en     km
en     km

កម្មករអូសរទេះនៅច្រកព្រំដែន ស្នើរដ្ឋាភិបាលអនុញ្ញាតឱ្យពួកគេអូសទំនិញពីថៃឡើងវិញ ដើម្បីដោះស្រាយជីវភាព

Share

អ្នកស្រី ណែត ស្រីម៉ា ផ្ដល់បទសម្ភាសដល់វិទ្យុស្ត្រី។  WMC/KimChanchav

កម្មករអូសរទេះជាច្រើននាក់នៅតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្នើដល់រាជរដ្ឋាភិបាលអនុញ្ញាតឱ្យពួកគេអូសទំនិញនាំចូលពីប្រទេសថៃឡើងវិញ ឬជួយផ្ដល់ឱកាសការងារជូនកម្មករ ពីព្រោះស្ថានភាពរបស់កម្មករអូសរទេះបច្ចុប្បន្ននេះមានជីវភាពលំបាកខ្លាំង។ ករណីនេះមន្ត្រីរាជរដ្ឋាភិបាលថា ប្រសិនជាកម្មករទាំងនោះមិនមានការងារធ្វើ អាចមកទទួលយកការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដោយមិនគិតថ្លៃពីគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ចំណែកអ្នកធ្វើការលើកកម្ពស់សិទ្ធិកម្មករក្រៅប្រព័ន្ធ ចង់ឱ្យរាជរដ្ឋាភិបាលពិចារណាឱ្យកម្មករអូសរទេះទំនិញឡើងវិញ ឬក៏ជួយផ្ដល់ឱកាសការងារជូនកម្មករទាំងនោះ។ កញ្ញា ជា សុខនី រាយការណ៍

 

 

បច្ចុប្បន្ននេះ ស្ថានភាពកម្មករអូសរទេះដឹកទំនិញ ក្រោយពីមន្ត្រីគយមិនអនុញ្ញាតឱ្យពួកគេអូសទំនិញនាំចូលមក គឺមានកម្មករខ្លះ បាននាំគ្នាទៅប្រកបរបរដើររើសអេតចាយ និងកម្មករខ្លះទៀត ត្រូវបានអាជ្ញាធរអនុញ្ញាតឱ្យអូស ប៉ុន្តែត្រូវអូសតែទំនិញ(អ៊ីវ៉ាន់)របស់ភ្ញៀវទេសចរ និងពលករ ប៉ុណ្ណោះ។

អ្នកស្រី ណែត ស្រីម៉ា ជាកម្មករអូសរទេះនៅតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត បានរៀបរាប់ប្រាប់វិទ្យុស្ដ្រីទាំងទឹកភ្នែកថា តាំងពីមន្ត្រីគយ មិនអនុញ្ញាត​ឱ្យកម្មករបានអូសទំនិញមក គឺជីវភាពរបស់គ្រួសារអ្នកស្រី មានភាពលំបាកខ្លាំង សូម្បីតែអាហារ ៣ពេល ក៏រកមិនបានគ្រប់ដែរ។ អ្នកស្រីថា ជាពិសេសការចំណាយទៅលើទឹកដោះគោកូន ក៏ត្រួវបានកាត់បន្ថយផងដែរ។

អ្នកស្រី ណែត ស្រីម៉ា ៖ «លំបាកច្រើនណាស់ កូនត្រូវការចាយអត់មានលុយឱ្យកូនចាយ កូនត្រូវការបៅទឹកដោះគោទៅអត់មានលុយទិញទឹកគោឱ្យកូនអញ្ចឹង។ ពេលយើងបានអូសរទេះទៅ គ្រាន់ខ្លះ»។

បើតាមស្ដ្រីដែលជាកម្មកររូបនេះ បន្ទាប់ពីបិទរបរនេះ គឺអ្នកស្រី និងគ្រួសារ បាននាំគ្នាទៅរើសអេតចាយ ប៉ុន្តែចំណូលដែលទទួលបានមិនដូចរបរអូសរទេះនោះទេ ពីព្រោះរបរអូសរទេះនេះកន្លងមក បានគ្រាន់ផ្គត់ផ្គង់ថ្លៃអាហារប្រចាំថ្ងៃ ថ្លៃទឹកដោះគោកូន ថ្លៃទឹក-ភ្លើង និងថ្លៃបន្ទប់ជួលផងដែរ។ អ្នកស្រីបន្តទៀតថា ចំពោះរបរអូសរទេះនេះដែរ ក៏មិនមែនផ្ដល់ចំណូលឱ្យគ្រួសារអ្នកស្រីមានបាននោះទេ គឺគ្រាន់តែជួយដល់គ្រួសារអ្នកស្រីត្រឹមមួយរស់ប៉ុណ្ណោះ។

អ្នកស្រី ណែត ស្រីម៉ា ៖ «ចង់ ចង់សុំឱ្យបើកដូចមុនទៅ ពួកខ្ញុំរៀងគ្រាន់បានហូបខ្លះ បានគ្រាន់កូនចាយខ្លះអញ្ចឹង។ បើកសុំឱ្យអ្នកអូសរទេះបានអូសផង ពីព្រោះអីគ្នាមិនមែនពិបាកតែខ្ញុំទេ ពិបាកគ្នាច្រើន»។

អ្នកស្រីក៏សំណូមពរឱ្យមន្ត្រីគយ អាណិតកម្មករអូសរទេះ ឱ្យបានប្រកបរបរនេះឡើងវិញផងដែរ ហើយអ្នកស្រីនឹងអូសតែទំនិញណាដែលអាជ្ញាធរអនុញ្ញាតប៉ុណ្ណោះ ចំពោះទំនិញដែលហាមឃាត់ គឺអ្នកស្រីមិនអូសនោះទេ។

កម្មករអូសរទេះម្នាក់ទៀត គឺអ្នកស្រី ណែត ស្រីម៉ី បាននិយាយដែរថា អ្នកស្រីប្រកបរបរអូសរទេះនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្នុងនោះទំនិញដែលអ្នកស្រីបានអូសជញ្ជូនរួមមាន៖ កង្ហារ ចាន ឆ្នាំង គ្រឿងជ័រ និងប្រដាប់ប្រដារបស់ក្មេងលេង។ ចំណូលដែលរកបានពីរបរអូសរទេះនេះ អ្នកស្រីថាក្នុងមួយថ្ងៃរកបានពី ២ម៉ឺនរៀល ទៅ ៣ម៉ឺនរៀល ខណៈចំណូលដែលរកបានទាំងនោះ គឺសម្រាប់ផ្គត់ផ្គង់ថ្លៃអាហារប្រចាំថ្ងៃ ថ្លៃសិក្សាកូន ថ្លៃបន្ទប់ជួល ហើយនិងថ្លៃទឹក-ភ្លើងជាដើម។

អ្នកស្រីបានបន្តថា អស់រយៈពេលជិតមួយខែកន្លងមកនេះ បន្ទាប់ពីមន្ត្រីគយ មិនអនុញ្ញាតឱ្យកម្មករអូសរទេះដឹកជញ្ជូនទំនិញនាំចូលពីប្រទេសថៃ ដោយមិនមានការបង់ពន្ធ គឺក្រុមគ្រួសាររបស់អ្នកស្រី មិនមានការងារអ្វីធ្វើនោះឡើយ ដោយបានងាកទៅចាប់ផ្ដើមរបរដើររើសអេតចាយនៅពេលយប់។ របររើសអេតចាយនេះ ក្នុងមួយថ្ងៃរកបានប្រហាក់ប្រហែលនឹងរបរអូសរទេះដែរ ប៉ុន្តែរបររើសអេតចាយនេះ គឺមានភាពលំបាកជាង ដោយត្រូវកាយសំរាមស្អុយរលួយ និងត្រូវធ្វើដំណើរចល័តគ្រប់ទីកន្លែងទាំងយប់។

អ្នកស្រី ណែត ស្រីម៉ី ផ្ដល់បទសម្ភាសដល់វិទ្យុស្ត្រី។  WMC/KimChanchav

 

អ្នកស្រី ណែត ស្រីម៉ី ៖ «មួយថ្ងៃខ្ញុំបានតែមួយពេលទេ ពេលខ្លះខ្ញុំទៅរើសអញ្ចឹងទៅអត់មានលុយទិញទេ ពេលព្រឹកមកវិញអញ្ចឹងទៅ ក៏មានម្ហូបគេឱ្យគេអីតិចតួចអញ្ចឹងទៅ ក៏ទិញទុកបានហូបតដល់ល្ងាចទៀត»។

ទោះបីជាយ៉ាងណា ការងាកមកចាប់របររើសអេតចាយនេះ បានធ្វើឱ្យអ្នកស្រីស្រីម៉ី មិនមានអាហារហូបគ្រប់គ្រាន់ ជាហេតុធ្វើឱ្យខ្វះទឹកដោះសម្រាប់បំបៅដល់កូន ហើយថែមទាំងធ្វើឱ្យរាងកាយចុះទ្រុឌទ្រោម និងមិនមានកម្លាំងស្មារតីល្អដូចពីមុននោះទេ។ ក៏ប៉ុន្តែប្រសិនជាអាជ្ញាធរ អនុញ្ញាតឱ្យកម្មករបានអូសទំនិញឡើងវិញ គឺពិតជាប្រសើរណាស់ ពីព្រោះអាចរកចំណូលបានច្រើនជាងរបររើសអេតចាយ ហើយជីវភាពប្រចាំថ្ងៃក៏បានល្អជាងផងដែរ។

អ្នកស្រី ណែត ស្រីម៉ី ៖ «ខ្ញុំចង់បើករទេះវិញអញ្ចឹងទៅ ខ្ញុំបានរកវិញអញ្ចឹងទៅ តិតក់ៗអញ្ចឹងទៅ យើងបានងទៅ គ្រាន់បានវិញអញ្ចឹងទៅ តិេតចាយនេះ  គឺពិតជាប្រសើរណាស់ ពីព្រោះអាចរកចំណូលបានច្រើនជាងរបររើសអេតចាយ ហើយជីវភាពប្រចាំថ្ងៃក៏បានល្អគ្រាន់បានកូនចាយ កូនរៀន យើងហូបគ្រប់គ្រាន់»។

ដោយឡែកកម្មករដែលកំពុងប្រកបរបរអូសរទេះដឹកជញ្ជូនអ៊ីវ៉ាន់របស់ពលករនៅតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត គឺលោក ផម តឿ អាយុ ៦២ឆ្នាំ បានរៀបរាប់ថា​ លោកប្រកបរបរនេះអស់រយៈពេលជាង ១០ឆ្នាំហើយ និងបានអូសរាល់ទំនិញទាំងអស់ដោយមិនមានការហាមឃាត់នោះទេ។ ប៉ុន្តែឥលូវនេះ បន្ទាប់ពីបិទមិនអនុញ្ញាតឱ្យអូសទំនិញនាំចូលពីប្រទេសថៃមក លោកថាមន្ត្រីគយបានអនុញ្ញាតឱ្យលោកអូសបានអ៊ីវ៉ាន់របស់ភ្ញៀវដែលធ្វើដំណើរ និងពលករប៉ុណ្ណោះ។ ចំពោះរាល់ទំនិញដែលនាំចូល លោកថាមន្ត្រីគយដែលនៅតាមច្រកព្រំដែន មិនអនុញ្ញាតឱ្យអូសឡើយ។

ទោះបីជាយ៉ាងណាលោកថា ចំណូលដែលទទួលបានពីការអូសអ៊ីវ៉ាន់ឱ្យភ្ញៀវ និងពលករ គឺរកមិនបានគ្រប់គ្រាន់សម្រាប់អាហារប្រចាំថ្ងៃ ៣ពេលនោះទេ ជួនកាលថ្ងៃខ្លះរកមិនបានសោះ ដូច្នេះអាហារក៏អត់បានហូបដូចគ្នាដែរ។ ប៉ុន្តែបើប្រៀបធៀបចំពោះការអូសទំនិញពីមុនដែលមន្ត្រីគយមិនទាន់បិទ គឺលោកអាចរកចំណូលបានសម្រាប់ថ្លៃអាហារ និងថ្លៃស្នាក់នៅបានផងដែរ។

លោក ផម តឿ ផ្ដល់បទសម្ភាសដល់វិទ្យុស្ត្រី។  WMC/KimChanchav

 

លោក ផម តឿ ៖ «ស្នើសំណូមពរទៅដល់រាជរដ្ឋាភិបាលជួយមើលកូនចៅ ​មានអីពិបាកដែរ មានមុខរបរតែប៉ុណ្ណឹងបួនដប់ឆ្នាំហើយ បានតែប៉ុណ្ណឹង មុនកូវីដកាលកូវីដដេកផ្ទះជំពាក់គេច្រើនណាស់ ដល់ហើយកូវីដហ្នឹងទៅ មករកម្ដងទៀតចេញចូលអត់បាន អញ្ចឹងស្នើដល់រាជរដ្ឋាភិបាលសម្ដេច ហ៊ុន ម៉ាណែតអញ្ចឹងជួយដោះស្រាយឱ្យកូនចៅផង»។

រីឯលោក ស៊ុំ បញ្ញា កម្មករអូសរទេះម្នាក់ទៀត ដែលកំពុងអូសអ៊ីវ៉ាន់ឱ្យភ្ញៀវទេសចរដែលធ្វើដំណើរចូលទៅប្រទេសថៃ បានប្រាប់ដែរថា ក្រោយពីមន្ត្រីគយ មិនអនុញ្ញាតឱ្យលោកអូសទំនិញនាំចូលពីប្រទេសថៃមក គឺលោកបានងាកមកអូសកាបូបឱ្យភ្ញៀវទេសចរ។ ហើយការអូសកាបូបឱ្យភ្ញៀវទេសចរនេះ ក្នុងមួយថ្ងៃលោករកមិនបានគ្រប់អាហារ ៣ពេលផង ហើយមានថ្ងៃខ្លះទៀត រកមិនបានទាល់តែសោះ។

 លោក ស៊ុំ បញ្ញា ៖ «បានគេឱ្យអូសអ៊ីវ៉ាន់អីៗ​ចេញចូលវិញទៅ វារកស៊ីបានតទៅមុខចិញ្ចឹមប្រពន្ធកូនអី បង់អង្គការបង់អីណាឱ្យបានអូសវិញទៅ​ គ្រាន់បានអូសទំនិញអីល្មមៗកុំចាប់យកស្អីគ្នារកអ៊ីវ៉ាន់អីតិចតួចគ្រាន់ចិញ្ចឹមប្រពន្ធកូន»។

ជុំវិញរឿងនេះ លោក ញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែត បានប្រាប់វិទ្យុស្ដ្រីថា ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន អ្វីដែលអាចជួយកម្មករទាំងនោះបាន មានតែជួយគាំទ្រផ្ដល់ស្បៀងអាហារជូនកម្មករ នៅពេលពួកគាត់មិនមានអាហារបរិភោគ និងចុះពិនិត្យស្ថានភាពជីវភាពរបស់កម្មករ ដើម្បីផ្ដល់ប័ណ្ណក្រីក្រប៉ុណ្ណោះ។ ទាក់ទងនឹងបញ្ហាកម្មករអូសរទេះនេះដែរ លោកមិនទាន់អាចនិយាយពីដំណោះស្រាយយ៉ាងណានោះទេ ពីព្រោះត្រូវរង់ចាំមើលគោលនយោបាយរបស់រាជរដ្ឋាភិបាលដាក់ចេញជាមុនសិន។

លោក ញឹម ផឿង ៖ «ជាកន្លងមកយើងតែងតែឃើញគាត់ជីវភាពខ្វះខាត ដាច់ស្បៀងដាច់អីអញ្ចឹង យើងតែងតែចុះជួយផ្ដល់ស្បៀងតិចតួចដូចជា អង្ករ ត្រីខ ឬក៏ទឹកត្រី គ្រឿងឧបភោគបរិភោគអញ្ចឹងណា ប៉ុន្តែយើងមិនបានទូលំទូលាយនោះទេ តែយើងតែងតែគាំទ្រគាត់ផ្នែកខាងហ្នឹង»។

ក្រៅពីជំនួយគាំទ្រផ្នែកស្បៀងអាហារនេះហើយ លោកបន្ថែមថា ក៏មានគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញកន្លងមក គឺជាការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដូច្នេះនៅក្នុងខេត្តបន្ទាយមានជ័យ មានសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដែលកម្មករទាំងនោះ​ និងជនដែលមិនមានការងារធ្វើ អាចមកចូលរៀនដោយគិតថ្លៃ ជាពិសេសក្រុមគ្រួសារដែលមានប័ណ្ណក្រីក្រ អាចទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែក្នុងអំឡុងពេលបណ្ដុះបណ្ដាល។

ចំណែកឯលោក ម៉ានិត គង់ អនុប្រធានផ្នែកចងក្រងប្រចាំក្រុងប៉ោយប៉ែតរបស់សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) សូមស្នើឱ្យអាជ្ញាធរមូលដ្ឋាន និងរាជរដ្ឋាភិបាល បើកច្រកឱ្យកម្មករអូសរទេះ បានអូសទំនិញឡើងវិញផង ពីព្រោះសព្វថ្ងៃនេះ កម្មករទាំងនោះ មានជីវភាពលំបាកខ្លាំង រកបានព្រឹកខ្វះល្ងាច។

លោក ម៉ានិត គង់ ផ្ដល់បទសម្ភាសដល់វិទ្យុស្ត្រី។  WMC/KimChanchav

 

លោក ម៉ានិត គង់ ៖ «ប្រសិនជាបិទមានកន្លែងការងារដើម្បីដោះស្រាយឱ្យពួកគាត់ អាហ្នឹងក៏ល្អម្យ៉ាងដែរ កុំឱ្យវាដូចជាខ្មាសបរទេស ឃើញអូសច្រងេងច្រងាងអី អាហ្នឹងវាប្រសិនជាយើងមានការងារធ្វើជំនួសអូសរទេះ បិទវាក៏មិនមានបញ្ហាដែរ ប៉ុន្តែដល់បិទសព្វថ្ងៃនេះយើងមើលឃើញនឹងភ្នែកទៅ យប់ឡើងពួកគាត់ដើររើសអេតចាយពេញតែស្រុកពេញតែភូមិអស់ហើយ»។

រីឯលោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មិនបានឆ្លើយតបជាមួយវិទ្យុស្ដ្រីពីដំណោះស្រាយយ៉ាងណាជួយកម្មករអូសរទេះទាំងនោះឡើយ ដោយលោកបានប្រាប់វិទ្យុស្ដ្រីដោយការសរសេរយ៉ាងខ្លីតាមរយៈប្រព័ន្ធតេលេក្រាមថា ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋដែលចង់ស្វែងរកការងារធ្វើ ឬចង់រៀនជំនាញសូមទាក់ទងមកលេខ ១២៩៧ ឬ១២៧៦។

លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (រូបភាព៖ ហ្វេសប៊ុក)

 

បើតាមលោក ម៉ានិត គង់ ដោយសារតែកម្មករទាំងនោះ អាស្រ័យតែមុខរបរអូសរទេះនេះ ពួកគាត់មិនមានជម្រើសការងារណាធ្វើឡើយ លោកថា ដូច្នេះទើបធ្វើឱ្យជីវភាពកម្មករអូសរទេះទាំងនោះ កាន់តែចុះដុនដាបខ្លាំង។

លោក ម៉ានិត គង់ ៖ «សូមអំពាវនាវដល់រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ជួយមេត្តាសម្រួលរកការងារ បើថាមិនឱ្យគាត់អូសរទេះទេ រកការងារផ្សេងៗដើម្បីឱ្យគាត់បានដោះស្រាយជីវភាពបន្តរស់ ដើម្បីតទៅមុខទៀតផង»។

កន្លងមកកម្មករអូសរទេះខ្ទង់រយនាក់ បានផ្ទុះការតវ៉ាជាមួយសមត្ថកិច្ចតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ពាក់ព័ន្ធនឹងមន្ត្រីគយ បានមកចាប់ទំនិញមិនបង់ពន្ធនៅតាមច្រកនេះ ដែលកម្មករអូសរទេះ បានដឹកជញ្ជូនទំនិញឱ្យឈ្មួញ ខណៈការតវ៉ានេះ មានការប៉ះទង្គិចជាអាជ្ញាធរបង្កជាហិង្សាធ្វើឱ្យកម្មករមួយចំនួន ត្រូវរងរបួស៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង