ភ្នំពេញ ៖ គណបក្សនយោបាយមួយចំនួនអំពាវនាវដល់ប្រជាពលរដ្ឋប្រញាប់ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ខណៈដំណើរការចុះឈ្មោះបោះឆ្នោតនៅសល់ពេលត្រឹមតែ ៣ ថ្ងៃទៀតប៉ុណ្ណោះគិតត្រឹមថ្ងៃទី ២៧ ខែ វិច្ឆិកានេះនឹងត្រូវបិទបញ្ចប់។
យោងតាមរយបាយការណ៍លទ្ធផលបណ្តោះអាសន្នរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រាប់ថ្ងៃទី ២៦ ខែ វិច្ឆិកានេះ ចំនួនអ្នកដែលបានចុះឈ្មោះបោះឆ្នោតមានជាង ៧ លាន ៦២ ម៉ឺននាក់ ខណៈកាលបរិច្ឆេទនៃការចុះឈ្មោះបោះឆ្នោតថ្មីនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី ២៩ ខែ វិច្ឆិកា។ ស្របពេលជាមួយគ្នានេះគណបក្សនយោបាយមួយចំនួនក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតទាំងអស់ ត្រូវរួសរាន់ទៅចុះឈ្មោះបោះឆ្នោត ព្រោះថា ការចុះឈ្មោះបោះឆ្នោតថ្មីនេះ ជាឪកាសសម្រាប់ពលរដ្ឋផ្លាស់ប្តូរជោគវាសនា និង ការរីកចំរើនរបស់ប្រទេសជាតិ។
នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច ហ៊ុន សែន បានអំនាវពាវនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ដោយឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតទាំងអស់ ប្រញាប់ទៅចុះឈ្មោះបោះឆ្នោតកុំបីខាន ព្រោះនៅសល់តែពេលតិចណាស់សម្រាប់ការចុះឈ្មោះរៀបចំបញ្ជីបោះឆ្នោតថ្មីនេះ។
សម្តេច ហ៊ុន សែន៖ ស្តាប់សំឡេង៖
ចំណែកលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស ក៏បានអំពាវនៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ ដោយលោកអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ លោកថា តាមរបាយការណ៍របស់ គ.ជ.ប អ្នកមិនទាន់ទៅចុះឈ្មោះបោះឆ្នោតនៅមានប្រមាណជាង ២លាន ៣ សែន នាក់ទៀត ដូច្នេះលោកស្នើដល់ពលរដ្ឋដែលបានទៅចុះឈ្មោះបោះឆ្នោតរួចហើយ សូមក្រើនរំលឹកដាស់តឿនទៅដល់អ្នកដែលមិនទាន់ទៅចុះឈ្មោះ ឲ្យរួសរាន់ទៅចុះឈ្មោះឱ្យបានមុនកាលបរិច្ឆេកបិទបញ្ចប់។ លោក សម រង្ស៊ី៖«សូមអ្នកដែលបានចុះឈ្មោះរួចហើយ ជួយក្រើនរំលឹក និងជួយណែនាំអ្នកនៅជុំវិញខ្លួន ដែលមិនទាន់បានចុះឈ្មោះនៅឡើយ ឲ្យទៅចុះឈ្មោះជាបន្ទាន់ ដើម្បីសង្គ្រោះជាតិយើងទាំងអស់គ្នា»។
ដូចគ្នានេះដែរ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងឃុំខ្លួននៅទីស្នាក់ការបស់បក្សបានអំពាវដល់កម្មកររោងចក្រទាំង អស់ ឲ្យអញ្ចើញទៅចុះឈ្មោះឲ្យទាន់ពេលវេលា ហើយលោកក៏ស្នើសុំឲ្យថៅកែរោងចក្រជួយសម្រួលដល់កម្មករផងដែរ ដើម្បីឱ្យពួកបានទៅចុះឈ្មោះបានគ្រប់ៗគ្នា។
លោក កឹម សុខា៖ ស្តាប់សំឡេង៖

ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលពុំទាន់ចុះឈ្មោះឆ្នោតប្រញាប់ទៅចុះឈ្មោះឱ្យបានគ្រប់គ្នា ព្រោះការផ្លាស់ប្តូរ និងការរីកចំរើនរបស់ប្រទេសគឺអាស្រ័យលើការសម្រេចចិត្តចេញទៅចុះឈ្មោះ និងបោះឆ្នោតរបស់បងប្អូនគ្រប់គ្នា។ លោក សួន សេរីរដ្ឋា បានទម្លាក់កំហុសទៅលើគណបក្សកាន់អំណាច និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលអាក់សមត្ថភាពក្នុងការរកដំណោះស្រាយ និងអូសទាញពលករចំណាក់ជាង ២ លាននាក់ឲ្យមកចុះឈ្មោះបោះឆ្នោតបាន។
សួន សេរីរដ្ឋា៖ ស្តាប់សំឡេង៖
អង្គការសង្គមស៊ីវិល គណបក្សប្រឆាំងហាក់ទទួលយកបានប្រព័ន្ធចុះឈ្មោះបោះឆ្នោតថ្មីតាមកុំព្យូទ័រ និងផ្តិតស្នាមមេដៃដោយធានាអំពីឈ្មោះខ្មោច និងឈ្មោះស្ទួន។ ទោះបីយ៉ាងនេះក្តី ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋាហាក់មិនទទួលស្គាល់សមាភាព គ.ជ.ប នៅឡើយ ដោយលោកថា សមាសភាព គ.ជ.បគឺមុខដដែលៗ និងមិនមានឯករាជ្យ ព្រោះស្ថាប័ននេះបង្កើតឡើងដោយគណបក្សនយោបាយ។ លោកក៏សង្ឃឹមថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំក្រោយនេះ គណបក្សរបស់លោកនឹងទទួលបានកៅអីសមាជិកក្រុមប្រឹក្សានេះផងដែរ៕