ភ្នំពេញ ៖ នៅក្នុងជំនួបសម្ងាត់រវាងលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងសម្ដេច នាយករដ្ឋមន្ដ្រី រួមទាំងសម្ដេច ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឥស្សរជនទាំងបីរូប បានពិភាក្សាគ្នាពីដំណើរការឆ្ពោះទៅរកការដោះលែងមេឃុំ ស៊ាង ចែត និងមន្ដ្រីសមាគម អាដហុក ព្រមទាំងលោក នី ចរិយា ផងដែរ នៅពេលឆាប់ខាងមុខនេះ។

សម្ដេច ស ខេង ដែលបានចេញពីជំនួបសំងាត់ជាមួយលោក កឹម សុខា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ជំនួបរបស់លោកជាមួយលោក កឹម សុខា កាលពីព្រឹកថ្ងៃពុធ នៅឯមន្ទីររដ្ឋសភា គឺ និយាយទៅដល់ការដោះលែងមេឃុំ លោក ស៊ាង ចែត មកពីគណបក្ស សម រង្ស៊ី អោយមានសេរីភាពឡើងវិញ។
លោកមេឃុំ ស៊ាង ចែត ត្រូវបានតុលាការរាជធានីភ្នំពេញផ្ដន្ទាទោសលោក ៥ឆ្នាំ ករណីសូកប៉ាក់សាក្សី ក្នុងរឿងអ្នកនាងខុម ចាន់តារាទី ហៅស្រីមុំ។
យោងតាមអ្នករាយការណ៍ព័ត៌មានរបស់វិទ្យុស្ដ្រី ជំនួបរវាងសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងលោក កឹម សុខា ធ្វើឡើងនៅក្នុងមន្ទីរបរិវេណរដ្ឋសភា ដោយកិច្ចប្រជុំសំងាត់រយៈពេលមួយម៉ោង គឺ ផ្ដោតសំខាន់ទៅលើការដោះលែងមន្ដ្រីការពារសិទ្ធិមនុស្សអាដហុក និងលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប។
តាមប្រភពដដែល អ្នកទាំងអស់នេះ នឹងត្រូវដោះលែង នៅក្នុងកំឡុងខែធ្នូ ឆ្នាំ២០១៦ នេះ។
យ៉ាងណាក៏ដោយករណី លោក សម រង្ស៊ី លោក អ៊ុំ សំអាន លោក ហុង សុខហួរ និងសកម្មជនដទៃទៀតដែលកំពុងឃុំខ្លួន គឺជា ការចរចានៅដំណាក់កាលបន្ដទៀត។
អ្នកសង្កេតការណ៍បានចាត់ទុកស្ថានការណ៍នយោបាយ ដែលធូរស្រាលនៅដំណាក់កាលចុងក្រោយនេះ គឺជា សញ្ញាល្អនៃការផ្សះផ្សាជាតិនៃគូបក្សដិបក្ស រវាងអ្នកនយោបាយខ្មែរឡើងវិញ បន្ទាប់ពីលោក កឹម សុខា ត្រូវបានលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន យល់ព្រមថ្វាយលិខិតទៅព្រះមហាក្សត្រលើកលែងទោស៕