើមិនដូច្នេះទេសង្គមខ្មែរ យើងនៅតែរងគ្រោះដោយសារតែល្បែងអនឡាញ។»
តាមការបញ្ជាក់ពីលោក ឆឹង ចន្ថា ឱ្យដឹងថា បច្ចុប្បន្ននេះ អាជ្ញាបណ្ណល្បែងផ្សងសំណាងដែលនៅដំណើរការមាន ១៨ ក្រុមហ៊ុន និង៤១ សាខា ដែលអាចធ្វើប្រតិបត្តិការអាជីវកម្មបានតែនៅទីតាំងជាក់លាក់ដែលកំណត់នៅក្នុងអាជ្ញាបណ្ណល្បែងផ្សងសំណាង និងអាជ្ញាបណ្ណសាខាល្បែងផ្សងសំណាងតែប៉ុណ្ណោះ។
ពាក់ព័ន្ធបញ្ហាល្បែងស៊ីសងនេះ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសារាចរណែនាំ មួយនៅថ្ងៃទី៤ ខែធ្នូនេះ ឱ្យបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់។ ក្នុងសារាចរនេះ លោកបានណែនាំឱ្យបញ្ឈប់ជាបន្ទាន់រាល់ការបង្កើតគេហទំព័រ គណនី ឬទំព័រក្នុងបណ្តាញទំនាក់ទំនងសង្គម ដែលមានរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទោះល្បែងស៊ីសងលេង ដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញក្តី៕