ក្រុងសេអ៊ូល ៖ តុលាការកូរ៉េខាងត្បូង បានបញ្ជាក់នៅថ្ងៃអាទិត្យទី០៦វិច្ឆិកានេះថា តុលាការបានចេញដីកាចាប់ខ្លួនអតីតជំនួយការប្រធានាធិប តីពីររូប ក្រោមការស៊ើបអង្កេតក្នុងរឿងអាស្រូវមួយដែលកំពុងធ្វើឱ្យដំណែងប្រធានាធិបតី (ប៉ាក់ គួនហេ)Park Geun hye ជួបនូវភាពរង្គោះរង្គើ ខណៈពលរដ្ឋកំពុងផ្ទុះកូដកម្មទាមទារទម្លាក់លោកស្រី ប៉ាក់ ពីដំណែង។

តុលាការកណ្តាលទីក្រុងសេអ៊ូលបានឱ្យដឹងតាមសេចក្តីថ្លែងការណ៍មួយថា តុលាការបានផ្តល់ដីកាមួយទៅឱ្យព្រះរាជអាជ្ញា ដើម្បីតាមចាប់ខ្លួនលោក អាន ចុងប៊ូយ(An Chong-bum) ដែលជាអតីតទីប្រឹក្សាជាន់ខ្ពស់របស់លោកស្រី Park ក្រោមបទចោទរំលោភអំណាច និងបទគំរាមទារប្រាក់។
តុលាការបាននិយាយបន្តថា តុលាការក៏បានចេញដីកាចាប់ខ្លួនអតីតជំនួយការប្រធានាធិបតីម្នាក់ទៀតគឺលោក ជុងហូ សេង(Jeong Ho-seong) ដែលរហូតមកទ័លពេលនេះ លោកត្រូវបានឃុំឃាំងជាបណ្តោះអាសន្នរួចទៅហើយ។ ព្រះរាជអាជ្ញាបានចាប់ លោក ជុង កាលពីរសៀលថ្ងៃព្រហស្បតិ៍ពីបទសង្ស័យធ្វើឱ្យលេចធ្លាយការសម្ងាត់ជាតិ៕ប្រភព៖CNA