ភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញ បានកោះហៅយុវជនរបស់គណបក្សសង្គ្រោះជាតិម្នាក់ទៀត ឱ្យចូលខ្លួនទៅកាន់តុលាការដើម្បីធ្វើការសាកសួរពីបទ «ញុះញង់ឱ្យមានការរើសអើង»។
នេះបើយោងតាមដីកាបង្គាប់ឱ្យចូលខ្លួន របស់លោកចៅក្រម យ៉ិន សារឿន កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ដែលបណ្តាញផ្សព្វផ្សាយព័ត៌មានទើបទទួលបាន។
ដីកាដដែលនេះ បានបង្គាប់ឱ្យលោក អូន វណ្ណសាក់ ភេទប្រុស អាយុ ២៥ឆ្នាំ ទីលំនៅបច្ចុប្បន្ននៅភូមិទទា សង្កាត់ក្របីរៀល ក្រុងសៀមរាប ឱ្យចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង០៨ និង ៣០នាទីព្រឹក ដើម្បីសាកសួរពីដំណើររឿងញុះញង់ឱ្យមានការរើសអើង។
លោក អូន វណ្ណសាក់ ទំនងជាត្រូវសង្ស័យថា បានសរសេររិះគន់រដ្ឋាភិបាលខ្លាំងៗតាមបណ្តាញសង្គមហ្វេសប៊ុក។ យោងតាមដីការបស់លោកចៅក្រម យ៉ិន សារឿន យុវជនខាងលើ បានប្រព្រឹត្តបទល្មើសនេះ នៅរាជធានីភ្នំពេញ កាលពីខែសីហា ឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ ដែលជាបទល្មើសព្រហ្មទណ្ឌ មានចែងឱ្យផ្តន្ទាទោសតាមមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ៕