ភ្នំពេញ ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នឹងបើកសវនាការជាសាធារណៈលើពាក្យបណ្តឹងដែលគេសង្ស័យថា មានជនជាតិវៀតណាមចុះឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់ នាព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៧ ស្អែកនេះ។

បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បិទបញ្ជីពិនិត្យការចុះឈ្មោះបោះឆ្នោតកាលពីម្សិលមិញ នៅថ្ងៃអាទិត្យ ទី១៥ ខែមករានេះ អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ គ.ជ.ប ទទួលបានពាក្យបណ្តឹងប្រមាណ ២០ ករណី ខណៈក្រុមប្រឹក្សាឃុំសង្កាត់ទទួលបានប្រមាណជាង ៧០០ពាក្យបណ្តឹង។
លោក ហង្ស ពុទ្ធា បន្តថា ពាក្យបណ្តឹងដែល គ.ជ.ប ទទួលបាននោះ គឺទាក់ទងនឹងករណីដែលគេសង្ស័យថាមានជនជាតិវៀតណាមចុះឈ្មោះបោះឆ្នោត ដែលបញ្ហានេះលោកថា គ.ជ.ប នឹងបើសវនាការដោះស្រាយបណ្តឹងទាំងនោះនៅព្រឹកថ្ងៃទី ១៦ ខែមករាស្អែកនេះ។
អ្នកនាំពាក្យរូបនេះបន្ថែមទៀតថា ប្រសិនបើ គ.ជ.ប រកឃើញថាអ្នកដែលចុះឈ្មោះបោះឆ្នោតជាជនអន្តោប្រវេសន៍ គ.ជ.ប និងសម្រេចលុប ឈ្មោះជនទាំងនោះចេញពីបញ្ជីរបស់ គ.ជ.ប តែបើរកឃើញថា ជននោះទទួលបានសញ្ជាតិត្រឹមត្រូវវិញ គ.ជ.ប និងមិនលុបឈ្មោះជនទាំងនោះចេញទ្បើយ។ « គ.ជ.ប កំពុងតែសហការជាមួយស្ថាប័នមានសមត្ថកិច្ចដែលជាអ្នកកំណត់ រួមមានខាងអន្តោប្រវេសន៍ ហើយខាងក្រសួងមហាផ្ទៃដើម្បីកំណត់នូវអត្តសញ្ញាណរបស់ពលរដ្ឋនីមួយៗប្រសិនបើក្រសួងមហាផ្ទៃលោកផ្តល់ភស្តុតាងថាអ្នកហ្នឹងឯងស្ថិតនៅក្នុងបញ្ជីជាអន្តោប្រវេសន៍ គ.ជ.ប នឹងធ្វើការលុបឈ្មោះ ផ្ទុយទៅវិញបើសិនជាក្រសួងមហាផ្ទៃបង្ហាញថាអ្នកហ្នឹងឯងមានសញ្ជាតិត្រឹមត្រូវ គាត់ទទួលរងការចោទប្រកាន់ទេនោះ គ.ជ.ប និងមិនចាត់វិធានការអីទាំងអស់ទៅលើបញ្ជីបោះឆ្នោត»។
គួរបញ្ជាក់ថាពលរដ្ឋខ្មែរដែលបានចុះឈ្មោះបោះឆ្នោត លើប្រព័ន្ធទិន្នន័យកុំព្យូទ័រ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី ៤ មិថុនាឆ្នាំ ២០១៧ មានជិត ៨ លាននាក់៕