en     km
en     km

គីមជុងអ៊ុនចង់ជួបត្រាំខណៈអាបេចង់ជួបត្រាំនៅឯមហាសន្និបាតUN

Share

ប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូនចាវអ៊ីន បានអោយដឹងថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង មានបំណងចង់ជួបលោកប្រធានាធិបតីអាមេរិកម្ដងទៀតក្នុងពេលឆាប់នេះ ដើម្បីរម្លឹកពីការប្ដេជ្ញារបស់ក្រុងព្យុងយ៉ាងឡើងវិញ ចំពោះការរំលាយកម្មវិធីអាវុធនុយក្លេអ៊ែរ។

បណ្ដាញផ្សាយព័ត៌មានChannel News Asia ចុះផ្សាយថា លោកត្រាំទំនងជាជួបនាយករដ្ឋមន្ត្រីជប៉ុនស៊ីនសូអាបេមុនលោកជួបលោកត្រាំជាថ្មីម្ដងទៀត។

អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីជប៉ុន បាននិយាយថាលោកអាបេបានដាក់កាលបរិច្ឆេទសុំជួបលោកត្រាំនៅ ថ្ងៃ២៦កញ្ញា ខណៈលោកអាបេ ទៅក្រុងញូយ៉កដើម្បី ចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃទី២៣កញ្ញា។  

ទាំងអាបេ និង គីមជុងអ៊ុន ដែលសុំជួបលោកត្រាំសុទ្ធតែមានរបៀបវារៈប្រហាក់ប្រហែលគ្នា។ ប៉ុន្តែសម្រាប់ លោក គីមជុងអ៊ុន ចង់ជួបលោកត្រាំមិនមែននៅក្រុងញ៉ូវយ៉កនោះទេ។  

តែយ៉ាងណាក៏ដោយ លោក ម៉ូនចាវអ៊ីន បានបង្ហើបអោយដឹងថា អ្វីដែលលោក គីមជុងអ៊ុន ចង់ជួបលោកត្រាំ គឺបំណងមួយគត់ គឺផ្ដោតលើការចាប់ផ្ដើម រំលាយកម្មវិធីអាវុធនុយក្លេអ៊ែរ ដែលមេដឹកនាំទាំងពីរបានព្រមព្រៀងគ្នា រួចហើយកាលពីថ្ងៃទី១២មិថុនា ក្នុងកិច្ចប្រជុំកំពូលជាលើកដំបូងនៅប្រទេសសិង្ហបុរី។

លោក ម៉ូនចាវអ៊ីន បញ្ជាក់ថា ជំនួបរវាងរូបលោកនិងលោកគីមជុងអ៊ុន រយៈពេល ៣ថ្ងៃមកនេះ បាននាំអោយមានកិច្ចព្រមព្រៀងជាថ្មីទៀត ដោយក្រុងព្យុងយ៉ាង បានសន្យារំលាយអាវុធនុយក្លេអ៊ែរអោយបានលឿនបំផុត ក្រោមការត្រួតពិនិត្យដោយក្រុមអធិការកិច្ចអន្តរជាតិ ដែលអាមេរិកដឹកនាំ។

កាលពីថ្ងៃម្សិលមិញ លោកMike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយថា ក្រុងវ៉ាស៊ីនតោន សាទរលទ្ធផលនៃជំនួបកំពូលរវាងមេដឹកនាំកូរ៉េទាំងពីរប្រទេសនេះ តែអាមេរិកចង់ឃើញការរំលាយអាវុធនុយក្លេអ៊ែរ អោយអស់នៅត្រឹមឆ្នាំ ២០២១។

ទាក់ទិនរឿងអាវុធនុយក្លេអ៊ែរនៃប្រទេសកូរ៉េខាងជើងនេះ នាយករដ្ឋមន្ត្រីជប៉ុនធ្លាប់បាននិយាយថា លោកចង់ជួបលោកត្រាំគឺជាកិច្ចការបន្ទាន់ ដើម្បី បញ្ជាក់ថា ការប្ដេជ្ញារបស់ក្រុងព្យុងយ៉ាងត្រូវតែបានអនុវត្តលឿនបំផុត ហើយជប៉ុនចង់ចូលរួមដែរ៕

 

 

 

 

Share

Image
Image
Image