ករណីបង្ក្រាបក្រុមក្មេងទំនើង ក្លាយជាប្រតិកម្មមួយដែលកម្លាំងសមត្ថកិច្ចកំពុងដុតដៃដុតជើងក្នុងការបង្ការ និងទប់ស្កាត់ដើម្បីធានាសន្តិសុខសុវត្ថិភាពនៅក្នុងសហគមន៍។ ក៏ប៉ុន្តែចំណាត់ការតែពីអាជ្ញាធរតែមួយមុខ មិនអាចគ្រប់គ្រងស្ថានភាពបានទាំងស្រុងនោះឡើយ ដោយអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលើកទឹកចិត្តឱ្យប្រជាពលរដ្ឋមានការចូលរួមសហការជាមួយអាជ្ញាធរផងដែរ។
លោក ទូច សុឃៈ(សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកឡើងថា ការកំណត់អន្តសញ្ញាណក្រុមក្មេងទំនើងជារឿងដែលសំខាន់ ដោយហេតុថាការប្រមូលផ្តុំគ្នានៅតាមទីសាធារណៈទាំងអស់មិនបង្ហាញថាពួកគេជាក្រុមក្មេងទំនើងនោះទេ ហើយរូបភាពមួយចំនួនទៀតក៏មិនបង្ហាញពីភាពមិនប្រក្រតីនោះដែរ។ ផ្ទុយទៅវិញលោកបញ្ជាក់ថា ប្រសិនជាមានសកម្មភាពចលាចល ឬសង្ស័យថាការប្រមូលផ្តុំនេះមានគោលបំណងអវិជ្ជមានណាមួយ នោះកងកម្លាំងសមត្ថកិច្ចនឹងចុះទៅអង្កេតនៅទីតាំងនោះផ្ទាល់ ក្រែងមានភាពអសន្តិសុខណាមួយកើតមានឡើយជាយថាហេតុ។
លោក ទូច សុឃៈ(សុខៈ)
នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ធ្លាប់បានចេញបញ្ជាឱ្យអភិបាលខេត្តនៅទូទាំងប្រទេសនិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវរឹតបន្តឹងនិងបង្កើនការចុះបង្រ្កាបក្រុមក្មេងទំនើងចំពោះសកម្មភាពដែលមិនប្រក្រតីជាបន្តបន្ទាប់ ដោយគ្មានការលើកលែងនោះឡើយ។ លោក ហ៊ុន ម៉ាណែត លើកឡើងបែបនេះកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ដោយបន្ថែមដែរថា ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ចំពោះក្រុមក្មេងទំនើង ដែលរួមបញ្ជូលទាំងវិធានការរដ្ឋបាលនៅក្នុងការបង្ការទប់ស្កាត់ ទាំងវិធានការអនុវត្តច្បាប់ដោយគ្មានការបន្ធូរបន្ថយ ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។
នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត
ដើម្បីចូលរួមទប់ស្កាត់ក្រុមក្មេងទំនើងចេញធ្វើសកម្មភាពក្នុងរូបភាពអសន្តិសុខ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍ ពលរដ្ឋដែលប្រទះឃើញឬសង្ស័យថាមានមនុស្សជាច្រើនប្រមូលផ្តុំគ្នាធ្វើសកម្មភាពឥតសណ្ឋាប់ធ្នាប់ អាចរាយការណ៍មកកាន់នគរបាលនៅតាមប៉ុស្តិ៍ ឬទាក់ទងទៅកាន់លេខទូរសព្ទ ឬផ្ញើសារដោយផ្ទាល់ទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់នគរបាល។ លោក ទូច សុខៈ បញ្ជាក់ដែរថា នេះជាការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាឱ្យការចុះអន្តរាគមន៍របស់សមត្ថកិច្ចកាន់តែមានប្រសិទ្ធភាព។
លោក ទូច សុខៈ៖ «ពេលដែលមានបញ្ហាកើតឡើង(ករណី)ក្រុមក្មេងទំនើង យើងទទួលបានភ្លាមគឺសមត្ថកិច្ចចេញអន្តរាគមន៍ភ្លាម ដូចខ្ញុំឧទាហរណ៍ករណី២០០ជាងក្នុងយប់មួយនោះ គឺសមត្ថកិច្ចទទួលបានភ្លាមគឺបញ្ជាកម្លាំងអន្តរាគមន៍ កម្លាំងចម្រុះព្រហ្មទណ្ឌ កម្លាំងដទៃផ្សេងៗទៀត គឺចុះទៅបំបែកបាន ហើយនឹងឃាត់ខ្លួនបានហូរហែ កខគឃង។ នេះគឺជាការពិតដែលយើងចង់បញ្ជាក់ ក៏ប៉ុន្តែមិនមែនគ្រប់អំពើល្មើសទាំងអស់ សុទ្ធតែយើងដឹងទាំងអស់ទេ ឬក៏យើងអន្តរាគមន៍បាន១០០ភាគរយទេ។ តែរឿងនេះយើងនិយាយគ្នាឱ្យត្រង់ៗ ពីព្រោះដូចខ្ញុំលើកឡើងចឹងថា ពេលខ្លះកាលណាយើងបានដឹងមុន គឺយើងអាចទៅបង្ក្រាបមុន ឬក៏រំសាយវាមុន។ ពេលខ្លះកើតហើយ យើងទទួលបានព័ត៌មាន គឺយើងបញ្ជាកម្លាំងចុះទៅអន្តរាគមន៍ចាប់។ ហើយពេលខ្លះទៀត សកម្មភាពរបស់ក្មេងទំនើងវាលឿន ក៏យើងទៅដល់កន្លែងកើតហេតុ វាបាត់អស់រលីង។ អ៊ីចឹងយើងត្រូវតាមប្រដេញៗតាមមុខសញ្ញាហូរហែជាដើមទៅ។»។
ជាមួយគ្នានេះ លោក ទូច សុឃៈ(សុខៈ) បានបង្ហាញពីចំណាត់ការរបស់នគរបាលកម្ពុជា ដែលតែងអនុវត្តទៅលើក្រុមក្មេងទំនើង។ ជានិច្ចកាល ប្រសិនជាក្មេងទំនើងប្រព្រឹត្តបទល្មើសស្រាល អាចពិនិត្យត្រឹមជាការកិច្ចការសង្គម ឬហៅម្តាយឪពុកអាណាព្យាបាលធ្វើជាសាក្សីចុះកិច្ចសន្យាព្រមានមិនឱ្យមានករណីទាំងនេះកើតឡើងជាលើកទី២។ ចំពោះបទល្មើសធ្ងន់ អាចឈានដល់ការអនុវត្តច្បាប់តាមនិតិវិធីជាអាទិ៍។ ក្រោយនាយករដ្ឋមន្រ្តីកម្ពុជា ដាក់បញ្ជាឱ្យនគរបាលទាំងអស់យកចិត្តទុកដាក់ករណីក្មេងទំនើងនេះ ការចុះអន្តរាគមន៍ជាច្រើនបង្ហាញពីភាពម៉ឺងម៉ាត់ ពិសេសលោក ទូច សុឃៈ (សុខៈ) បញ្ជាក់ច្បាស់ៗថា នឹងមិនមានការលើកលែងឡើយប្រសិនជាបទល្មើសនោះចូលទៅក្នុងព្រហ្មទណ្ឌ ទោះបីជាមានការអង្វរកពីសំណាក់អាណាព្យាបាល ឬសាច់ញាតិមានបំណង់ចង់សូកប៉ាក់ក្តី អ្នកពាក់ព័ន្ធក្នុងករណីនេះនឹងទទួលទោសតាមច្បាប់ឬត្រូវដល់តួនាទីពីដំណែង។
លោក ទូច សុខៈ៖ «ទី១ យើងអប់រំណែនាំបង្ការពួកគាត់តាមរយៈវេទិកាផ្សេងៗ ការជួបface to face (ជួបផ្ទាល់) ទី២ យើងមានវិធានការដែលហៅថាវិធានការរដ្ឋបាល។ ពេលដែលពួកគាត់ប្រព្រឹត្តសកម្មភាព ប៉ុន្តែសកម្មភាពហ្នឹងវាមិនធ្ងន់ធ្ងរពេកទេ អាចលើកទីមួយ ឬក៏កម្រិតស្រាល ដែលយើងអាចអប់រំណែនាំបាន គឺយើងប្រើវិធានការរដ្ឋបាលហ្នឹង ធ្វើកិច្ចសន្យាឱ្យគាត់បញ្ឈប់សកម្មភាពអវិជ្ជមានហ្នឹងតទៅទៀត ហើយឱ្យអាណាព្យាបាលមកធានា។ មានកន្លែងខ្លះបងប្អូនឃើញទេ គឺតាមខេត្តមួយចំនួន គឺគាត់ទី១ឱ្យបោសសំរាមនៅទីនេះទីនោះ ឱ្យធ្វើស្មៅ ឱ្យធ្វើបរិស្ថាន ឱ្យសំពះឪពុកម្តាយ ឱ្យទៅមើលពន្ធនាគារដើម្បីមើលស្ថានភាពពន្ធនាគារ តើវាវេទនាវាអីរបៀបម៉េចគឺគាត់ខ្លាចគាត់អីហូរហែ។ ទី៣ចុងក្រោយ បើសិនជាវាចូលទៅដល់កម្រិតនៃបទល្មើសព្រហ្មទណ្ឌហើយមានធាតុផ្សំគ្រប់គ្រាន់ហើយ គឺត្រូវការកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការតែម្តងដោយមិនមានការលើកលែង ពោលគឺគេហៅថាវិធានការច្បាប់។»។
សូមបញ្ជាក់ថា បន្ទាប់ពីមានការចុះបង្ក្រាបក្រុមក្មេងទំនើងកាលពីពេលកកន្លងទៅ ករណីអន្តិសុខដោយសារក្រុមនេះមានសភាពថមថយ។ រយៈពេល១០ថ្ងៃ ពីថ្ងៃទី៣ ដល់ទី១២ ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចក្របខណ្ឌក្រសួងមហាផ្ទៃបន្តបង្ក្រាបបានក្មេងទំនើងសរុបចំនួន ៨៦ករណី ឃាត់ខ្លួនសរុប ៣៨៨នាក់ ក្នុងភូមិសាស្រ្ត១៩រាជធានី-ខេត្ត ក្នុងនោះ ករណីភាគច្រើនកើតមាននៅក្នុងរាជធានីភ្នំពេញ ១៩ករណី និងឃាត់ខ្លួនយុវជនបានចំនួន ៤៤នាក់, កណ្តាលមាន១២ករណី និងឃាត់ខ្លួន៦៣នាក់។ នគរបាលបានបង្រ្កាបករណីក្មេងទំនើងបានចំនួន ២១៩ករណី និងឃាត់ខ្លួនក្មេងទំនើងចំនួន ៨៨២នាក់សម្រាប់រយៈពេល២៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែឧសភា ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។ យ៉ាងណា អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះ នៅតែស្នើសុំឱ្យប្រជាពលរដ្ឋចូលរួមរាយការណ៍នូវសកម្មភាពអសន្តិសុខដែលកើតមាននៅក្នុងសហគមន៍៕