ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាសឱ្យ គ្រឹះស្ថានហសគ្រាសទាំងអស់បង្កើតកន្លែងហូបអាហារសម្រាប់កម្មកររោងចក្រ។
លោក ធូ វិរៈ ជូនសេចក្តីរាយការណ៍

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺក្រសួងនេះ បានស្នើឱ្យប្រធានមន្ទីរត្រូវពិនិត្យលើរោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា ដែលកំពុងដំណើរការ ត្រូវរៀបចំកន្លែងសមរម្យសម្រាប់កម្មករនិយោជិតពិសារអាហារថ្ងៃត្រង់។
ចំពោះការស្នើសុំសាងសង់ថ្មី សម្រាប់ រោងចក្រ សហគ្រាស គ្រឹះស្ថាន ឬអគារសេវាកម្មដែលមានបុគ្គលិកច្រើនបម្រើការងារ ត្រូវបង្ហាញគំរូប្លង់បញ្ជាក់ពីកន្លែងសម្រាប់កម្មកររោងចក្រទទួលទានអាហារពេលថ្ងៃត្រង់ ហើយគំរូប្លង់សម្រាប់ហូបអាហារត្រូវមានស្តង់ដាតាមបទដ្ឋានបច្ចេកទេស។ ក្រសួងប្រកាសឱ្យអនុវត្តយន្តកានេះចាប់ពីពេលនេះតទៅ។
ក្រសួងរៀបចំដែនដី ប្រកាសដូចនេះ ធ្វើឡើង បន្ទាប់ពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី អំពាវនាវឱ្យថៅកែរោងចក្រទាំងអស់ត្រូវរៀបចំទីកន្លែងទទួលទានអាហារថ្ងៃត្រង់សម្រាប់កម្មករនិយោជិតឱ្យបានសមរម្យ នៅខេត្តកំពង់ស្ពឺ កាលពីថ្ងែទី ១៩ កញ្ញា ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មកររោងចក្រ។
សម្តេច ហ៊ុន សែន៖«គ្រប់រូបរោងចក្រចាំបាច់ត្រូវមានគេលានដ្ឋាន ក្រៅពីនោះត្រូវមានកន្លែងទទួលទានអាហារឱ្យបានសមរម្យ។ ខ្ញុំគិតថានៅទីក្រុងភ្នំពេញអាចជួបការលំបាកទីកន្លែង ក៏ប៉ុន្តែនៅក្រៅក្រុង រោងចក្រក្រៅក្រុង មិនគួរឱ្យមានការលំបាកអំពីទីកន្លែងនៃការទទួលទានអាហាររបស់កម្មករ កម្មការិនី នៅពេលថ្ងៃត្រង់នោះទេ»។
នៅក្នុងឆមាសទី១ ដើម ឆ្នាំ ២០១៨ រោងចក្រឧស្សាហកម្មមានចំនួន ១៥៩៥ ដោយកើនឡើងចំនួន ៧៣ រោងចក្រ ដោយមានកម្មករបម្រើការងារប្រមាណ ៨៤ ម៉ឺននាក់ ភាគច្រើនជាកម្មការិនី។
លោក ចេង ហ៊ាង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ប្រចាំខេត្តកំពងចាម គាំទ្រឱ្យមានការបង្កើតកន្លែងហូបអាហារសម្រាប់កម្មកររោងចក្រ។
លោក ចេង ហ៊ាង អះអាងថា រោងចក្រធំនៅក្នុងខេត្តកំពង់ចាមប្រមាណ ១០ រោងចក្រ សុទ្ធសឹងមានកន្លែងសម្រាប់ទទួលទានអាហារសមមរ្យសម្រាប់កម្មករនិយោជិត។
លោក ចេង ហ៊ាង៖«យើងតែងតែផ្តល់ឱវាទឱ្យរោងចក្របង្ករលក្ខណឱ្យបងប្អូនកម្មករយើងបានកន្លែងហូបបាយសមរម្យ មានអនាម័យ ហើយឱ្យគាត់បានសម្រាក រោងចក្រដែលមានកន្លែងអញ្ចឹងគឺវាល្អ បើសិនយើងអត់មានមិនដឹងគាត់ទៅហូបណា ទៅសម្រាកនៅឯណា»។
ទាក់ទិនសុខភាព របស់កម្មករតាមរោងចក្រនេះ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ ហៅកាត់ថា សង់ត្រាល់ តែងតែដាក់ព្រួយបារម្ភអំពី បរិយាកាស នៅក្នុងរោងចក្រ និងរបបអាហាររបស់កម្មករ ដែលនាំអោយកម្មករដួលសន្លប់។ អង្គការនេះ បានទាមទារអោយ ស្ថាប័នពាក់ព័ន្ធ ជួយធ្វើយ៉ាងណា អោយកម្មករ មានសុខភាពទាំងនៅកន្លែងធ្វើការនិង បរិយាកាសខាងក្រៅ៕