ភ្នំពេញ ៖ ក្រសួងបរិស្ថាន អង្គការអភិរក្សសត្វព្រៃ បានសម្ដែងក្ដីព្រួយបារម្ភជាខ្លាំង ពីការបាត់បង់វត្ដមានសត្វព្រៃដ៏កម្រជាច្រើនប្រភេទក្នុងប្រទេសកម្ពុជា ព្រោះតែការបំពុល ដោយការប្រើថ្នាំសម្លាប់សត្វល្អិត ដាក់នៅតាមត្រពាំងនានា នៃតំបន់ខ្ពង់រាបភាគខាងជើង ប្រទេសកម្ពុជា និងតំបន់មួយចំនួនទៀត។
លោក លៀ ស៊ីណា មានសេចក្ដីរាយការណ៍៖

សេចក្ដីប្រកាសព័ត៌មានរបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ដែលផ្ញើមកកាន់មណ្ឌលព័ត៌មានស្ដ្រីនៅថ្ងៃទី២៧ ខែមីនានេះ បានបញ្ជាក់ថា សកម្មភាពនៃការបំពុលទាំងនោះ បានកំពុងក្លាយជាកត្ដាគំរាមកំហែង យ៉ាងខ្លាំងសម្រាប់ការរស់រានសត្វព្រៃដ៏កម្រជាច្រើនប្រភេទនៅព្រះរាជាណាចក្រកម្ពុជា។
ក្រុមអ្នកស្រាវជ្រាវរបស់ក្រសួងបរិស្ថាន អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានប្រទះឃើញសកម្មភាពបំពុលនេះជាច្រើនករណីនៅដើមឆ្នាំ២០១៨នេះ ហើយការបំពុលនេះ គឺបានបណ្ដាលឲ្យសត្វស្រុក និងសត្វស្លាបព្រៃជាច្រើនក្បាលងាប់ជាបន្ដបន្ទាប់។ ករណីនេះ អង្គការសមាគមអភិរក្សសត្វព្រៃ មានក្ដីព្រួយបារម្ភជាខ្លាំង ចំពោះសកម្មភាព នៃការបំពុល ដើម្បីចាប់សត្វព្រៃ ដែលវានឹងជះឥទ្ធិពលយ៉ាងអាក្រក់ដល់ការខិតខំប្រឹងប្រែង អភិរក្សចំនួននៅសេសសល់ ដ៏តិចតូចបំផុត នៃពពួកសត្វតា្មតទាំងបី ប្រភេទ ដែលមានដូចជា ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ ជាប្រភេទសត្វជិតផុតពូជបំផុតនៅលើសាកលលោក។
កាលពីឆ្នាំ២០១៥ ក្នុងអំឡុងខែមករា ដល់ខែសីហា អង្គការសមាគមអភិរក្សសត្វព្រៃ តាមរយៈកម្មវិធីគោលនយោបាយសុខភាព និងសុខភាពសត្វព្រៃ របស់ខ្លួន អង្គការនេះ បានធ្វើការជាមួយក្រុមការងារអភិរក្សនៅក្នុងខេត្ដក្រចេះ និងអង្គការជីវិតសត្វស្លាបអន្ដរជាតិ (Birdlife) នៅស្រុកសៀមប៉ាង ខេត្ដស្ទឹងត្រែង ដើម្បីចងក្រងឯកសារមួយចំនួន អំពីករណីសត្វព្រៃស្លាប់ ព្រោះការបំពុលដោយសារថ្នាំសម្លាប់សត្វល្អិត។ តាមរយៈកម្មវិធីនេះ អង្គការ WCS បានរកឃើញថា សត្វព្រៃចំនួន ០៦ក្បាល រួមទាំងប្រភេទសត្វងាយរងគ្រោះ ដែលមានដូចជា សំពោចធំ និងសត្វកុកពាក់អំបោះ និងប្រភេទសត្វរងគ្រោះជិតផុតពូជ ដូចជាសត្វត្មាតត្នោត ត្រូវបានក្រុមមន្ដ្រីល្បាត និងក្រុមតាមដាន និងត្រូតពិនិត្យសត្វព្រៃ ប្រទះឃើញស្លាប់នៅជិតត្រពាំងផ្សេងៗគ្នា។
លោក កែន សេរីរដ្ឋា ប្រធានអង្គការសមាគមអភិរក្សសត្វព្រៃ ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ដើម្បីបំពុលសត្វព្រៃ នៅក្នុងតំបន់ខ្ពង់រាបភាគខាងជើង នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា តំបន់ផ្សេងៗ គឺមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ចំនួន នៃពពួកថនិកសត្វ និងសត្វស្លាបដែលជាប្រភេទ រងការគំរាមកំហែងជាសាកល។
តំបន់ខ្ពង់រាបភាគខាងជើង នៃព្រះរាជាណាចក្រកម្ពុជា ដែលមានដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ដែនជម្រកសត្វព្រៃ ព្រះរកា និងដែនជម្រកសត្វព្រៃឆែប បានគាំទ្រដល់ការរស់នៅរបស់សត្វស្លាបជិត ៣០០ប្រភេទ។ ក្នុងចំណោមនោះ មានទាំងសត្វស្លាបប្រភេទរងគ្រោះជិតផុតពូជបំផុតនៅលើសាកលលោក ដូចជា ត្រយ៉ងយក្ស ដែលជាសត្វស្លាបតំណាងឲ្យប្រទេសកម្ពុជា និងសត្វត្រយ៉ងចង្កំក ស ត្មាតត្នោត ត្មាតផេះ និងត្មាតភ្លើងជាដើម។
សត្វព្រៃនៅកម្ពុជា នៅតែប្រឈមការគំរាមកំហែងដល់ការរស់នៅ ព្រោះតែការជឿលើអបីយជំនឿ នៃការយកសត្វព្រៃទៅធ្វើជាឱសថបុរាណ និងការចាប់សត្វព្រៃ ដើម្បីធ្វើម្ហូប បម្រើឲ្យសេចក្ដីត្រូវការប្រចាំថ្ងៃរបស់ពលរដ្ឋសហគមន៍មួយចំនួន។ ដែលបញ្ហាទាំងអស់នេះ អាចនឹងធ្វើឲ្យសត្វដ៏កម្រជាច្រើនប្រភេទនៅប្រទេសកម្ពុជា ឈានទៅរកការបាត់បង់នាពេលអនាគត។
ជុំវិញបញ្ហាទាំងអស់នេះ ប្រធានអង្គការសមាគមអភិរក្សសត្វព្រៃ ប្រចាំនៅកម្ពុជា លោក កែន សេរីរដ្ឋា បានអំពាវនាវដល់សាធារណជនឲ្យបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ដើម្បីចូលរួមថែរក្សា និងការពារសត្វព្រៃទាំងអស់នោះឲ្យនៅគង់វង្ស។ បន្ថែមពីនេះលោក សេរីរដ្ឋា បញ្ជាក់ថា ការបរិភោគសាច់សត្វព្រៃ ដែលមានផ្ទុកសារធាតុពុល នាំឲ្យខូចសុខភាពក្នុងពេលបច្ចុប្បន្ន និងពេលខាងមុខ៕