en     km
en     km

ដើមទុន ១ពាន់ដុល្លារ បានធ្វើឱ្យស្ត្រីម្នាក់នៅខេត្តកំពតក្លាយជាថៅកែលក់សំភារៈបង្គន់!

Share

ជីវៈព័ត៌មាន ៖ មានមនុស្សប៉ុន្មាននាក់ ដែលគិតថា ការចាប់ផ្ដើមបង្កើតមុខរបរមួយឡើងគឺជារឿងងាយស្រួល ។ អ្នកស្រី សួន សាមេន បានសម្រេចចិត្តខ្ចីលុយពីធនាគារ ១ពាន់ដុល្លារ យកទៅបង្កើតមុខរបរលក់សំភារៈបង្គន់។

ហាងលក់សម្ភារៈបង្គន់របស់អ្នកស្រី ស្ថិតក្នុងស្រុក ជុការី ខេត្តកំពត។ តើអាចជោគជ័យដែរឬទេ សម្រាប់អ្នកស្រី ​សាមេន ?

អ្នកស្រី សួន សាមេន ៖«ខ្ញុំមើលគេ  ខ្ញុំឃើញគេរកស៊ីមុខរបរហ្នឹង  ហើយឃើញថា ប្រជាជនយើងត្រូវការប្រើអាហ្នឹង(បង្គន់)ច្រើនចឹង…»។

នេះជាការលើកឡើងរបស់ អ្នកស្រី សួន សាមេន ពលររដ្ឋរស់នៅ ភូមិ តាកុល ឃុំស្នាយអញ្ជិត ស្រុកជុការី ខេត្តកំពតទាក់ទងមុខរបររកស៊ី ដែល    អ្នកស្រី ខ្ចីដើមទុនពីធនាគារដោយត្រឹមប្រាក់មួយពាន់ដុល្លារ ។ ប្រាក់ចំនួនត្រឹមនេះ អាចទិញបានត្រឹមម៉ូតូចាស់ម៉ាកហុងដា Dream  មួយគ្រឿងប៉ុណ្ណោះ។

អ្នកស្រី ប្រាប់ថា ការចាប់ផ្ដើមបើកលក់សំភារៈបង្គន់នេះ  គឺ អ្នកស្រីមានដើមទុនចំនួន ១ពាន់ដុល្លារ ។

អ្នកស្រី សួន សាមេន ៖«កាលពីដំបូងខ្ញុំចាក់តែលូ និងខ្ញុំធ្វើរានទេវតា តុកៅអី ចំណាយអស់ប្រហែលជា ១ពាន់ ដុល្លារ»។

សម្រាប់អ្នកស្រី សួន សាមេន ការចាប់ផ្ដើមពីដើមទុនតិចតួច​ជាមួយនឹងមុខរបរនេះ  គឺបានមកពីការខ្ចីលុយធនាគារធ្វើជាដើមទុន។

អ្នកស្រី សួន សាមេន ៖«ពីដំបូងតិចតួចចឹង ដូចថា ចាក់លូចឹង ខ្ញុំពីដេប៉ូជិតៗខ្ញុំចឹង…រកស៊ីដំបូង ខ្ញុំយកដើមគេមករក»។

ព្រោះតែដើម្បីអោយមុខរបរមួយនេះបានជោគជ័យ អ្នកស្រី សាមេន និងគ្រួសារបានព្យាយាមក្នុងការសន្សំប្រាក់ និងកំណត់ការចាយវាយប្រចាំថ្ងៃយ៉ាងហ្មត់ចត់ ។

អ្នកស្រី សួន សាមេន ៖«ដូចថា ជិតដល់បង់(លុយ)ចឹង ខ្ញុំដកទុកក្នុងកូនជ្រូក សន្សំ ១ខែ  ជិតដល់ថ្ងៃបង់ចឹង ខ្ញុំចោះប្រហោង  ហើយបិទសន្សំទៀត»

តែយ៉ាងណា អ្នកស្រី ហាក់ក្លាយជាថៅកែលក់គ្រឿងសំណង់ និងសំភារៈបង្គន់នៅតំបន់នោះ។ អ្នកស្រីបានពន្យល់ទៀតថា ៖ «អ្នកខ្លះ គាត់មកកុម្ម៉ង់ បន្ទប់ទឹកមួយចឹង  ត្រូវអស់ប៉ុន្មាន ចឹងគាត់អោយខ្ញុំកត់ (រៀប)អោយហើយចឹង បើអ្នកខ្លះគាត់ថា ត់លុយចឹង ខ្ញុំរៀបអោយគាត់ ត្រឹមតម្លៃទាប បំផុត ៣០ម៉ឺន រៀល  បើបងប្អូនគាត់មានលុយច្រើន គាត់អោយរៀបអស់ ១លានជាង ឬ ១ពាន់ ២  ១ពាន់៣ មានដល់ ១ពាន់ ៥ ក៏មាន ស្រេចចិត្តគាត់ស្រឡាញ់ » 

មានផ្ទះទំហំ បណ្ដោយ ៨ ម៉ែត្រ និង ទទឹង ៦ម៉ែត្រកន្លះ  អ្នកស្រី សាមេន បានតាំងលក់នូវគ្រឿងសំណង់ និងសំភារៈបង្គន់ជាច្រើន។

អ្នកស្រី សួន សាមេន ៖«ដាក់បានត្រយ៉ូ ដែក ស៊ីមង់ត៍ដ្ឋ ចានបង្គន់ … សំភារៈបង្គន់គ្រប់មុខ » ។

ស្រ្ដីវ័យ ៤០ឆ្នាំរូបនេះ បានឱ្យវិទ្យុស្រ្ដីដឹងបន្ថែមថា  មុននឹងប្រកបរបរលក់គ្រឿងសំណង់ និងសំភារៈបង្គន់ គឺអ្នកស្រីធ្លាប់មានមុខរបរជាអ្នកបញ្ចូលអាគុយ និងចាក់ធុងបាស់នៅតាមផ្ទះ តែដោយសារតែឃើញថា ប្រាក់កម្រៃដែលបានពីរបរនេះមិនសូវកាក់កប រួមទាំងមិនអាចជួយអ្វីដល់គ្រួសារបាននោះ ទើបអ្នកស្រីសម្រេចចិត្តផ្លាស់ប្ដូរមុខរបរនោះ។

អ្នកស្រី សួន សាមេន៖ «បាននៅផ្ទះមើល មើលសម្បែង ដាំបាយដាំទឹកអោយកូនហូប  អោយកូនបានទៅរៀន…»។

អ្នកស្រី សាមេន ដែលជាមនុស្សមិនសូវជាចេះនិយាយច្រើន និងមិនពូកែសម្ដីផងនោះ បានឱ្យដឹងថា ការជ្រើសយកមុខរបរលក់សំភារៈបង្គន់នេះ  ដោយសារតែមើលឃើញពីតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នកភូមិ និងសារៈប្រយោជន៍នៃការមានបង្គន់។

អ្នកស្រី សួន សាមេន ៖«ដោយសារបងប្អូនយើងទាំងអស់គ្នា ត្រូវការស្អាត ត្រូវវការដូចថា បន់ជើងគេក៏ត្រូវការបន្ទប់ទឹកស្អាតដែរ»។

ការលក់ដូររបស់ អ្នកស្រី សាមេន រាល់ថ្ងៃនេះ មានបុគ្គលិកកកម្មករ ជាង ១០នាក់ ។ អ្នកស្រី មិនត្រឹមតែជាអ្នកលក់ដូរសំភារៈបង្គន់ប៉ុណ្ណោះទេ តែអ្នកស្រីក៏ជាអ្នកគ្រប់គ្រងផងដែរ។

អ្នកស្រី សួន សាមេន ៖«ខ្ញុំបង្កើតលក់គ្រឿងសំណង់ គេសាងសង់បន្ទប់ទឹកចឹង ដូចថា គេត្រូវការអីខ្លះចឹង ទិញយកមកស្ដុកទុក»។

តាមអ្នកស្រី សាមេន មកដល់ពេលនេះ មានរយៈពេល ជាង ១០ឆ្នាំហើយ ដែលគាត់ប្រកបរបរជាអ្នកលក់សំភារៈបង្គន់ ។តាមឱ្យដឹងបន្ដពីអ្នកស្រី មុខរបរជាអ្នកលក់សំភារៈបង្គន់នេះ គឺទទួលបានជោគជ័យជាងមុខរបរដែលគាត់ធ្លាប់ធ្វើពីមុន។

អ្នកស្រី សួន សាមេន ៖«ច៎ាអត់អីទេ  ដូចថា រកបានរលូនដែរ  ឥលូវផ្ទះណាក៏ត្រូវការមានបន្ទប់ទឹកស្អាតដែរ »។

ការសង់បង្គន់អនាម័យនៅជន់បទ គឺជាផែនការរបស់រាជរដ្ឋាភិបាលផងដែរ ដើម្បីជួយសម្អាតបរិស្ថាន និងអនាម័យសុខភាពសហគមន៍៕

Share

Image
Image
Image