ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឆ្នាំ២០១៧ មានការថយការចុះ បើធៀបនឹងឆ្នាំ២០១៦ ប៉ុន្ដែចំនួនអ្នកស្លាប់មានការកើនឡើងដែលគួរឲ្យព្រួយបារម្ភ នេះយោងតាមការចុះផ្សាយរបស់គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០២ ខែមករា នេះ។
លោក លៀ ស៊ីណា រាយការណ៍៖

តាមគេហទំព័រដដែលនេះ របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានបង្ហាញថា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងចំនួន ៣៥៣១ករណី បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ១៧៨០នាក់ រងរបួសចំនួន ៥ ៥៣៩នាក់ ខណៈកាលពីឆ្នាំ២០១៦ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៣៧០០លើក មានអ្នកស្លាប់ចំនួន ១៧១៧នាក់ និងអ្នករងរបួសចំនួន ៦៦០៧នាក់។
យោងតាមរបាយការណ៍ដដែលនេះ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ មាននៅក្នុងខេត្ដចំនួន ១៤ ដែលមានដូចជា ខេត្ដកណ្ដាល ព្រះវិហារ កំពង់ចាម កំពត ស្ទឹងត្រែង សៀមរាប កំពង់ធំ ស្វាយរៀង ព្រះសីហនុ កោះកុង មណ្ឌលគិរី កំពង់ស្ពឺ ពោធិ៍សាត់ និងខេត្ដប៉ៃលិន។
ទាក់ទិនករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ក្នុងពីធីបិទមហាសន្និបាតសមាគមមិត្ដ នគរបាលជាតិកម្ពុជា អាណត្ដិទី៤ បានលើកឡើងថា អត្រាគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្ននេះ គឺមានកើតឡើងជាបន្ដបន្ទាប់ ហើយអ្នកដែលគ្រោះថ្នាក់ដល់អាយុវជីវិតច្រើនជាងគេ គឺអ្នកដែលបើកបរម៉ូតូ ដោយមិនបានពាក់មួកការពារសុវត្ថិភាព ប្រមាណជាង ៧៨ភាគរយ ដែលជារឿងដ៏គួរឲ្យព្រួយបារម្ភ។ បន្ថែមលើនេះ សម្ដេច ស ខេង បានប្រាប់ទៅកាន់មន្ដ្រីក្រោមឱវាទទាំងអស់ ត្រូវតែរួមគ្នារឹតបន្ដឹងការអនុវត្ដច្បាប់ចំពោះអ្នកជិះម៉ូតូដែលមិនបានពាក់មួកសុវត្ថិភាពឲ្យខ្លាំងបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យអត្រាគ្រោះថ្នាក់ចរាចរណ៍នេះ ធ្លាប់មកនូវកម្រិតតិចតួចបំផុត៕