en     km
en     km

តៃវ៉ាន់ដង្ហែក្បួនប្រ៉ាយលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា

Share

 

មនុស្សប្រហែល ១៧ម៉ឺន៦ពាន់នាក់ (១៧៦,០០០នាក់) បានចូលរួមក្នុងក្បួនដង្ហែប្រ៉ាយដែលប្រព្រឹត្តទៅនៅតាមដងវិថីនៃទីក្រុងតៃប៉ិកោះតៃវ៉ាន់កាលពីថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣។ ក្បួនដង្ហែប្រ៉ាយ ឬក្បួនដង្ហែសម្រាប់គាំទ្រសហគមន៍ LGBTQ នេះធ្វើឡើងជាលើកទី២១ហើយសម្រាប់ប្រទេសនេះ ខណៈមានមនុស្សយ៉ាងច្រើនកុះករចូលរួមដើរក្នុងក្បួនដង្ហែនេះដោយក្តីសប្បាយរីករាយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

អ្នករៀបចំកម្មវិធីបានឱ្យដឹងថា ក្បួនដង្ហែប្រ៉ាយនេះជាក្បួនដើរតាមដងផ្លូវទ្រង់ទ្រាយធំបំផុតមួយដែលមិនធ្លាប់មាននៅក្នុងតំបន់អាស៊ីពីមុនមក។ ក្រៅពីចំនួនអ្នកចូលរួមមានច្រើនសន្ធឹកសន្ធាប់ អ្នករៀបចំកម្មវិធីដដែលឱ្យដឹងទៀតថា នៅតាមដងផ្លូវមានពោរពេញទៅដោយទង់ជាតិពណ៌ឥន្ទនូដែលតំណាងឱ្យក្តីស្រឡាញ់ចម្រុះពណ៌ដែលជាក្តីស្រឡាញ់ពុំមានរនាំង ឬលក្ខខណ្ធអ្វីមកកំណត់នោះឡើយ។

គួរបញ្ជាក់ដែរថា តៃវ៉ាន់គឺជាប្រទេសឈានមុខមួយក្នុងតំបន់អាស៊ីដែលកំពុងអភិវឌ្ឍ និងរីកចម្រើនលើការគាំទ្រសិទ្ធិរបស់អ្នកសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា។ នៅក្នុងនោះ កោះតៃវ៉ាន់បានអនុញ្ញាតឱ្យអ្នកស្រឡាញ់ភេទដូចគ្នាមានសិទ្ធិរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ ដែលអនុម័តជាធរមានឱ្យប្រើប្រាស់ជាផ្លូវការកាលពីឆ្នាំ២០១៩។

លើសពីនេះទៀត សភាតៃវ៉ាន់បានអនុម័តវិសោធនកម្មច្បាប់ថ្មីមួយទៀតកាលពីខែឧសភា ឆ្នាំ២០២៣ ដោយឱ្យគូស្វាមីភរិយាស្រឡាញ់ភេទដូចគ្នាទាំងអស់អាចសុំកូនមកចិញ្ចើមរួមគ្នាបានយ៉ាងស្របច្បាប់។ ប្រធានាធិបតីតៃវ៉ាន់ អ្នកស្រី Tsai Ing-wen បានសរសេរសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា នៅក្រោមឆ័ត្រនៃលទ្ធិប្រជាធិបតេយ្យនិងសេរីភាពរបស់តៃវ៉ាន់ ប្រជាជនទាំងឡាយត្រូវរៀនទទួលយកលក្ខណៈរបស់មនុស្សគ្រប់រូប និងគោរពភាពខុសគ្នារបស់មនុស្សគ្រប់គ្នា៕

ប្រភព៖ CNA ចុះថ្ងៃច័ន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង