ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងអង្គការសមាគមសហប្រតិបត្តិការកម្ពុជា-ជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ជូនកម្មសិក្សាការីខ្មែរទៅបម្រើការងារនៅប្រទេសជប៉ុន។ កិច្ចព្រមព្រៀងនេះធ្វើឡើងនៅថ្ងៃ ពុធ ទី ៣ តុលានេះដោយលោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងលោកក Fumio Yamada ប្រធានអង្គការជប៉ុន(JCIA)។
លោក ធូ វិរៈ រាយការណ៍៖

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ក្នុងជំនួបព្រឹកមិញថា អង្គការសមាគមសហប្រតិបត្តិការកម្ពុជា-ជប៉ុន(JCIA) បានជួយបណ្តុះបណ្តាលជំនាញដល់ប្រជាពលរដ្ឋខ្មែរក្រីក្រក្នុងមជ្ឈមណ្ឌលខណ្ខពោធិ៍សែនជ័យ ដើម្បីបញ្ជូនទៅធ្វើការនៅជប៉ុន។ ចំពោះប្រជាពលរដ្ឋខ្មែរជាជនពិការ អង្គការជប៉ុនក៏ជួយបណ្តុះបណ្តាលជំនាញមួយចំនួនផងដែរ តែសម្រាប់បម្រើការងារនៅក្នុងស្រុកប៉ុណ្ណោះ។
លោក អ៊ិត សំហេង៖ «ការបណ្តុះបណ្តាលនេះគឺការបណ្តុះបណ្តាលនៅនឹងកន្លែងផងហើយនឹងការបណ្តុះបណ្តាលកម្មសិក្សាការីបញ្ជូនទៅប្រទេសជប៉ុនផង។កន្លងមកអង្គការ(JCIA)បានធ្វើកម្មវិធីបណ្តុះបណ្តាលនិងបញ្ជូនបាន២ឆ្នាំហើយ។ ខ្ញុំសុំយកឱកាសជម្រាបដែរថាឥឡូវមកដល់ពេលនេះ កម្មសិក្សាការីកម្ពុជារបស់យើងដែលកំពុងធ្វើការនៅប្រទេសជប៉ុន៨០៦០នាក់ហើយគឺចំនួននេះគឺបានកើនឡើងបើប្រៀបធៀបឆ្នាំមុនៗ ហើយសង្ឃឹមថា ឆ្នាំនេះនិងឆ្នាំក្រោយបន្តបញ្ជូនបន្ថែមទៀត»។
អង្គការសមាគមសហប្រតិបត្តិការកម្ពុជា-ជប៉ុនផ្តល់ការបណ្តុះបណ្តាលលើជំនាញ ថែទាំមនុស្សចាស់ ឧស្សាហកម្ម កសិកម្ម សំណង់ នេសាទ កែច្នៃចំណីអាហារ កាត់ដេរ និងគ្រឿងយន្តជាដើម។
លោក Fumio Yamada ប្រធានអង្គការសមាគមសហប្រតិបត្តិការកម្ពុជា-ជប៉ុន(JCIA) មានប្រសាសន៍ថា អនុស្សារណៈយោគយល់គ្នានេះមានរយៈពេល ៥ ឆ្នាំ។ លោក Yamada ពន្យល់ថា មជ្ឈមណ្ឌលជប៉ុននៅកម្ពុជាជួយបណ្តុះបណ្តាលជំនាញដល់ជនពិការ និងកម្មសិក្សាការីមានកាយសម្បទាគ្រប់គ្រាន់ ដើម្បីបញ្ជូនទៅធ្វើការនៅប្រទេសជប៉ុនក្នុងមួយអាណត្តិរយៈ ពេល ៣ ឆ្នាំ។
លោក Fumio Yamada៖ «ចំពោះអនុស្សារណៈមានរយៈពេល ឆ្នាំ ហើយនៅក្នុងនោះផងដែរ មជ្ឈមណ្ឌលធ្វើការបណ្តុះបណ្តាលទៅលើជនពិការឱ្យចេះភាសាជប៉ុន ទី២យើងអាចឱ្យគាត់ជាជនពិការរៀនជំនាញជួសជុលម៉ូតូ ក៏ដូចជាជំនាញដេរ បន្ទាប់មកយើងនឹងបញ្ជូនកម្មសិក្សាដែលមានគាត់មានកាយសម្បទាគ្រប់គ្រាន់ទៅធ្វើការសិក្សានៅជប៉ុនរយៈពេល៣ឆ្នាំ។អញ្ចឹងរយៈពេល៣ ដែលគាត់ទទួលបានការបណ្តុះបណ្តាលនូវជាជំនាញកម្មសិក្សាការី គាត់នឹងមានចំណេះ ដើម្បីជួយបំពេញនៅក្នុងអភិវឌ្ឍនៅប្រទេសកម្ពុជាផងដែរ»។
អង្គការសមាគមសហប្រតិបត្តិការកម្ពុជាជប៉ុនចាប់ផ្តើមដំណើរការនៅឆ្នាំ ១៩៩៦ រហូតមកដល់ពេលនេះមានរយៈពេល ២៣ ឆ្នាំ មកហើយ។ អង្គការនេះបានជួយបណ្តុះបណ្តាលជំនាញលើជនពិការកម្ពុជាប្រមាណ ៣០០០នាក់ លើជំនាញ ភាសាជប៉ុន ជួសជុលម៉ូតូ និងកាត់ដេរ ហើយអង្គការនេះបានបញ្ជូនកម្មសិក្សាការីទៅមប្រើការងារនៅជប៉ុនបានចំនួន ៥០ នាក់នៅឆ្នាំនេះ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ពលករខ្មែរប្រហែល ១លាន ២ សែន នាក់ដែលបម្រើការងារនៅជប៉ុន កូរ៉េខាងត្បូង ហុងកុង សឹង្ហបុរី ថៃ ម៉ាឡេស៊ី បានផ្ញើប្រាក់មកក្រុមគ្រួសារជាមធ្យម ២ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
បើតាមក្រសួងកាងារឱ្យដឹងថា ក្រុមហ៊ុនចំនួន៩០ និងអង្គការចំនួន២ ដែលក្រសួងទទួលស្គាល់អាជ្ញាប័ណ្ណអនុញ្ញាតឱ្យធ្វើការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងកម្មសិក្សាការីទៅធ្វើការនៅប្រទេសជប៉ុន។ ក្រសួងការងារចាប់ផ្តើមឱ្យមានការបញ្ជូនកម្មសិក្សាការីទៅជប៉ុននៅឆ្នាំ ២០០៧។ គិតមកដល់ពេលនេះកម្មសិក្សការីកំពុងបម្រើការងារនៅជប៉ុនមាន ចំនួន ៨០៦៥ នាក់ ក្នុងនោះ ៤០០០នាក់ កម្មសិក្សាការីជាសស្ដ្រី៕