ភ្នំពេញ ៖ នៅថ្ងៃទី ០៤ ឧសភា តំណាងប្រជាពលរដ្ឋ យុវជន និងស្ត្រី បានដាក់លិខិតស្នើសុំសាលារាជធានីភ្នំពេញ ដង្ហែញត្តិទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីសុំឱ្យមានការពិចារណាដោះលែងមន្ត្រីការពារសិទ្ធិមនុស្សអាដហុក ០៤ នាក់ និងមន្ត្រី គ.ជ.ប ម្នាក់ ឱ្យមានសេរីភាពឡើងវិញ ព្រោះពួកគាត់យល់ថាអ្នកទាំងនោះ មិនមានកំហុសនោះទេ ។ សាលារាជធានីភ្នំពេញមិនទាន់ឆ្លើយតបនៅឡើយ ដោយបានបញ្ជាក់ថា នឹងហៅតំណាងប្រជាពលរដ្ឋទៅពិភាក្សា និងសម្រេចនៅរសៀលថ្ងៃទី ០៥ ឧសភានេះ ។ ជូនព័ត៌មានលំអិតដោយកញ្ញា ប៉ូ សាគុន ៖

ក្រុមប្រជាពលរដ្ឋ យុវជន និងស្ត្រី ប្រមាណ ២,០០០ នាក់ គ្រោងហែញត្តិដាក់ទៅអង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា ACU នៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០១៦ ខាងមុខដើម្បីស្នើឱ្យអង្គភាពមួយនេះ បញ្ឈប់ការគំរាមកំហែង ធ្វើទុកបុកម្នេញលើសកម្មជនសិទ្ធិមនុស្ស និងមន្ត្រីអង្គការសង្គមស៊ីវិល តាមរយៈការចោទប្រកាន់ផ្សេងៗ និងបញ្ឈប់ការអនុវត្តតួនាទីរបស់ខ្លួន ដែលមានលក្ខណៈស្តង់ដាពីរ ។
តំណាងពលរដ្ឋរងគ្រោះដីធ្លីដែលគ្រោងចូលរួមក្នុងយុទ្ធនាការនេះ អ្នកស្រី មាស លក្ខិណា បានប្រាប់វិទ្យុស្ត្រី នៅថ្ងៃនេះថា មូលហេតុដែលក្រុមប្រជាពលរដ្ឋដាក់ញត្តិទៅអង្គភាពប្រឆាំងអំពើពុករលួយ គឺដោយសារតែពួកគេមិនពេញចិត្តទៅនិងភាពអយុត្តិធម៌ ដែលស្ថាប័ននេះ បានចាប់សកម្មជនអង្គការសង្គមស៊ីវិលទៅដាក់ពន្ធនាគារ ដោយអ្នកទាំងនោះមិនមានកំហុស ។
អ្នកស្រី មាស លក្ខិណា បន្ថែមថា កន្លងមកក្រុមអង្គការសង្គមស៊ីវិល ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ប្រជាពលរដ្ឋក្នុងករណីដែលអ្នកមានអំណាច និង ក្រុមហ៊ុនរឹបអូសយកដីធ្លីពីពួកគាត់ដោយខុសច្បាប់។ អ្នកស្រីថា បើសិនជាគ្មានអង្គការសង្គមស៊ីវិលទេនោះ ពួកគាត់ប្រៀបបានទៅនឹងអស់ខ្យល់ដកដង្ហើមដែរ ។
ជុំវិញការដាក់លិខិតស្នើសុំសាលារាជធានីភ្នំពេញ ដើម្បីហែញត្តិវិញ អ្នកស្រីសង្ឃឹមថា សាលារាជធានីនឹងអនុញ្ញាតឱ្យក្រុមអ្នកស្រីបានដង្ហែញត្តិដូចការគ្រោងទុក ។
ឆ្លើយតបនឹងបញ្ហានេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ លោក មាស ចាន់យ៉ាដា បាននិយាយថា សាលារាជធានីភ្នំពេញ បានទទួលលិខិតស្នើសុំដង្ហែញត្តិរបស់ក្រុមតំណាងឲ្យប្រជាពលរដ្ឋរួចហើយ ។ លោកថា សាលារាជធានី មិនទាន់សម្រេចយ៉ាងណានៅឡើយទេ ដោយរងចាំពិនិត្យពិភាក្សា នៅរសៀលថ្ងៃទី ០៥ ឧសភានេះជាមុនសិន។
សូមបញ្ជាក់ថា មន្ដ្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក ត្រូវអង្គភាពប្រឆាំងអំពើពុករលួយចោទប្រកាន់ពីបទ សូកប៉ាន់សាក្សី គឺមាន លោក នី សុខា លោក ណៃ វង់ដា លោកស្រី លឹម មុនី និងលោក យី សុខសាន ។ ចំណែក លោក នី ចរិយា ជាអគ្គលេខាធិការរងនៃគណៈកម្មាធិការរៀបចំការបោះឆ្នោត គ.ជ.ប ត្រូវបានចាប់ឃុំខ្លួនផងដែរដែរ ក្រោមបទចោទ រួមគំនិតសូកប៉ាន់សាក្សី ៕