ភ្នំពេញ ៖ ក្រសួងការងាររម្លឹកជាថ្មីថា បើថៅកែ និយោជក មិនបានចុះបញ្ជីស្ដ្រីមានផ្ទៃបញ្ជូនទៅកាន់ បេឡាជាតិរបបសន្ដិសុខសង្គមឲ្យបានមុនដំណាច់ខែធ្នូនេះ នឹងប្រឈមមុខចំពោះច្បាប់។ តែករណីនេះខាងរោងចក្របានអះអាងថា ខ្លួនបានរៀបចំឯកសារស្ដ្រីមានផ្ទៃពោះរួចហើយ ខណៈ ប.ស.ស បញ្ជាក់ថា និយោជកបានចុះឈ្មោះស្ដ្រីមានផ្ទៃពោះបានជិត ៨០០០នាក់។
លោក លៀ ស៊ីណា រាយការណ៍៖

នៅរយៈពេលត្រឹមតែដំណាច់ខែធ្នូ នេះ ប៉ុណ្ណោះដែលក្រុមម្ចាស់សហគ្រាស ថៅកែ និយោជក មានពេលដើម្បីធ្វើសំណុំបែបបទ បញ្ជីឈ្មោះស្ដ្រីមានផ្ទៃ ដែលកំពុងបំពេញការងារក្នុងស្ថាប័នរបស់ខ្លួនបញ្ជូនទៅកាន់ បេឡាជាតិរបបសន្ដិសុខសង្គម។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា។
តាមសេចក្ដីជូនដំណឹងនេះ ថៅកែ និយោជក ដែលមិនទាន់បានចុះបញ្ជីស្ដ្រីមានផ្ទៃពោះ ត្រូវរូសរាន់មកចុះបញ្ជី កម្មករ និយោជិតជាស្ដ្រី នៅបេឡាជាតិរបបសន្ដិសុខសង្គម នៅស្នាក់ការកណ្ដាលក្នុងបរិវេណក្រសួងការងារ ឬនៅតាមសាខានានា របស់បេឡាជាតិរបបសន្ដិសុខសង្គម គ្រប់ខេត្ដ ខណ្ឌ។ ក្នុងករណីដែលក្រុមម្ចាស់សហគ្រាស ថៅកែ និយោជក ខកខាន មិនបានចុះបញ្ជីតាមការកំណត់ និយោជក ម្ចាស់សហគ្រាស គ្រឹះស្ថានត្រូវទទួលខុសត្រូវ នៅចំពោះមុខច្បាប់ ពិសេសត្រូវផ្ដល់អត្ថប្រយោជន៍ ដល់បុគ្គលិក កម្មករនិយោជិតជាស្ដ្រី ដែលត្រូវទទួលរបបធានារ៉ាប់រង មានដូចជា សេវាមូលនិធីសមធម៌សុខាភិបាល និងប្រាក់ឧបត្ថម្ភដល់កម្មករ និយោជិតជាស្ដ្រីនៅពេលសម្រាលកូន។
គិតមកដល់ដើមខែធ្នូ នេះ បេឡាជាតិរបបសន្ដិសុខសង្គម ហៅកាត់ថា ប.ស.ស ទទួលបានឈ្មោះស្ដ្រីមានផ្ទៃពោះប្រមាជិត ៨០០០ពាន់នាក់ នេះបើយោងតាមការឲ្យដឹង ពីលោក ស៊ុ សោភណ្ឌ នាយករងបេឡាជាតិរបបសន្ដិសុខសង្គម។ លោកបន្ដថា ក្នុងករណីដែល ថៅកែ និយោជក មិនបានមកចុះឈ្មោះស្ដ្រីមានផ្ទៃពោះនៅបេឡាជាតិរបបសន្ដិសុខសង្គម ពួកគេនឹងប្រឈមមុខចំពោះផ្លូវច្បាប់ ដែលមានការពិន័យជាប្រាក់ ទៅតាមបទបញ្ញត្ដិ ដែលមានចែង។ តែយ៉ាងលោកបញ្ជាក់ថា បេឡាជាតិរបបសន្ដិសុខសង្គម នឹងធ្វើការពន្យល់ក្រុមថៅកែជាមុនសិន មុនពេលឈានដល់ការពិន័យ។
លោក ស៊ុ សោភណ្ឌ៖«តាមកចំនួនមនុស្ស និងតាមអត្រាវិភាគទាន គិតទាំងវិភាគទាន និងចំនួនមនុស្ស ហើយនិងការពិន័យទាក់ទងទៅនិងការល្មើសមនុស្សម្នាក់គេពិន័យប៉ុន្មានតាមចនួនរបស់គេអញ្ចឹងទៅ បើមនុស្សច្រើនយើងពិន័យច្រើន»។
ទាក់ទងការចុះបញ្ជីស្ដ្រីមានផ្ទៃពោះ នៅបេឡជាតិរបបសន្ដិសុខសង្គមនេះដែរ ប្រធានរដ្ឋបាលរោងចក្រកាត់ដេរសម្លៀកបំពាក់ស៊ិនថាយ លោកស្រី អូន សុភា មានប្រសាសន៍ថា រោងចក្រនេះបានស្រង់ឈ្មោះស្ដ្រីមានផ្ទៃពោះរួចហើយ ដើម្បីដាក់ទៅកាន់បេឡាជាតិរបបសន្ដិសុខសង្គម។ កម្មករ ក្នុងរោងចក្រនេះសរុបមានប្រមាណជាង ២០៨០នាក់ ហើយក្នុងនោះស្ដ្រីមានផ្ទៃពោះចាប់ពី ៤ខែឡើង មានចំនួន ៧៨នាក់។
តែយ៉ាងណាប្រធានរដ្ឋបាលរោងចក្រកាត់ដែររូបនេះសំណូមពរដល់រោងចក្រដទៃទៀត ក្រៅពីប្រញាប់ប្រញាល់រៀបចំឯកសារពីកម្មការិនីមានផ្ទៃពោះដាក់ទៅកាន់ បេឡាជាតិរបបសន្ដិសុខសង្គមហើយ ក៏ត្រូវតែព្យាយាមពន្យល់ដល់ប្រធាន របស់ខ្លួនដែលជាជនបរទេស ឲ្យយល់ពីកាតព្វកិច្ចក្នុងការជួយដល់ស្ដ្រីមានផ្ទៃពោះ ស្របទៅតាមច្បាប់របស់កម្ពុជា ក៏ដូចជាប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ស្ដីពីការជួយដល់ស្ដ្រីមានផ្ទៃពោះនេះ។
លោកស្រី អូន សុភា ៖«ចង់ឲ្យគាត់ពន្យល់ដល់ជនបរទេស ដូចថា Supervisor តាមក្រុមអីអញ្ចឹង ព្រោះអីពួកចិនៗហ្នឹងគាត់អត់សូវបានយល់ច្បាស់អញ្ចឹង។ ស្ដ្រីមានផ្ទៃពោះត្រូវបានគេរើសអើង អ្នកខ្លះមានប្ដូរក្រុមចេញ ហើយអ្នកខ្លះទៀតដល់ម៉ោងគេចេញមុនម៉ោង ។អ្នកគ្រប់គ្រងតាមក្រុមឈរ សម្លក់ ឈរ សម្លឹង ធ្វើឲ្យគ្នាមានអារម្មណ៍មួយអត់សប្បាយចិត្ដ មានសម្ពាធការងារ អញ្ចឹងចង់ថា ឲ្យគាត់ហ្នឹងបណ្ដុះបណ្ដាលទៅជនបរទេសបន្ថែមទៀតទាក់ទងរឿងហ្នឹង ព្រោះជនបរទេសអត់សូវយល់ច្បាស់រឿងហ្នឹងទេ ជនជាតិចិន»។
សម្ដេច ហ៊ុន សែន បានប្រកាសផ្ដល់ការឧបត្ថមជាសាច់ប្រាក់សុទ្ធដល់កម្មការិនីក្នុង និងក្រៅប្រព័ន្ធនៅពេលសម្រាលកូន ដែលមានដូចជា កម្មការិនីម្នាក់សម្រាលបានកូន ១នាក់ នឹងទទួលបានប្រាក់ឧបត្ថមចំនួន ៤០ម៉ឺនរៀល សម្រាលបានកូនភ្លោះ ២នាក់ នឹងទទួលបានប្រាក់ឧបត្ថម ៨០ម៉ឺនរៀល កូនភ្លោះ ៣នាក់ ទទួលបានប្រាក់ឧបត្ថម ១លាន ២០ម៉ឺនរៀល ហើយកូនភ្លោះទាំង ០៣នាក់នោះ សម្ដេចនឹងយកធ្វើកូន ហើយនឹងផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមចំនួន ៥លានរៀល៕