សកម្មភាពទាហាន មករីងរាំងប្រជាពលរដ្ឋ មិនឱ្យប្រមូលផលស្រូវលើដីសម្បទានសេដ្ឋកិច្ច។ រូបភាពពីបណ្ដាញសង្គម។
ពលរដ្ឋប្រមាណ ២០គ្រួសារ ដែលជាជនជាតិដើមភាគតិចព្នង និងកួយ នៅស្រុកជ័យសែន ខេត្តព្រះវិហារ រងការរំខានពីអាជ្ញាធរ ក្នុងពេលពួកគេប្រមូលផលស្រូវលើដីដែលរដ្ឋសម្បទានឱ្យក្រុមហ៊ុនចិន។ យ៉ាងណាពលរដ្ឋទាំងនោះ ស្នើឱ្យរាជរដ្ឋាភិបាលជួយដោះស្រាយកាត់ឆ្វៀលដីដែលពួកគេអាស្រ័យផលចេញពីដីសម្បទានសេដ្ឋកិច្ចឱ្យក្រុមហ៊ុនចិន ប៉ុន្តែអាជ្ញាធរខេត្តថា មិនអាចកាត់ឆ្វៀលដីទាំងនោះបានទេ ពីព្រោះដីទាំងនោះមានប្លង់កម្មសិទ្ធិរួចរាល់ហើយ ខណៈការអាស្រ័យផលរបស់ពលរដ្ឋ ចូលមករំលោភបំពានលើដីសម្បទានឱ្យក្រុមហ៊ុន។ លោក គីម ចាន់ចាវ រាយការណ៍ 23-10-2024-Chanchav
អ្នកស្រី ហួត ម៉ាលី ជាជនជាតិដើមភាគតិចព្នង រស់នៅក្នុងភូមិសំរោង ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី២៣ ខែតុលានេះថា កាលពីល្ងាចថ្ងៃទី២២ ខែតុលា មានពលរដ្ឋប្រមាណ ២០គ្រួសារ បានដាក់ម៉ាស៊ីនច្រូតស្រូវនៅលើដីរបស់ខ្លួន ប៉ុន្តែបែរជាត្រូវបានទាហានពីរនាក់ ដែលមានដាក់កាំភ្លើងតាមខ្លួន បានមកហាមឃាត់មិនឱ្យប្រជាពលរដ្ឋប្រមូលផលស្រូវឡើយ។ ការហាមឃាត់នេះ អ្នកស្រីបញ្ជាក់ថា ទាហានទាំងនោះថាពលរដ្ឋកំពុងអាស្រ័យផលលើដីរបស់ក្រុមហ៊ុន ដោយមិនមានការជួលដីនេះឡើយ ហើយថែមទាំងប្រាប់ថា ប្រសិនជាចង់ប្រមូលផលស្រូវលើដីនេះ គឺត្រូវធ្វើកិច្ចសន្យាផ្ដិតមេដៃឱ្យពលរដ្ឋប្រគល់ដីទាំងនោះ កុំឱ្យអាស្រ័យផលនៅឆ្នាំក្រោយទៀត។
យ៉ាងណា អ្នកស្រី ម៉ាលី បញ្ជាក់ថា ដីអាស្រ័យផលទាំងនោះ ទាំងគ្រួសារអ្នកស្រី និងទាំងពលរដ្ឋជនជាតិដើមភាគតិចផ្សេងទៀត គឺចូលមកកាន់កាប់ និងធ្វើស្រែចំការ តាំងពីឆ្នាំ២០០០មកម៉េះ ខណៈរដ្ឋបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនចិន ហេងហ្វូ ដែលជាក្រុមហ៊ុនស្ករអំពៅ ដើម្បីវិនិយោគកាលពីឆ្នាំ២០១១។ ប៉ុន្តែក្រោយមកក្រុមហ៊ុននេះ ក៏ក្ស័យធន ហើយប្រជាពលរដ្ឋក៏ចាប់ផ្ដើមចូលកាន់កាប់ដីរបស់ខ្លួនឡើងវិញនៅឆ្នាំ២០១៩ ដើម្បីអាស្រ័យផលធ្វើស្រែចំការ។
អ្នកស្រីលើកឡើងថា កន្លងមកការចូលកាន់កាប់ដីសម្បទាននេះ តែងតែកើតមានជម្លោះជាមួយបុគ្គលមានអំណាចផ្សេងទៀត ក្រៅពីក្រុមហ៊ុន ប៉ុន្តែឥឡូវនេះ ក៏មានទាហានមកកាងលើដីសម្បទាននេះផងដែរ។ ក្នុងនោះដីគ្រួសារអ្នកស្រីប្រមាណ ៧ហិកតា ត្រូវបានហាមឃាត់ក្នុងការប្រមូលផល ប៉ុន្តែបើសិនចង់ប្រមូលផល ត្រូវផ្ដិតមេដៃឈប់អាស្រ័យផលលើដីទាំងនោះ។
អ្នកស្រី ហួត ម៉ាលី៖ «ទាហានហ្នឹងតែងបានបទបញ្ជាចិនហ្នឹងឯង ដល់ពេលទាហានគាត់យល់ព្រមឱ្យប្ដីខ្ញុំទៅជួបជាមួយចិនជាមួយអ្នកបកប្រែទៅ អ្នកបកប្រែនោះគាត់ចាំគ្រួសារខ្ញុំ ដល់ចិនគាត់ប្ដូរមុខទៅ អ៊ីចឹងគាត់ជួយសម្រសបសម្រួលជាមួយចិន និងទាហាន គាត់សុំចាប់ដៃ អូខេជាមួយគ្នា គាត់ឱ្យច្រូតហើយគាត់ឱ្យធ្វើហើយ ដោយសារដីរបស់គាត់មករកឱ្យគាត់ផ្ដិតមេដៃមេអីឯណា គាត់មិនមែនទៅលួចដីគេទេ។ ហើយបងប្អូនមួយចំនួនដែលគាត់ផ្តិតនោះគេប្រៀបធៀបម៉េចបានផ្តិត ប្ដីរបស់ខ្ញុំថាមិនមែនដីរបស់គេ គេផ្ដិត តែសម្រាប់ខ្ញុំ ខ្ញុំអត់បានចូលធ្វើអនាធិបតេយ្យដូចគេចោទទេ ដីខ្ញុំជិត២០ហិក ក្រុមហ៊ុនយកអស់ ខ្ញុំកាន់កាប់ជិត ៧ហិក ធ្វើទាំងពិបាកវេទនា ខ្ញុំសុខស្រួលមួយឆ្នាំពីរឆ្នាំនេះទេ»។
ទោះបីមានការសម្រួលសម្រួលជាមួយក្រុមហ៊ុនចិនឱ្យប្រមូលផលដំណាំនេះមែន ប៉ុន្តែអ្នកស្រីថា ឆ្នាំក្រោយៗទៀតបញ្ហាទាំងនេះនៅតែបន្តកើតឡើងដដែល ពីព្រោះដីអាស្រ័យផលនេះមិនមែនប្លង់កម្មសិទ្ធិ ហើយថែមទាំងរាជរដ្ឋាភិបាលផ្ដល់សម្បទានឱ្យក្រុមហ៊ុនទៀត ខណៈអ្នកស្រីជាម្ចាស់ដីកាន់កាប់ពីដូនតាមក មិនទទួលបានសំណងអ្វីឡើយ។
អ្នកស្រី ហួត ម៉ាលី ជនជាតិដើមភាគតិចព្នង។
អ្នកស្រី ហួត ម៉ាលី៖ «សុំឱ្យគាត់ជួយសម្រួលដូចជាចាត់ចែងកាត់ដីចេញពីក្រុមហ៊ុនវិញដែលពួកខ្ញុំបានអាស្រ័យផលប្រចាំនោះមកឱ្យជាកម្មសិទ្ធិរបស់ពួកខ្ញុំវិញ ដើម្បីចៀសវាងមានបញ្ហាទំនាស់រ៉ាំរ៉ៃដូចពួកខ្ញុំសព្វថ្ងៃនេះពួកខ្ញុំវេទនាចិត្តណាស់ ជួនកាលក៏ដូរមុខអ្នកនោះមកគំរាមអ៊ីចេះអ្នកនោះមកគំរាមអ៊ីចោះ ហើយពួកឈ្មួញដែលគេមានលុយគេមកគំរាម តិចចេញមុខទាហាន តិចចេញមុខចិនមកសម្លាប់អីធ្វើកាយវិការកាត់កកាត់អីវាអត់ចេះនិយាយខ្មែរនោះ។ ខ្ញុំមើលទៅជំងឺនេះជាជំងឺរ៉ាំរ៉ៃប្រចាំក្នុងបេះដូងរបស់ខ្ញុំ ធ្វើឱ្យប្រជាពលរដ្ឋផ្សេងបាក់ទឹកចិត្តអត់ហ៊ានចូលកាន់កាប់ដូចខ្ញុំ ខ្ញុំទោះជាពិបាកយ៉ាងណាអត់ដើរចេញទេនៅតែចូលកាន់កាប់ បងប្អូនផ្សេងៗអត់ហ៊ានជីវភាពកាន់តែលំបាកៗទៅ»។
ចំណែកពលរដ្ឋនៅឃុំតស៊ូម្នាក់ទៀត អ្នកស្រី រុន សុម៉ាលី ប្រាប់ដែរថា កាលរដ្ឋផ្ដល់ដីសម្បទានឱ្យក្រុមហ៊ុន គឺគ្រួសារអ្នកស្រីមិនបានទទួលសំណងអ្វីឡើយ ហើយដីអាស្រ័យផលនោះ មានទំហំ ៦ហិកតា។ ជីវភាពក្នុងគ្រួសារអ្នកស្រី គឺអាស្រ័យផលលើដីទាំងនោះទាំងស្រុង ដោយការដាំដំណាំ និងធ្វើស្រែចំការ ប៉ុន្តែជារៀងរាល់ឆ្នាំនៅពេលប្រមូលផលតែងតែមានការរំខានពីក្រុមឈ្មួញផង ពីក្រុមហ៊ុនផង និងពីអាជ្ញាធរជាដើម។ យ៉ាងណាការរំខានទាំងនោះ អ្នកស្រីបញ្ជាក់ថា មិនទទួលបានជោគជ័យនោះទេ ពីព្រោះទាំងគ្រួសារអ្នកស្រី និងបណ្ដាពលរដ្ឋផ្សេងទៀត រួមគ្នាតវ៉ាប្រឆាំងចំពោះការដាក់លក្ខខណ្ឌរបស់ក្រុមឈ្មួញ និងអាជ្ញាធរ។
អ្នកស្រី រុន សុម៉ាលី៖ «សម្រាប់ខ្ញុំ ខ្ញុំចង់មានដំណោះស្រាយដូចជាដោះស្រាយរឿងដីដែលប្រជាពលរដ្ឋយើងគាត់អាស្រ័យផលយូរឆ្នាំមកហើយ រកដំណោះស្រាយឱ្យគាត់កន្លែងណាមួយដែលធ្វើនេះជួយកាត់ឆ្វៀលឱ្យគាត់មក»។
ពលរដ្ឋម្នាក់ទៀតដែលជាជនជាតិដើមភាគតិចកួយ អ្នកស្រី ព្រំ ញ៉េប រស់នៅភូមិគោក ឃុំស្អាង ស្រុកជ័យសែន និយាយដែរថា ដីដែលអ្នកស្រីអាស្រ័យផល មានទំហំ ៤ហិកតា ហើយត្រូវបានទាហានទាំងនោះហាមឃាត់មិនឱ្យប្រមូលផល ដោយអះអាងថាបើចង់ប្រមូលផលត្រូវផ្តិតមេដៃប្រគល់ដីមិនឱ្យបន្តអាស្រ័យផលទៀត។ យ៉ាងណាអ្នកស្រីមិនព្រមផ្តិតមេដៃនោះទេ ពីព្រោះដីអាស្រ័យផលទាំងនោះជាកម្មសិទ្ធិរបស់គ្រួសារអ្នកស្រីតាំងពីយូរណាស់មកហើយ ទោះបីកន្លងមករដ្ឋបានសម្បទានឱ្យក្រុមហ៊ុន ក៏អ្នកស្រីនៅតែបន្តធ្វើស្រែចំការបានខ្លះលើដីទាំងនោះដែរ។
អ្នកស្រី ព្រំ ញ៉េប៖ «ខ្ញុំចង់បានពីដូចថា អាជ្ញាធរ ដែលគាត់ជាជួយរកដំណោះស្រាយនៅក្នុងភូមិ ឃុំ យើងឱ្យយល់ចិត្តប្រជាពលរដ្ឋដែលមានរងផលប៉ះពាល់សំណូមពរឱ្យគាត់ជួយដោះស្រាយផង កុំឱ្យថាមកធ្វើកិច្ចសន្យា ផ្ដិតមេដៃចំពោះរូបខ្ញុំក៏ដោយ បងប្អូនអ្នកភូមិអ្នកស្រុកក៏ដោយ សុំឱ្យគាត់ជួយរកដំណោះស្រាយរឿងនេះផង»។
អ្នកស្រីបន្ថែមថា ជីវភាពគ្រួសារខ្លួន គឺអាស្រ័យផលលើដីទាំងនោះ ហើយប្រសិនដល់ពេលប្រមូលផលនៅតែមានអ្នកមកគំរាម អ្នកហាមឃាត់បែបនេះ ប៉ះពាល់ដល់ការរស់នៅរបស់អ្នកស្រី។
ជុំវិញរឿងនេះ លោក ណុប វុទ្ធី អភិបាលរងខេត្តព្រះវិហារ បញ្ជាក់ប្រាប់វិទ្យុស្ដ្រីថា ពីដើមដីសម្បទានសេដ្ឋកិច្ចដែលរដ្ឋផ្ដល់ជូនក្រុមហ៊ុនស្ករអំពៅចិន គឺមានទំហំ ៥ម៉ឺនហិកតា ប៉ុន្តែក្រោយមករដ្ឋបានកាត់ឆ្វៀលឱ្យពលរដ្ឋនៅសល់តែជាង ២ម៉ឺនហិកតាប៉ុណ្ណោះ។ មួយវិញទៀត ដីសម្បទានទាំងនោះ លោកថា រដ្ឋបានកាត់ប្លង់កម្មសិទ្ធិរួចរាល់អស់ហើយ ក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម ដូច្នេះអាជ្ញាធរមិនអាចទៅកាត់ឆ្វៀលតាមសំណើសុំរបស់ពលរដ្ឋទាំងនោះឡើយ។
លោក ណុប វុទ្ធី អភិបាលរងខេត្តព្រះវិហារ។ រូបភាពពីបណ្ដាញសង្គម។
លោក ណុប វុទ្ធី៖ «គេមានកម្មសិទ្ធិប្លង់រឹងទៅហើយ វាមិនអាចទៅកាត់ឆ្វៀលទៅតាមអ្វីដែលគាត់ចង់បានចូលទៅចេះតែចង់រំលោភអត់ចេះគ្រប់គ្រាន់នោះទេ ហើយប្រសិនជាដីរបស់គាត់ពិតប្រាកដមែន ដូចខាងអាជ្ញាធរខេត្ត អ្នកពាក់ព័ន្ធសប្បាយចិត្តក្នុងការធ្វើជូនគាត់ ប៉ុន្តែគាត់ចូលទៅរំលោភបំពានដីដែលចុះបញ្ជីរួចទៅហើយ មិនមែនជាដីដែលមិនទាន់ចុះបញ្ជី ដីដែលមានប្លង់រឹងរួចទៅហើយ ហើយដីហ្នឹងជាដីការពារ មិនមែនចេះតែកាត់ឆ្វៀលបានទេបាទ។ ប្រសិនជាមិនទាន់ចុះបញ្ជី យើងចេះតែសម្របសម្រួលកាត់ឆ្វៀលរហូតមកដូចពូប្រាប់អ៊ីចឹងកាលពីមុន ៥ម៉ឺនហិកតាជាង យើងកាត់ឆ្វៀលវាសល់ ២ម៉ឺនហិកតាជាងអ៊ីចឹងណារាល់ថ្ងៃនេះ»។
បន្ថែមពីនេះលោកក៏សូមបដិសេធចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋដែលថាក្រុមហ៊ុនចិនដែលបានដីសម្បទានសេដ្ឋកិច្ចនោះបានក្ស័យធន គឺមិនមែនទេ ដោយក្រុមហ៊ុននោះ កំពុងរង់ចាំអ្នកវិនិយោគទុនថ្មី ដើម្បីធ្វើការចរចាក្នុងការដំណើរការអាជីវកម្មឡើងវិញ។ មួយវិញទៀតលោកថា ក្រុមហ៊ុនចិននេះ គឺពួកគេនៅតែបន្តបង់ពន្ធជូនរដ្ឋ ដូច្នេះរដ្ឋគឺមិនអាច ដកហូតដីទាំងនោះបានទេ។
ប៉ុន្តែលោក ប៉ឹក សោភ័ណ នាយកប្រតិបត្តិអង្គការពន្លកខ្មែរដែលធ្វើការលើបញ្ហាពលរដ្ឋនៅខេត្តព្រះវិហារ ប្រាប់វិទ្យុស្ដ្រីថា តាមការឃ្លាំមើលរបស់អង្គការលោក ប្រជាពលរដ្ឋដែលអាស្រ័យផលលើដីសម្បទានសេដ្ឋកិច្ចនេះ គឺពួកគេមានសិទ្ធិស្របច្បាប់មុនដែលរាជរដ្ឋាភិបាលប្រគល់ដីនេះឱ្យក្រុមហ៊ុន ហេងហ្វូ។ ម៉្យាងវិញទៀត ការបាត់បង់ដីរបស់ជនជាតិដើមភាគតិចទាំងនោះកន្លងមក លោកថា កើតឡើងដោយការរំលោភបំពានពីសំណាក់ក្រុមហ៊ុន និងការមិនសិក្សាស្វែងយល់ឱ្យច្បាស់របស់រាជរដ្ឋាភិបាល។
លោក ប៉ឹក សោភ័ណ៖ «បើនិយាយពីភាពត្រឹមត្រូវពលរដ្ឋគាត់នៅតែមានសិទ្ធិក្នុងការប្រើប្រាស់អាស្រ័យផលលើដីហ្នឹងមុននឹងរាជរដ្ឋាភិបាលប្រគល់ដីហ្នឹងទៅឱ្យក្រុមហ៊ុនទៅទៀត ក៏ប៉ុន្តែក្នុងរយៈពេលដែលគាត់ប្រើប្រាស់មកក៏ត្រូវបានរំលោភយកពីក្រុមហ៊ុន ហេងហ្វូ តាមរយៈផ្ដល់សិទ្ធិពីរដ្ឋាភិបាល ជាដីសម្បទានសេដ្ឋកិច្ច ក៏ប៉ុន្តែនៅពេលដែលក្រុមហ៊ុននេះលែងមានប្រតិកម្មការនៅឆ្នាំ២០១៩ទៅ សហគមន៍ដែលនៅជុំវិញហ្នឹងទាំងអស់ក៏ចូលទៅប្រើប្រាស់ដីរបស់គាត់វិញដីហ្នឹងជាដីដែលគាត់ធ្លាប់ប្រើប្រាស់ពីមុនមកទេ»។
យ៉ាងណាអ្វីដែលប្រជាពលរដ្ឋចូលទៅប្រើប្រាស់ដីដែលរដ្ឋសម្បទានឱ្យក្រុមហ៊ុននេះ លោកអះអាងថា ពលរដ្ឋក៏មិនមែនជាជនដែលបំពានខុសច្បាប់អីដែរ ពីព្រោះបញ្ហាទាំងនេះកើតឡើងដោយសាររដ្ឋមិនបានវាយតម្លៃផលប៉ះពាល់លើបរិស្ថាន និងការមិនគោរពគោលការណ៍ព្រមព្រៀងឯកភាពជាមុនជាមួយប្រជាពលរដ្ឋ។ មួយវិញទៀតលោកថា ជនជាតិដើមភាគតិចទាំងនោះ ពួកគេក៏មិនយល់ពីនីតិវិធី និងទទួលបានព័ត៌មានពីដីសម្បទាន ដែលលោកចាត់ទុកថាជាការរំលោភដល់សិទ្ធិរបស់ជនជាតិដើមភាគតិច។
លោក ប៉ឹក សោភ័ណ នាយកអង្គការពន្លកខ្មែរ។
លោក ប៉ឹក សោភ័ណ៖ «អង្គការសង្គមស៊ីវិលយើងពិតជាមិនចង់ឃើញការកើតមាននូវអំពើហិង្សាណាមួយរវាងប្រជាពលរដ្ឋជាមួយកងកម្លាំងរបស់រាជរដ្ឋាភិបាលខ្លួនឯងនោះទេអាហ្នឹងរឿងទីមួយ។ រឿងទីពីរអាជ្ញាធររាជរដ្ឋាភិបាលគួរតែរកដំណោះស្រាយសមស្របណាមួយទៅជូនប្រជាពលរដ្ឋធ្វើជាសាធារណៈដោយមានតម្លាភាពកុំឱ្យមានការលាក់លៀម អាហ្នឹងពួកគាត់អាចទទួលយកបានហើយ កុំឱ្យវាលម្អៀងទៅខាងពួកឈ្មួញ ឯកជន ដើម្បីផលប្រយោជន៍ណាមួយហ្នឹង អាហ្នឹងពិតជាពិបាកហើយបាទ!»។
ចំណែកលោក ស៊ាង មួយឡៃ ប្រធានកម្មវិធីសិទ្ធិក្នុងទីក្រុង នៃសមាគមធាងត្នោត បានឱ្យដឹងថា ដីសម្បទាននេះ មិនដឹងស្ថិតក្នុងលក្ខខណ្ឌបែបណាទេ ហើយក៏មិនទាន់ដឹងដីសហគមន៍អាស្រ័យផលនេះ គ្រប់គ្រងដោយក្រុមហ៊ុន ឬមួយរដ្ឋយកមកគ្រប់គ្រងឱ្យប្រាកដឡើយ។ តែយ៉ាងណារាល់ការអភិវឌ្ឍន៍ លោកថា តែងតែមានផលប៉ះពាល់លើដីរបស់ប្រជាពលរដ្ឋអាស្រ័យផល ដូច្នេះនៅពេលដែលពលរដ្ឋអត់មានដីអាស្រ័យផល គឺអាជ្ញាធរមូលដ្ឋានជាអ្នកទទួលខុសត្រូវលើជីវភាពរបស់ពលរដ្ឋ។
លោក ស៊ាង មួយឡៃ៖ «ពេលដែលគាត់អត់មានដី ហើយឃើញមានដីណាទំនេរហើយគាត់ទៅអ៊ីចឹង អាហ្នឹងប្រសិនជាក្នុងរូបភាពផ្លូវច្បាប់វាអាចប៉ះពាល់ទៅដល់ដីឯកជនអ្នកដទៃ ប៉ុន្តែអាហ្នឹងផ្អែកលើការមើលឃើញយើងមួយជ្រុងថាខុសអ៊ីចឹង យើងដាក់បន្ទុកប្រជាពលរដ្ឋបន្តទៀត។ អ៊ីចឹងត្រូវមានការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋានក្នុងការជួយឱ្យប្រជាពលរដ្ឋបានដំណើរដី ដើម្បីប្រកបរបរកសិកម្មរបស់គាត់អ៊ីចឹងណា»។
វិទ្យុស្ដ្រីបានព្យាយាមទាក់ទងលោក យក់ សំភឿន អភិបាលស្រុកជ័យសែន ជាច្រើនដង ដើម្បីបំភ្លឺបន្ថែមជុំវិញករណីនេះ ប៉ុន្តែមកដល់ពេលនេះមិនទាន់មានការឆ្លើយតបពីលោកនៅឡើយ។
តាមប្រភពប្រជាពលរដ្ឋ បានបញ្ជាក់ថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ហេងហ្វូ (Hengfu Group Sugar Industry) ទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលលើផ្ទៃដីទំហំជាង ៤ម៉ឺនហិកតា តាំងពីឆ្នាំ២០១១ វិនិយោគដំណាំអំពៅ និងកៅស៊ូ។ ការវិនិយោគរបស់ក្រុមហ៊ុននេះ ធ្វើឱ្យប៉ះពាល់ដល់ជនជាតិដើមភាគតិចប្រមាណ ២ពាន់គ្រួសារ ស្ថិតនៅក្នុងភូមិចំនួន២៥ ឃុំចំនួន១០ និងស្រុកចំនួន៣ គឺស្រុកជ័យសែន ស្រុកឆែប និងស្រុកត្បែងមានជ័យ៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី