ភ្នំពេញ ៖ ខណៈដែរបច្ចុប្បន្នអាកាសធាតុមានការប្រែប្រួល និងមានខ្យល់ត្រជាក់នៃរដូវរងារ ដែលនាំឱ្យកើតមានជំងឺដង្កាត់ណាមួយជាយថាហេតុ ក្រសួងសុខាភិបាល បានចេញនូវសេចក្ដីណែនាំ អំពីវិធីសាស្ដ្រសាមញ្ញមួយចំនួន ដល់ប្រជាពលរដ្ឋ ដើម្បីឲ្យចេះការពារ និងថែរក្សាសុខភាព នារដូវត្រជាក់នេះ។
- ត្រូវស្លៀកពាក់ខោអាវក្រាស់ៗ រុំកនឹងកន្សែង ពាក់មួក និង ស្រោមដៃរងា ដើម្បីការពារកុំឲ្យធាតុត្រជាក់ប៉ះខ្លួនប្រាណដោយចំហរ ធ្វើយ៉ាងណាឲ្យមានការរក្សាកំដៅ ក្នុងខ្លួនជាធម្មតា។
- ចូរស្វែងរកការព្យាបាលវេជ្ជសាស្ដ្រ នៅគ្រឹះស្ថានសុខាភិបាល ប្រសិនបើលោកអ្នកមានរោគសញ្ញា ពិបាកដកដង្ហើម គ្រុនក្ដៅ ក្អក ឈឺក និងឈឺសាច់ដុំ ឬ មានបញ្ហាសុខភាពផ្សេងៗទៀត។
- ចូរចាំថា គួរធ្វើដំណើរតែនៅពេលដែលលោកអ្នកមានសុខភាពល្អ ហើយប្រសិនបើលោកអ្នកគិតថា លោកអ្នកមានជំងឺផ្ដាសាយ ឬមិនស្រួលខ្លួន (ឈឺ) គួរពន្យារផែនការធ្វើដំណើររបស់លោកអ្នក រហូតដល់មានស ភាពស្រួលបួល យ៉ាងហោចណាស់ ២៤ ម៉ោង ក្រោយពីមានស្ថានភាពមិនស្រួលខ្លួន ហើយមិនត្រូវប្រើប្រាស់ឱសថប្រភេទអង់ទីប៊ីយូទិក ដោយគ្មានវេជ្ជបញ្ជានោះឡើយ។
- ពេលលោកអ្នក ក្អក ឬកណ្ដាស សូមខ្ទប់មាត់ជាមួយក្រដាស ក្រណាត់ ឬកន្សែងស្អាត។ បើគ្មានក្រណាត់ឬកន្សែង សូមក្អក ឬកណ្ដាស់ដោយយកអាវខ្ចប់មាត់ មិនត្រូវប្រើដៃទទេរបស់លោកអ្នកនោះឡើយ។
-លាងសម្អាតដៃរបស់លោកអ្នក ឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ហើយជៀសវាងយកដៃលោកអ្នកទៅប៉ះពាល់ ភ្នែក ច្រមុះ និងមាត់របស់លោកអ្នក ប្រសិនបើមិនទាន់បានលាងសម្អាតទេនោះ។
- បើប្រាស្រ័យទាក់ទងជាមួយអ្នកឈឺ ត្រូវចេះការពារខ្លួន កុំឲ្យមានការចម្លងរោគ ដោយមិនត្រូវជិតស្និទ្ធពេក។
- សម្រាប់ទារក កុមារ និងមនុស្សវ័យចំណាស់ គឺមានហានិភ័យខ្ពស់ ទាក់ទងនឹងជំងឺបណ្ដាលមកពីអាកាសធាតុត្រជាក់ ដូច្នេះទារកដែលមានអាយុតិចជាង ១ ឆ្នាំមិនគួរឲ្យដេក ក្នុងបន្ទប់ត្រជាក់នោះឡើយ។ ការផ្ដល់សម្លៀកបំពាក់កក់ក្ដៅ និងដណ្ដប់ភួយសម្រាប់ទារកឲ្យបានត្រឹមត្រូវ ដើម្បីព្យាយាមរក្សាសីតុណ្ហភាព ឲ្យបានកក់ក្ដៅសម្រាប់ខ្លួនប្រាណពួកគេ ក៏ដូចជានៅក្នុងបន្ទប់របស់ទារក។
- មនុស្សវ័យចំណាស់ ជាញឹកញប់មានកម្តៅរាងកាយតិច ដោយសារតែការរំលាយអាហារក្នុងរាងកាយយឺត និងសកម្មភាពរាងកាយមានតិច ឬចុះថយដែលអាចធ្វើឲ្យសីតុណ្ហភាព ក្នុងរាយកាយថយចុះជាងធម្មតា។ ដូច្នេះមនុស្សវ័យចំណាស់ ក៏មានហានិភ័យដែរ ដែលបណ្ដាលឲ្យមានគ្រោះ ថ្នាក់ដល់អាយុជីវិត ដោយសារតែការឆ្លើយតប យឺតរបស់រាងកាយជាមួយភាពត្រជាក់ ជាពិសេសអ្នកមានជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។
- កុមារ និងមនុស្សវ័យចំណាស់ គួរតែស្លៀកពាក់សម្លៀកបំពាក់ច្រើនជាន់ ឬក្រាស់ៗពេលមានអាកាសធាតុត្រជាក់ ដើម្បីរក្សាភាពកក់ក្ដៅក្នុងខ្លួនគាត់។ ជៀសវាងសម្លៀកបំពាក់តឹង ពីព្រោះ វាអាចរំខានដល់ចរាចរឈាម ក្នុងរាងកាយ និងបណ្ដាលឲ្យបាត់បង់កំដៅរាងកាយ។
- កុមារ និងមនុស្សវ័យចំណាស់គួរពាក់មួក និងស្រោមជើង នៅពេលចេញក្រៅក្នុងពេល មានអាកាសធាតុត្រជាក់ ដើម្បីរក្សាកំដៅក្នុងរាងកាយ ដែលអាចបាត់បង់តាមរយៈដៃ ក្បាល និងជើង។
- ពិសាទឹកឲ្យបានញឹកញាប់ ដើម្បីចៀសវាងការបាត់បង់ជាតិទឹក និងពេលសរីរាង្គខិតខំទប់ទល់នឹងភាពត្រជាក់។