loader

ខេត្តកំពង់ឆ្នាំងត្រៀមខ្លួនទទួលភ្ញៀវទេសចរណ៍ ៥០ ម៉ឺននាក់ក្នុងឳកាសបុណ្យទន្លេ

កំពង់ឆ្នាំង៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍រំពឹងថា ពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំងនឹងអាចមានភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិជាង ៥០ម៉ឺននាក់មកលេងកំសាន្ត។ នេះជាការលើកឡើងរបស់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យទន្លេ។

ពិធីបុណ្យទន្លេលើកទី ៥ នេះ ធ្វើឡើងក្រោមប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេស ចរណ៍» ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ។

                                                                       ការរៀបចំតុបតែងសោភណ្ឌភាពក្នុងខេត្តកំពង់ឆ្នាំ។

 

បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ឱ្យដឹងថា ការតុបតែងលម្អនៅតាមដងផ្លូវនៃក្រុងកំពង់ឆ្នាំង មានសោភណ្ឌភាពស្រស់ស្អាត និងជិតរួចរួលហើយ រីឯប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បានមកទស្សនាកម្សាន្តបណ្ដើរៗផងដែរ។ មួយវិញទៀត ការងារត្រៀមរៀបចំបុណ្យទន្លេនេះ បានឆ្លងកាត់ការប្រជុំត្រួតពិនិត្យជាច្រើនលើក ដើម្បីរៀបចំព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ ឱ្យប្រព្រឹត្តទៅដោយភាពរលូន ប្រកបដោយភាពអធិកអធ័ម។

លោករដ្ឋមន្ត្រី ថោង ខុន បានសង្កត់ធ្ងន់អំពីការពង្រឹងសុវត្ថិភាពទូទៅ សុវត្ថិភាពចរាចរណ៍ សន្តិសុខសណ្ដាប់ធ្នាប់ក្នុងពិធី និងទូទាំងក្រុងកំពង់ឆ្នាំង ពិសេសគឺត្រូវសម្រួលចរាចរណ៍ និងថែរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ និងគណៈអធិបតីឱ្យបានល្អប្រសើរ។

ក្នុងឱកាសនោះលោកបានណែនាំឱ្យក្រុមការងារបន្ថែមការតុបតែងភ្លើងលម្អ នៅកន្លែងមួយចំនួនទៀត ពិសេសភ្លើងលម្អនៅតាមដើមឈើ ទីសាធារណៈជាដើម ខណៈការតុបតែងលម្អនៅកន្លែងនានា ក្រុមការងារក៏បានខិតខំធ្វើយ៉ាងល្អប្រសើរមកហើយដែរ។

                            លោក ថោង ខុន ចុះត្រួតពិនិត្យរបៀបរៀបរយក្នុងខេត្តកំពង់ឆ្នាំង ដើម្បីត្រៀមរៀបចំបុណ្យទន្លេ។

 

លោករដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើដល់អគ្គិសនីកម្ពុជា សូមកុំឱ្យមានការដាច់ភ្លើងអគ្គិសនីក្នុងពេលពិធីបុណ្យទន្លេ រយៈពេល៣ថ្ងៃនោះ។

ចំពោះកម្មវិធីសម្ដែងសិល្បៈ ការរៀបចំព្រឹត្តិការណ៍កីឡាជាដើម មានការត្រៀមរួចរាល់ ខណៈដែលក្រុមការងារនៅតែហាត់សមរៀល់ថ្ងៃ ដើម្បីញ៉ាំងបរិយាកាសក្នុងពិធីបុណ្យទន្លេខាងមុខនោះ ឱ្យកាន់តែអធិកអធ័ម។ ការរៀបចំព្រឹត្តិការណ៍សិល្បៈនេះទៀតសោត ក៏មានការសម្ដែងសិល្បៈពីក្រុមសិល្បកររបស់ប្រទេសឥណ្ឌូនេស៊ីផងដែរ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ឥណ្ឌូនេស៊ី។

លោករដ្ឋមន្ត្រីបានណែនាំដល់ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋានទាំងអស់ក្នុងក្រុងកំពង់ឆ្នាំង ត្រូវស្លៀកពាក់ឯកសណ្ឋានឱ្យបានស្អាតត្រឹមត្រូវ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ ព្រមទាំងសូមចូលរួមក្នុងយុទ្ធនាការ «គ្មានសំរាមក្រោមតុនៅតាមភោជនីយដ្ឋាន-អាហារដ្ឋាន» ឱ្យបានសស្រាកសស្រាំងផងដែរ។

ជាមួយគ្នានេះដែរលោករដ្ឋមន្ត្រីនៅតែជំរុញឱ្យយុវជន ក៏ដូចជាអ្នកមានគូស្រករ គប្បីចូលរួមដាំដើមឈើក្នុងពិធីបុណ្យទន្លេ ទុកជាអនុស្សាវរីយ៍ឱ្យបានកុះករ ដើម្បីចូលរួមដល់ការការពារបរិស្ថាន៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សហភាពអឺរ៉ុបប្រារព្ធទិវាអន្តរជាតិប្រឆាំងការរើសអើងអ្នកស្រលាញ់ភេទដូចគ្នា

ថ្ងៃនេះគឺជាទិវាអន្តរជាតិប្រឆាំងការរើសអើងអ្នកស[...]

ក្រុមយុវជនអេកូយុវទូតគ្រោងរៀបចំកម្មវិធី«ដំណើរផ្សងព្រេងរបស់មេគង្គយុវទូត»

ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលនោះទេ គឺនៅថ្ងៃទី[...]

មន្ត្រីពាណិជ្ជកម្មចុះរុះរើស្លាកយីហោហាងចិនប្រើប្រាស់អក្ខរាវិរុទ្ធខ្មែរមិនត្រឹមត្រូវ

(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត