ភ្នំពេញ៖ដំណើរបេសកកម្មនៃប្រតិភូគណៈកម្មការអឺរ៉ុបនិងសេវាកម្មកិច្ចការបរទេសអឺរ៉ុបមកកម្ពុជារយៈពេលមួយសប្តាហ៍ គឺជាការវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្ស នយោបាយ និងស្ថានភាពការងារ មុនធ្វើសេចក្តីសម្រេចចុងក្រោយពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធលើទំនិញគ្រប់មុខលើកលែងតែអាវុធ(EBA)។តាមរយៈក្រុមស្វែងរកការពិតនេះ មានការព្រមានថា សហភាពអឺរ៉ុបអាចនឹងបិទការអនុគ្រោះពន្ធនាំចូលពីកម្ពុជា។ តែយ៉ាងនេះក្ដី មន្ត្រីនាំពាក្យរាជរដ្ឋាភិបាលសង្ឃឹមថា កម្ពុជាមិនធ្លាក់ដល់កម្រិតនេះទេ។

ក្រោយបញ្ចប់ដំណើរបេសកកម្មស្វែករកការពិតនៅកម្ពុជាកាលពីថ្ងៃទី១១កក្កដា គណៈប្រតិភូសហភាព អឺរ៉ុបបានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១២ ខែកក្កដានេះពីទីក្រុងព្រុចហ្សែលប្រទេសប៊ែល ហ្សិកថាសហភាពអឺរ៉ុបនឹងវិភាគទៅលើព័ត៌មានជា អាទិភាពដែលទទួលបាន ក្នុងអំឡុងពេល បេសកកម្មដើម្បី ពិចារណាជាជំហានបន្ទាប់។
ការវិភាគនេះនឹងត្រូវយកមកពិចារណាក្នុងការដាក់ស្នើជាលាយលក្ខណ៍អក្សបន្ថែមទៀតពីអាជ្ញាធរកម្ពុជា រួមទាំងរបាយការណ៍ពីអង្គការពលកម្មអន្តរជាតិ(ILO) និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដែលទទួលខុសត្រូវត្រួតពិនិត្យមកលើកម្ពុជានៃអនុវត្តអនុសញ្ញាអន្តរជាតិទាក់ទងនឹងគម្រោងពាណិជ្ជកម្មសេរីដោយឥតគិតពន្ធ ពីសហភាពអឺរ៉ុបដែលជាប្រព័ន្ធអនុគ្រោះពន្ធលើទំនិញទាំងអស់លើកលែងតែអាវុធ(EBA)។
គម្រោងពាណិជ្ជកម្ម(EBA) បានអនុញ្ញាត្តអោយកម្ពុជានាំចេញផលិតផលទាំងអស់លើកលែង តែអាវុធនិងរំសេវចូលទៅក្នុងទីផ្សារសហភាពអឺរ៉ុបដោយមិនគិតពីកូតានិងពន្ធគយ។
លោកស្រី Cecilia Malmström ប្រធានប្រតិភូនៃគណៈកម្មការទទួលបន្ទុកពាណិជ្ជកម្មថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថា«សហភាពអឺរ៉ុបមានមោទនភាពក្នុងការផ្តល់ដល់សេដ្ឋកិច្ចប្រទេសងាយរងគ្រោះបំផុតនៅលើពិភពលោក។ប្រព័ន្ធអនុគ្រោះពន្ធលើទំនិញទាំងអស់លើកលែងតែអាវុធបានជះឥទ្ធិពលយ៉ាងខ្លាំងនៃការអភិវឌ្ឍ និងការលុបបំបាត់ភាពក្រីក្រនៅកម្ពុជា។
លោកស្រី ឲ្យដឹងថា ការវិភាគ និងការប្រមូលព័ត៌មានក្នុងពេលបេសកកម្មផ្តោតទៅលើការ ធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរផ្នែកនយោបាយ និងសិទ្ធិបោះឆ្នោត រួមទាំងការទប់ស្កាត់សកម្មភាពអង្គការ សង្គមស៊ីវិល ការគំរាមកំហែងសិទ្ធិបង្កើតសហគម និងបញ្ហាសិទ្ធិមនុស្សជាដើម។
លោកស្រី អះអាងថា ការដកប្រទេសកម្ពុជាចេញពីគម្រោងពាណិជ្ជកម្មជាគឺជាវិធានការចុក្រោយប្រសិនបើរាល់ការខិតខំប្រឹងប្រែងរបស់ហសភាពអឺរ៉ុបមិនអាចដោះស្រាយពីការព្រួយបារម្ភអំពីបញ្ហាទាំងនេះបាន។
តែបែបនេះក្ដី លោកផៃស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ក្នុងបទសម្ភាសជាមួយវិទ្យុស្ត្រីនៅថ្ងៃនេះថា ក្រុមស្វែងរងការពិតរបស់សហភាពអឺរ៉ុបបានយល់ច្រើនពីការពន្យល់ របស់មន្ត្រីកម្ពុជា មកពីស្ថាប័នពាក់ព័ន្ធ។ លោកថា តាមរយៈការពន្យល់នេះ មន្ត្រីអឺរ៉ុបហាក់ ទទួលស្គាល់ខ្លះដែរភាពរីកចម្រើនមួយចំនួន ដែលកម្ពុជាបានខិតខំដោះស្រាយ ដូចជា ករណីដីធ្លី ជាដើម។ លោកថា សហភាពអឺរ៉ុបក៏មាន ជម្រើសវិជ្ជមាន ដែលសង្ឃឹមថាមិនដល់ថ្នាក់បិទពន្ធអនុគ្រោះនោះទេ។ លោកថា ប្រទេសខ្លះ ត្រឹមតែព្យួរការអនុគ្រោះពន្ធប៉ុណ្ណោះ។
តែបែបនេះ លោកផៃស៊ីផាន អះអាងថា កម្ពុជា មិនបារម្ភទេ ទោះជាវិធានការណាក៏ដោយ ព្រោះកម្ពុជា គឺជារដ្ឋមួយឯករាជ្យ។
បើតាមក្រសួងពាណិជ្ជកម្មកម្ពុជាបញ្ជាក់ថា ការអនុគ្រោះពន្ធនេះ មានទឹកប្រាក់ចំនួន៦៧៦លានដុល្លារ អាមេរិកក្នុងមួយឆ្នាំៗសម្រាបទំនិញពីកម្ពុជា ។
តែជាមួយគ្នានេះរាជរដ្ឋាភិបាលបានបញ្ជូនបេសកជនពិសេសទៅបញ្ចុះបញ្ជូលសហភាពអឺរ៉ុបកុំអោយដកពន្ធអនុគ្រោះ EBA នេះ។ ចំណែកសហជីពក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងដេរ ស្បែកជើងជាង១០០ ក៏បានស្នើសហភាពអឺរ៉ុបកុំព្យួរការអនុគ្រោះពន្ធ EBA នេះផងដែរ។
សហភាពអឺរ៉ុបបញ្ជាក់ថា ក្រោមគោលការណ៍ការអនុគ្រោះពន្ធលើទំនិញគ្រប់មុខលើកលែងតែ អាវុធបានផ្តល់ ប្រយោជន៍យ៉ាង សំខាន់ដល់សេដ្ឋកិច្ចកម្ពុជា។សហភាពអឺរ៉ុបជាគោល ដៅនាំចេញសំខាន់ សម្រាប់ទំនិញពីកម្ពុជាមានរហូតដល់៤០ភាគរយនៃការនាំចេញសរុប។
ការនាំចេញកម្ពុជាទៅសហភាពអឺរ៉ុបមានកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះពោលគឺកើនឡើង ២២៧ភាគរយ នៅចន្លោះឆ្នាំ ២០១១ និង ២០១៦។ នៅឆ្នាំ ២០១៧ ការនាំចេញសរុបរបស់កម្ពុជាទៅសហភាពអឺរ៉ុបមានឈានដល់ ៥ ពាន់លានអឺរ៉ូ ឬប្រហែល ជាង ៥ពាន់ ៨រយ លានដុល្លារ ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ក្នុងចំណោមអ្នកទទួលប្រយោជន៍ពី(EBA)។
គម្រោងអនុគ្រោះពន្ធលើមុខទំនិញទាំងអស់លើកលែងតែអាវុធបានរួមចំណែកសំខាន់ក្នុងការបង្កើតការងារ និងកំណើនក្នុងវិស័យវាយនភ័ណ្ឌមានចំនួន ៧៥ ភាគរយនៃការនាំចេញរបស់កម្ពុជាទៅសហភាពអឺរ៉ុបដែលផ្តល់ការងារដល់វិស័យមួយចំនួនងាយរងគ្រោះបំផុតនៅកម្ពុជា ហើយទំនិញដ៏សំខាន់គឺវិស័យវាយនភ័ណ្ឌដែលជួយកម្មករកម្មការិនីខែ្មរជាង ៨០ ម៉ឺននាក់មានការងារធ្វើពីវិស័យនេះ៕