ភ្នំពេញ៖តុលាការជាន់ខ្ពស់របស់ប្រទេសកម្ពុជា នៅថ្ងៃពុធនេះ បានសម្រេចច្រានចោលបណ្តឹងសុំនៅក្រៅឃុំ និងបណ្តឹងសុំបំពេញកិច្ចសួរដេញដោលជាមួយដើមបណ្តឹងនាយករដ្ឋមន្រ្តី ហ៊ុន សែន របស់មេធាវីការពារក្តីឲ្យអ្នកវិភាគសង្គម លោក គឹម សុខ ក្នុងសំណុំរឿងបរិហាកេរ្តិ៍ និង ញុះញង់។

នៅថ្ងៃពុធ ទី ៥ កក្កដានេះ តុលាការកំពូលបានសម្រេចច្រានចោលបណ្តឹងសុំនៅក្រៅឃុំជាបណ្តោះអាសន្នរបស់លោក គឹម សុខ អ្នកឃ្លំាមើលបញ្ហាសង្គម និងនយោបាយដោយបារម្ភថាលោកអាចនឹងបង្កឲ្យមានបញ្ហាអសន្តិសុខសង្គម ក្នុងពេលដែលស្ថិតនៅក្នុងសេរីភាពជាបណ្តោះអាសន្ននោះ។
លោក គឹម សុខ ត្រូវបានសម្តេចនាយករដ្ឋមន្រ្តីប្តឹងពីបទបរិហាកេរ្តិ៍ជាសាធារណៈ បន្ទាប់ពីលោក គឹម សុខ បានអត្ថាធិបាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយថា រដ្ឋអំណាចមានជាប់ពាក់ព័ន្ធជាមួយនឹការស្លាប់របស់លោកបណ្ឌិត កែម ឡី ។ អ្នកវិភាគបញ្ហាសង្គមដ៏ល្បីល្បាញរូបនេះត្រូវបាញ់សម្លាប់ កាលពីថ្ងៃទី ១០ កក្កដា ឆ្នំា ២០១៦ ក្នុងរាជធានីភ្នំពេញ។
លោក គឹម សុខ ត្រូវបានចាប់និងឃុំខ្លួន កាលពីថ្ងៃទី១៧ ខែកុម្ភៈ ក្រោមការចោទប្រកាន់ពីបទ ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ ជាសាធារណៈ។
លោកបានប្តឹងទាស់ប្រឆាំងនឹងការឃុំខ្លួនរូបលោក ប៉ុន្តែទាំងសាលាដំបូងរាជធានៅភ្នំពេញនិងសាលាឧទ្ធរណ៍បានច្រានចោលបណ្តឹងសុំនៅក្រៅឃុំរបស់លោក។

ប្រធានចៅក្រមជំនុំជម្រះនៃតុលាការកំពូល លោក គឹម សត្ថាវី បានប្រកាសសាលដីកានៅថ្ងៃពុធនេះដោយតម្កល់សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ទុកជាបានការដដែល។ នេះបើតាមលោក គី តិច មេធាវីការពារក្តីឲ្យសម្តេច ហ៊ុន សែន។
សាលដីកានៅថ្ងៃនេះធ្វើឡើងក្រោយពីសវនាការសំណុំរឿងសុំនៅក្រៅឃុំរបស់លោកគឹម សុខ កាលពីថ្ងៃទី២៨ខែមិថុនា។
ក្នុងសវនាការនោះតុលាការក៏បានលើកយកបណ្តឹងសុំបំពេញកិច្ចជួបសួរតទល់ ជាមួយ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងលោកគឹម សុខ មកដេញដោលផងដែរ ។
ក៏ប៉ុន្តែនៅក្នុងការប្រកាសសាលដីកានៅថ្ងៃនេះប្រធានចៅក្រមជំនុំជម្រះនៃអយ្យការសាលាកំពូល លោក ឃឹម ប៉ុណ្ណ ក៏បានប្រកាសសាលដីកាដោយបដិសេធសំណើរសុំបំពេញកិច្ចសួរដេញដោលតទុលមុខគ្នាជាមួយដើមបណ្តឹង នាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
នៅពេលដើរចេញពីបន្ទប់សវនាការលោក គឹម សុខ អ្នកវិភាគបញ្ហាសង្គម ស្រែកថា សេចក្តី សម្រេចរបស់ចៅក្រមតុលាការកំពូលនេះ ធ្វើឡើងតាមការចង់បានរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ប៉ុន្តែលោកមេធាវីរបស់សម្តេចហ៊ុន សែន បដិសេធការលើឡើងនេះ៕