តារាចម្រៀងអ្នកនាង យ៉ុង ច័ន្ទកន្និកា បានប្រកាសជាសាធារណៈថា រូបនាងនឹងទទួលថតបទច្រៀងជាថ្មីឡើងវិញ បន្ទាប់ពីនាងបានខកខានមិនបានថតបទចម្រៀងថ្មីៗអស់ជាច្រើនឆ្នាំ ក្រោយការការរៀបការ ហើយសម្រេចប្រកបរបរបើកហាងសម្អាងកាយ(Salon)។
ការសម្រេចវិលមកថតចម្រៀងរបស់ម្ចាស់បទ«រាត្រីគ្មានផ្កាយ» ជាថ្មីឡើងវិញនាពេលនេះ គឺអ្នកនាងមិនយកកម្រៃពីការថតនោះឡើយ ប៉ុន្តែធ្វើឡើងដោយការស្ម័គ្រចិត្ត ដើម្បីជាការចូលរួមចំណែកនៃការផ្សព្វផ្សាយ និងលើកស្ទួយវិស័យសិល្បៈ ដោយអ្នកនាងចាត់ទុកសកម្មភាពរបស់ខ្លួននាពេលនេះ ថាការដឹងគុណក្នុងនាមនាងក៏ធ្លាប់មានមុខមានមាត់តាមរយៈសិល្បៈនេះ។
អ្នកនាង យ៉ុង ច័ន្ទកន្និកា បានសរសេរលើបណ្តាញសង្គមភ្ជាប់នឹងរូបភាពជាស្វាមីថា «សូមប្រកាសជាផ្លូវការថា នាងខ្ញុំនឹងទទួលការថតចំរៀង ដោយពុំគិតកំរៃ ដើម្បីជាការចូលរួមការការផ្សព្វផ្សាយណាមួយដែលត្រូវការសំឡេងនាងខ្ញុំចូលរួម គោលបំណងចង់ចូលរួមលើកស្ទួយវិស័យសិល្បៈ បទ អប់រំ ដើម្បីស្ត្រី ។ល។ កុនភាពយន្តខ្នាតធំខ្មែរផ្សេងៗ បទចំរៀងដែពាក់ព័ន្ធអត្តន័យសង្គមជាតិផ្សព្វផ្សាយទេសចរណ៍ ។ល។ដើម្បីសង្គមជាតិ»។
ក្នុងរយៈពេលប្រមាណ១០ឆ្នាំចុងក្រោយ តារាចម្រៀងស្រីរូបនេះហាក់មិនអើពើក្នុងការវិលមកកាន់អាជីពសិល្បៈ ជាថ្មីឡើងវិញនោះឡើយ ដ្បិតថាក្រោយរៀបការអ្នកនាងបានងាកទៅចាប់មុខរបរលក់ទំនិញតាមអនឡាញ និងបើកហាងសម្អាងកាយ(Salon)ផ្ទាល់ខ្លួន ជាមួយនឹងជីវភាពធូរធារសមរម្យមួយ។
ក៏ប៉ុន្តែការចាប់អារម្មណ៍ជាថ្មីនេះ ត្រូវបានអ្នកនាង យ៉ុង ច័ន្ទកន្និកា បញ្ជាក់ថា «នេះជាអ្វីដែរនាងខ្ញុំចង់ធ្វើ ដើម្បីផលប្រយោជន៍រួម ជាការដឹងគុណវិស័យសិល្បៈដែរ ធ្វើឱ្យខ្ញុំមានកំណើតដ៏សព្វថ្ងៃនេះ ។ ដូច្នេះ គ្រប់ផ្នែកផលិតករធំ តូច ដែលស្រលាញ់សំលេងរបស់នាងខ្ញុំអោយទាក់ទងមកនាងខ្ញុំបាន ដោយមើលទៅតាមការជាក់ស្តែង អត្តន័យបទចំរៀងផ្សេងៗបេះដូងអ្នកសិល្បៈ»៕
អត្ថបទខ្លីសរសេរដោយ លោក សួន វីន សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕