en     km
en     km

សម្ដេច ហ៊ុន សែន ថា ការបាត់បង់ព្រៃឈឺដោយសារពលរដ្ឋតែលោកសមរង្ស៊ីថាមកពីអសមត្ថភាព

Share

ភ្នំពេញ៖ សម្ដេច ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានអះអាងជាថ្មីម្ដងទៀត ថា ការបាត់បង់ព្រៃឈើគឺដោយសារតែពលរដ្ឋមានការកើនឡើង ត្រូវការការលើដីក្នុងការរស់នៅនឹងប្រើប្រាស។  យ៉ាងណាសម្ដេចថា ស្អប់ណាស់អ្នកដែលកាប់ព្រៃឈើ ដោយសម្ដេចកំពុងតែតាមប្រមាញ់ពួកនេះ។ តែបើទោះបីជានាយករដ្ឋមន្ត្រីកម្ពុជាថ្លែងបែបនេះក្ដី ក៏លោក សម រង្ស៊ី នៅតែថា ការបាត់បង់ព្រៃឈើគឺដោយសារតែភាពអសមត្ថភាពអ្នកដឹកនាំកម្ពុជា។លោក សោម លាភ ជូនសេចក្ដីរាយការណ៍៖

សម្ដេច ហ៊ុន សែន បានថ្លែងប្រាប់អ្នកគាំទ្របែបនេះ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយពលរដ្ឋខ្មែររស់នៅក្នុង​សហរដ្ឋអាមេរិក និង​កាណាដា កាលពីថ្ងៃទី ៣០ កញ្ញា។

ប្រមុខ​រដ្ឋាភិបាល កម្ពុជាបញ្ជាក់ច្បាស់ៗថា កម្ពុជាមានការមានការបាត់បង់ព្រៃឈើពិតមែន តែដោយសារតែកំណើនប្រជាជន។

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រច្រើនយ៉ាងដើម្បីការពារព្រៃឈើដោយជា​ការដាក់ចេញនូវតំបន់ព្រៃអភរក្សមួយចំនួន។

ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីកម្ពុជាដែលកាន់អំណាចប្រាំមួយអាណត្តិនេះ បញ្ជាក់ថា ខ្លួនកំពុងតែតាមប្រមាញ់អ្នកកាប់ព្រៃឈើខុសច្បាប់ហើយដើម្បីផ្ដន្ទាទោស។

យ៉ាងណាមិញ​ អ្នកស្រាវជ្រាវ រកឃើញថា ការផ្លាស់ប្តូរ​តម្លៃ​កៅស៊ូ​ជាស​កល និង​កិច្ចព្រមព្រៀង​ដី​សម្បទាន​សេដ្ឋកិច្ច គឺជាបញ្ហាមួយដែលឈានទៅដល់ការបាត់បង់ព្រៃឈើយ៉ាងឆាប់រហ័សនៅកម្ពុជា។

តួយ៉ាង រដ្ឋាភិបាល​កម្ពុជាបាន​ជួលសម្បទាន ទៅ​ឲ្យ​អ្នកវិនិយោគ​ក្នុងស្រុក និង​បរទេស សម្រាប់ធ្វើ​កសិកម្ម ផលិតផល​ឈើ និង​តម្រូវការ​ផ្សេងទៀត។ ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកស្រាវជ្រាវ រកឃើញ​បន្ថែមទៀតថា អត្រា​បាត់បង់​ព្រៃឈើ ក្នុង​ដី​សម្បទាន មាននៅ​គ្រប់​ទីកន្លែង កើនឡើង​ពី ២៩% ទៅ ១០៥% បើ​ធៀប​នឹង​ដី​ក្រៅ​សម្បទាន។

ដោយឡែក លោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយកាលពីឆ្នាំ ២០១៧ នោះបានសរសេរក្នុងទំព័រហ្វេសបុកខ្លួនថា ការបាត់បង់ព្រៃឈើដោយសារតែអំពើពុករលួយរបស់ថ្នាក់ដឹកនាំកម្ពុជា។

លោកសរសេរថា មេដឹកនាំកម្ពុជា មិនត្រឹមតែកាប់បំផ្លាញព្រៃឈើនោះទេ ថែមទាំងមានការលក់ទ្រព្យសម្បត្តិជាតិ និងប្លន់ដីរាស្រ្តថែមទៀត ដោយសារតែអំពើពុករលួយ។

អតីតប្រធានគណបក្សប្រឆាំងរូបនេះ បានបន្ថែមថា ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា​ យកលុយដែលបានមកពីការកាប់បំផ្លាញព្រៃឈើ និងលុយពុករលួយទាំងនោះ យកទៅ ទិញមាស រាប់រយតោនពីបរទេសដើម្បីលាងលុយខ្មៅ ឬលុយកខ្វក់ទាំងនោះ។

តែសម្រាប់អ្នកនាំពាក្យ រាជរដ្ឋាភិបាល លោកផៃស៊ីផាន បាននិយាយក្នុងបទសម្ភាសខ្លីជាមួយវិទ្យុស្ត្រីដោយប្រតិកម្មនឹងលោកសមរង្ស៊ីថា អតីតមេដឹកនាំបក្សប្រឆាំងនេះ មានលិ្បចគ្រប់យ៉ាង វាយប្រហារគូប្រកួត ដែលលោកថាកូនរៀនមិនកើតបែរជាបន្ទោស គ្រូទៅវិញ។ លោកថា អ្វីដែលនិយាយរឿងការបាត់បង់ព្រៃឈើគឺជាការនិយាយដោយមិនបានយល់ពីគុណតម្លៃរបស់ថ្នាក់រាជរដ្ឋាភិបាល។

គួររំលឹកថា កាលពី​ឆ្នាំ​២០១៧​អង្គការ​ណា​សា​ឃ្លាំមើល​ផែនដី (NASA Earth Observatory) បានចេញ​របាយការណ៍​ថា​ កម្ពុជា​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​អត្រា​បាត់បង់​ព្រៃឈើ​រហ័ស​ជាងគេ​ក្នុង​ពិភពលោក​៕

 

Share

Image
Image
Image