ភ្នំពេញ៖ បេឡាជាតិរបបសន្តិសុខសង្គមបានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ជាមួយអង្គភាពធានារ៉ាប់រងសុខភាពហ្វីលីពីន (Philihealth)។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់ក្រសួងការងារកម្ពុជា។
ក្នុងការចុះផ្សព្វផ្សាយនេះបញ្ជាក់ថា ការចុះអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងនៅក្នុងជំនួបរវាងភាគីកម្ពុជា និងសមាជិកក្រុមប្រឹក្សាភិបាលនៃអង្គភាពធានារ៉ាប់រងសុខភាពហ្វីលីពីន នៅសណ្ឋាគារសាន់វេ កាលពីថ្ងៃទី ១០ កញ្ញាម្សិលមិញ។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈថា ភាពជាដៃគូបែបនេះ ពិតជាបានឆ្លើយតបទៅនឹងគោលនយោបាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជា គោលនយោបាយរួមរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោក បន្ថែមថា PhilHealth បច្ចុប្បន្នបានផ្តល់នូវសេវាថែទាំសុខភាពបានទូលំទូលាយដល់ប្រជាជនហ្វីលីពីនទាំងអស់ តាមរយៈកម្មវិធីធានារ៉ាប់រងសុខភាព ជាពិសេសជនងាយរងគ្រោះ អ្នកជម្ងឺ ជនចាស់ជរា ជនពិការ ស្ត្រី និងកុមារ ព្រមទាំងផ្តល់នូវសេវាថែទាំសុខភាពដោយឥតគិតថ្លៃដល់ទុគត៌ជន។
លោក អ៊ិត សំហេង ថាតាមរយៈភាគីទាំងពីរនឹងខិតខំសម្រេចឱ្យបានជោគជ័យទៅតាមគោលបំណងនៃអនុស្សរណៈយោគយល់គ្នានេះ ដែលផ្តល់ឱកាសឱ្យអង្គភាពទាំងពីរស្វែងយល់ពីទស្សនៈផ្សេងៗ ដូចជាការដកស្រង់ និងចែករំលែកនូវបទពិសោធន៍ លើបញ្ហាដែលពាក់ព័ន្ធឱ្យគ្នាទៅវិញទៅមក ដូចជា ប្រព័ន្ធ និងជំនាញគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ និងផែ្នកបច្ចេកទេស៕