ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញលិខិតបំភ្លឺចំពោះមតិមហាជនលើបណ្តាញសង្គមហ្វេសប៊ុក (facebook) ដែលបង្ហោះវីឌីអូ និងសរសេរសាររិះគន់ការសង់ផ្លូវមិនត្រឹមត្រូវតាមស្តង់ដាបទដ្ឋានបច្ចេកទេស។
ជាការឆ្លើយតបលើការរិះគន់ខាងលើនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី១៦ ធ្នូ ម្សិលមិញដោយបំភ្លឺថា ករណីផ្លូវមួយខ្សែ ស្ថិតនៅភូមិជ្រៃបិតមាសសង្កាត់/ក្រុងសួង ខេត្តត្បូងឃ្មុំ ដែលមតិមហាជនចោទថា សង់ខុសបច្ចេកទេសគឺ មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននោះទេ។
ចំណែក ករណីផ្លូវចូលទៅវត្តចក ឬផ្លូវ ២៦៧ ស្ថិតនៅសង្កាត់ ស្វាយដង្កុំ ខេត្តសៀមរាប ត្រូវបានចែកចាយតាមបណ្តាញសង្គមគឺ យករូបភាពកន្លែងផ្សេងមកដាក់ជារូបភាពការដ្ឋាននៅខេត្តសៀមរាប ដោយចោទប្រកាន់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប មិនត្រឹមត្រូវឡើយ។
មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប បានបញ្ជាក់ថា ផ្លូវមួយខ្សែនេះគឺ បានសាងសង់ត្រឹមត្រូវដោយចាក់ក្រាលកៅស៊ូផងដែរ។
កាលពីពីពេលថ្មីៗនេះដែល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថ្មី លោក ស៊ុន ចាន់ថុល ដែលទើបចូលកាន់តំណែង បានថ្លែងជាសាធារ ណដោយសន្យាថា ក្នុងអាណត្តិរបស់លោក លោកនឹងពង្រឹកដឹកនាំការសាងសង់ផ្លូវក្នុងប្រទេសកម្ពុជាឱ្យមានគុណភាពល្អប្រសើរឡើងវិញ គឺមិនឱ្យមានពាក្យថា «ចាកក្រាស់ចេញស្តើង» ទៀតឡើយ។ ចាកក្រាស់ចេញស្តើង ជាពំនោលឌឺលដងមួយ ដែលចង់សំដៅថា ផ្លូវតម្រូវឱ្យសង់ក្រាស់មានគុណភាព តែបែរជាការអនុវត្តជាក់ស្តែងមិនគ្រប់ចំនួនកំណត់ ពោលគឺកេងយកចំណេញ៕