(ភ្នំពេញ)៖ ក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋាភិបាលម៉ាឡេស៊ីកាលពីថ្ងៃម្សិលមិញ បានចុះអនុស្សរណៈយោគយល់គ្នា(MOU)ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ជាអ្វីដែលប្រទេសទាំងពីរកំពុងសហការគ្នាជំរុញឱ្យមានការអភិវឌ្ឍន៍ទាំងវិស័យសេដ្ឋកិច្ច និងទេសចរណ៍។

ការចុះ MOU នេះធ្វើឡើងដោយរវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោក សៃហ្វូឌីន អាប់ឌុលឡា រដ្ឋមន្រ្តីក្រសួងការបរទេសម៉ាឡេស៊ី ក្នុងអំឡុងពេលដែលលោក មហាធា មហាម៉ាត់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី អញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជារយៈពេល ៣ថ្ងៃ។
ខ្លឹមសារនៃអនុស្សរណៈយោគយល់គ្នាបានផ្តោតទៅលើ ការស្រាវជ្រាវនិងអភិវឌ្ឍន៍ ការបណ្ដុះបណ្ដាលធនធានមនុស្ស។ ការផ្សព្វផ្សាយនិងការឃោសនា សិក្ខាសាលា កិច្ចប្រជុំ សន្និសីទ និងពិព័រណ៍ទេសចរណ៍ ពិព័រណ៍ពាណិជ្ជកម្ម។ ការផ្លាស់ប្ដូរទស្សនកិច្ចកិច្ចស្វែងយល់ និងផ្លូវការរវាងមន្ត្រីជំនាញ។ និងការជំរុញសកម្មភាពសេដ្ឋកិច្ចផ្សេងៗទៀតតាមរយៈវិស័យទេសចរណ៍។

គួរឲ្យកត់សំគាល់ នៅឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៦,២លាននាក់ កើន ១០,៧% ក្នុងនោះទេសចរជាតិម៉ាឡេស៊ីមានចំនួនជាង ២០ម៉ឺននាក់ កើន ១២,២%។ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៩នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៣,៣លាននាក់ កើនឡើង ១១.២% ក្នុងនោះទេសចរជាតិម៉ាឡេស៊ីមានចំនួនជាង ៩ម៉ឺននាក់ កើន ៧%។ ដោយឡែក ប្រជាជនកម្ពុជាបានទៅទស្សនាប្រទេសម៉ាឡេស៊ីជាច្រើនម៉ឺននាក់ផងដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្នមានការហោះហើរត្រង់ចំនួន ៥៨ជើងក្នុងមួយសប្តាហ៌ពីប្រទេស ម៉ាឡេស៊ី មកព្រលានយន្តហោះអន្តរជាតិទាំង៣របស់កម្ពុជា ក្នុងនោះរួមមាន ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុមានចំនួន ៧ជើង ក្នុងមួយសប្តាហ៍ ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបមានចំនួន ១១ជើង ក្នុងសប្តាហ៍ និងព្រលានយន្តហោះអន្តរជាតិភ្នំពេញមានចំនួន ៤០ជើង ក្នុងមួយសប្តាហ៍៕