ភ្នំពេញ៖ ស្ត្រីចូលប្រឡូកក្នុងវិស័យនយោបាយក្នុងជួរបក្សមួយចំនួនបានរាយការណ៍ថា ខ្លួននៅតែប្រឈមការរើសអើង ការបៀតបៀន និងអំពើហិង្សាស្ទើរគ្រប់ទម្រង់។ កត្តាទាំងនេះក្លាយជាឧបសគ្គរារាំងពួកគេក្នុងការចូលរួមក្នុងសកម្មភាពនយោបាយ ការទទួលបាននូវយុត្តិធម៌ផ្អែកលើយេនឌ័រ និងផលប្រយោជន៍នានាពេលប្រឡូកក្នុងវិស័យនយោបាយ។ សម្រាប់ស្រ្តីជាអ្នកនយោបាយ និងអ្នកធ្វើការផ្នែកយេនឌ័រក្នុងវិស័យនយោបាយចាត់ទុកថា វត្តមានស្រ្តីក្នុងឆាកនយោបាយគឺជាធាតុចូលមួយដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យមានភាពរីចម្រើន ដូច្នេះហើយ ស្រ្តីខ្លួនឯងត្រូវតែហ៊ានទម្លាយភាពស្ងៀមស្ងាត់នៅពេលខ្លួនជួបប្រទះបញ្ហាបៀតបៀន។
អត្ថបទដោយកញ្ញា ងិន ស៊ាងលីម
កញ្ញា អ៊ី ម៉ូំណា «បើនិយាយដល់ការបៀតបៀនវាអត់ឈានទៅដល់ការរំលោភបំពានធ្ងន់ធ្ងរខ្លាំងដល់អវយវៈទេ ប៉ុន្តែវាជាការបៀតបៀនផ្នែករាងកាយក៏វាធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តដែរ មានន័យថាខ្ញុំបានទទួលនូវការរើសអើងការបៀតបៀនរួចទៅហើយគ្រាន់តែខ្ញុំអាចទប់ស្កាត់បាន ខ្ញុំអាចរើបម្រាសបាន»។ លោក សឿន វ៉ាន់៖«វាទាក់ទងនឹងការអប់រំប្រសិនបើមនុស្សទទួលបានការអប់រំ មនុស្សចេះដឹងច្រើនទៅគឺយើងជឿជាក់ថាអ្វីដែលបងលើកឡើងនេះវាមិនងាយកើតមាន»។
នេះជាការលើកឡើងរបស់យុវជន យុវតី ដែលជាអ្នកមានតួនាទីក្នុងបក្សនយោបាយ បើកបង្ហាញពីទង្វើអសីលធម៌ពោលគឺការបៀតបៀនលើស្រ្តីផ្នែករាយកាយ និងពាក្យសម្តីអំឡុងពេលដែលពួកគេតាំងចិត្តចង់ចូលរួមកិច្ចការអភិវឌ្ឍន៍ប្រទេសជាតិតាមរយៈការចូលប្រឡូកក្នុងឆាកនយោបាយ។
ការបើកបង្ហាញពីបទពិសោធន៍ឈឺចាប់នេះ កើតឡើងក្នុងឱកាសដែលអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) សហការជាមួយអង្គការខុមហ្វ្រែលរយៈពេលបីថ្ងៃពីថ្ងៃទី១៨-២០ ខែធ្នូ ឆ្នាំ២០២៤ រៀបចំវគ្គបណ្តុះបណ្តាលមួយស្តីពី«ការបង្កើនចំនួនស្រ្តីជាអ្នកដឹកនាំក្នុងវិស័យនយោបាយ និងគោលនយោបាយសមភាពយេនឌ័រនៅក្នុងគណបក្ស»នៅសណ្ឋាគារកាំបូឌីយ៉ាណា។
អ្នកចូលរួមក្នុងវគ្គបណ្តុះបណ្តាលមួយស្តីពី«ការបង្កើនចំនួនស្រ្តីជាអ្នកដឹកនាំក្នុងវិស័យនយោបាយ និងគោលនយោបាយសមភាពយេនឌ័រនៅក្នុងគណបក្ស»។
កញ្ញា អ៊ី ម៉ូណា វ័យ ២២ឆ្នាំ ជាគណៈកម្មការនាយកមកពីគណបក្សរួបរួមជាតិលើកឡើងថា ការចូលរួមរបស់ខ្លួនក្នុងសមាសភាពជាស្ត្រីអ្នកនយោបាយមួយរូបកន្លងមកនេះ កញ្ញាបានជួបប្រទះរឿងរ៉ាវបៀតបៀន និងរើសអើងមួយចំនួន។ កញ្ញាថា ជារឿយៗរាល់ពេលកើតមាននូវរូបភាពបៀតបៀនក្នុងបរិបទណាមួយរវាងបុរស និងស្ត្រី សង្គមរមែងដាក់បន្ទុកទៅលើស្ត្រី ប៉ុន្តែមិនដែលដាក់សម្ពាធទៅលើបុរសនោះឡើយ។ ត្រង់ចំណុចនេះកញ្ញា ម៉ូណា យល់ថា បញ្ហាទាំងនេះអាចពាក់ព័ន្ធទៅនឹងចំណេះដឹង និងការអប់រំ របស់បុរសនៅមានកម្រិត ទើបអាកប្បកិរិយាបានស្តែងចេញជាទង្វើខុសឆ្គាំឆ្គងដើរហួសដែនសីលធម៌ក្នុងនាមជាមនុស្សជាតិ។
«ពេលខ្លះរឿងទាំងអស់ហ្នឹងវាមិនដែលកើតឡើងអំពីស្ត្រីទេ ហេតុអីក៏ត្រូវតែផ្តល់ការអប់រំ ការទូន្មានដល់ស្ត្រីហើយចុះបុរស? មនុស្សស្រីនៅពេលដែលគាត់ចាប់ធ្វើកិច្ចការងារអីមួយអ្ហឹៈ! គឺគាត់(focus)ផ្តោតទៅលើកការងារគាត់។ ប៉ុន្តែចំពោះមនុស្សប្រុសគឺតែងតែមានគំនិតអគតិមូយចំនួនទៅលើមនុស្សស្រី។ អ៊ីចឹងចំណុចអស់នេះ វាអាចថាទាក់ទងនឹងការអប់រំទៅកាន់ខាងបុរស ហើយខ្ញុំអត់ចង់ឱ្យមានរឿងទាំងអស់ហ្នឹងកើតឡើងកើតឡើងនៅក្នុងវិស័យនយោបាយទេ ពីព្រោះបច្ចុប្បន្នហ្នឹងក្មេងស្រី យុវជនកុមារផ្សេងៗហ្នឹងគឺទទួលបានការរងគ្រោះ ពីបៀតបៀនសិទ្ធហ្នឹងរួចរាល់ទៅហើយ»។
ស្រ្តីអ្នកនយោបាយវ័យក្មេងរូបនេះរៀបរាប់ទៀតថា ពេលមានហេតុការណ៍បៀបៀនកើតឡើងកញ្ញាមិនគិតដេញដោលអ្វីច្រើននោះទេ ដោយយោងយក គោលគំនិតប្រយោជន៍ប្រជាជនពលរដ្ឋជាចម្បង ព្រោះខ្លួនមិនចង់ឲ្យបញ្ហានេះប៉ះពាល់ដល់ក្តីសង្ឃឹមរបស់របស់គាំទ្រនោះទេ។ ប្រឈមមុខបញ្ហានេះកញ្ញាប្រាប់ថាខ្លួនក៏មានវិធីការពារខ្លួនផងដែរ ដោយត្រូវជម្នះភាពភ័យខ្លាចតាំងជំហរនិងស្មារតីបន្តសកម្មភាពនយោបាយទៅមុខទៀត។ តែទោះជាយ៉ាងនេះក្តី កញ្ញាស្នើទៅដល់បុរសៗ និងស្ថានប័នពាក់ជួយយកចិត្តទុកដាក់លើបញ្ហានេះ វៀសវាងការលេចឡើងនូវរូបភាពមួយចំនួនដូចជាគម្លាតបុរស និងស្ត្រីក្នុងវិស័យនយោបាយ។ «ប៉ុន្តែបើសួរថារឿងហ្នឹងប៉ះពាល់ផ្លូវចិត្តអត់? ប៉ះពាល់ ពិតជាប៉ះពាល់ខ្លាំង ជាងគេនោះគឺខ្ញុំខ្លួនឯង។ ប៉ុន្តែខ្ញុំនៅតែជម្នះនូវភាពភ័យខ្លាចហ្នឹងហើយបន្តកិច្ចការងារនយោបាយបន្តទៅមុខទៀត។ គ្រាន់តែថាខ្ញុំមានវិធីការពារខ្លួនឯងបន្ទាប់ពីកើតរឿងហ្នឹងហើយក៏មិនឱ្យរឿងហ្នឹងកើតឡើងទៅស្ត្រីក៏ដូចជាយុវជនណាផ្សេងទៀតទេ។»
កញ្ញា អ៊ី ម៉ូណា ផ្តល់បទសម្ភាសន៍ជូនវិទ្យុស្រ្តីក្នុងវគ្គបណ្តុះបណ្តាលមួយស្តីពី«ការបង្កើនចំនួនស្រ្តីជាអ្នកដឹកនាំក្នុងវិស័យនយោបាយ និងគោលនយោបាយសមភាពយេនឌ័រនៅក្នុងគណបក្ស»។
ចំណែកលោក សឿន វ៉ាន់ យុវជនមកពីគណបក្សកម្ពុជានិយមក៏បានលើកឡើងដែរថា កន្លងមកលោកធ្លាប់ឮថាមានករណីរំលោភបំពាន ឬការបៀតបៀននានាទៅលើស្ត្រីក្នុងវិស័យនយោបាយ ប៉ុន្តែបច្ចុប្បន្នហាក់គ្មានតួលេខបង្ហាញជាក់លាក់គួរឲ្យកត់សម្គាល់នោះទេ។
លោក សឿន វ៉ាន់៖«ខ្ញុំឧទាហរណ៍ជាក់ស្តែង ឧទាហរណ៍ថាយើងមានកម្មវិធីនៅតាមមូលដ្ឋានចុះទៅជួបជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន។ ដូច្នេះ គាត់ត្រូវការធ្វើដំណើរទៅឆ្ងាយដោយសារចំនួនស្ត្រីចូលរួមនៅក្នុងសកម្មភាពនយោបាយមានតិច ដូច្នេះធ្វើឱ្យគាត់ចូលរួមជាមួយបុរសច្រើនបានន័យថាពេលវេលាគាត់ទៅមូលដ្ឋានហ្នឹងគឺចាយពេលវេលាជាមួយបុរស។ ដូច្នេះ គឺមានការព្រួយបារម្ភទៅលើការបៀតបៀនផ្លូវភេទ។ ប៉ុន្តែ យើងយល់ឃើញថានេះវាគ្រាន់តែជាចំណុចមួយ បើសិនជាយើងផ្តេកផ្តួល យើងមានការព្រួយបារម្ភនឹងធ្វើឱ្យការចូលរួមរបស់យើងហ្នឹងវាពិបាកចូលរួមបាទ!»
លោក សឿន វ៉ាន់ យុវជនមកពីគណបក្សកម្ពុជា។
លោកបន្តទៀតថា បក្សនយោបាយនីមួយៗមានបទបញ្ជាផ្ទៃក្នុង និងលក្ខន្តិកៈដែលជាគោលច្បាប់របស់បក្ស។ រីឯបញ្ហាដែលតែងកើតមានឡើងដូចជាការើសអើង ការបៀតបៀនជាដើមទៅលើស្ត្រី វាអាស្រ័យទៅលើកកត្តាអបរំ។ នោះមានន័យថា ប្រសិនណាប្រព័ន្ធអប់រំល្អ បណ្តុះគំនិតដល់មនុស្សគ្រប់គ្នាស្គាល់ពីសារៈសំខាន់នៃសមាសភាពស្ត្រីក្នុងវិស័យនយោ បាយ និងគុណតម្លៃស្ត្រី នោះរឿងបែបនេះមិនអាចកើតមានឡើយចំពោះស្រ្តីអ្នកនយោបាយ។
«ប្រសិនជា បើយើងមានប្រព័ន្ធអប់រំមួយដែលល្អ បណ្តុះគំនិតទៅដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកចូលរួមសកម្មភាពនយោបាយឱ្យស្គាល់ពីគុណតម្លៃរបស់ស្ត្រី នៅពេលនោះសកម្មភាពទាំងអស់នោះមិនអាចកើតមានឡើងទេ។ តួយ៉ាងដូចយើងមើលឃើញថាសីលធម៌សង្គមមានការធ្លាក់ចុះដោយសារតែការអប់រំរបស់នៅមានកម្រិតមួយយើងយល់ថាមិនទាន់មិនទាន់អប់ឱ្យបានទូលំទូលាយទាក់ទងទៅនឹងការចូលរួមសកម្មភាពនយោបាយក្តី ទាក់ទងទៅនឹងផ្នត់គំនិតនៃការចូលរួមដែលគិតអំពីគុណតម្លៃ គុណធម៌ សីលធម៌ និងវាមិនទាន់មានភាពពេញលេញល្អប្រសើរ»។
សកម្មភាពធ្វើកិច្ចការក្រុមក្នុងវគ្គបណ្តុះបណ្តាលមួយស្តីពី«ការបង្កើនចំនួនស្រ្តីជាអ្នកដឹកនាំក្នុងវិស័យនយោបាយ និងគោលនយោបាយសមភាពយេនឌ័រនៅក្នុងគណបក្ស»។
តែយ៉ាងនេះក្តីលោកយល់ បើសិនមានករណីការបៀតបៀនកើតឡើងដោយប្រការណាចំពោះស្រ្តីទោះក្នុងជួរបក្ស និងក្រៅរង្វង់ជួរបក្សក្តី លោកលើកទឹកចិត្តដល់ស្រ្តី មិនត្រូវមានការភ័យខ្លាច ហ៊ានរាយការណ៍ទៅថ្នាក់លើ ឬស្ថាប័នពាក់ព័ន្ធនានាដើម្បីឈានទៅរកដំណោះស្រាយទៅតាមនីតិវិធីច្បាប់។ ប្រយោជន៍នៃការហ៊ានទម្លាយភាពស្ងៀតស្ងាត់នេះដែរ ក៏ជាផ្នែកមួយអាចជួយទប់ស្កាត់កុំឱ្យស្ត្រីបោះបង់ចោលក្តីស្រឡាញ់ក្នុងនាមជាអ្នកនយោបាយ។
«ដើម្បីឱ្យការចូលរួមរបស់ស្ត្រីមានភាពល្អប្រសើរហើយមានសុវត្តិភាពទី១គឺទាក់ទាងនឹងការស្វែងយល់ពីសិទ្ធរបស់ពួកគាត់ក្នុងការចូលរួម ដូចបានជម្រាបអ៊ីចឹងថា ការចូលរួមរបស់ស្ត្រីនៅពេលដែលគាត់បានយល់ដឹងអំពីច្បាប់បានយល់ដឹងអំពីគុណតម្លៃនៃការចូលរួមទាក់ទងទៅនឹងបញ្ហាដែលកើតមានឡើងចំពោះគាត់ៗអាចរកផ្លូវច្បាប់ដើម្បីជួយដោះស្រាយក៏ដូចជាអង្គការ ក៏ដូចជាស្ថាប័នអាចផ្តល់ជាទីប្រឹក្សារកដំណោះស្រាយជូនពួកគាត់។»
សកម្មភាពធ្វើកិច្ចការក្រុមក្នុងវគ្គបណ្តុះបណ្តាលមួយស្តីពី«ការបង្កើនចំនួនស្រ្តីជាអ្នកដឹកនាំក្នុងវិស័យនយោបាយ និងគោលនយោបាយសមភាពយេនឌ័រនៅក្នុងគណបក្ស»។
ស្រដៀងមតិលោក សឿន វ៉ាន់ នេះដែរ កញ្ញា ម៉ូណា បានណែនាំយុវជន ពិសេសស្ត្រីដែលរងការបៀតបៀនកន្លងមក មិនគួរសំងំនៅស្ងៀមនោះទេ ពោលត្រូវមានភាពក្លាហានប្រឈមមុខ បើពុំដូច្នោះទេប្រៀបដូចជាស្ម័គ្រចិត្តឱ្យអ្នកដទៃបន្តសកម្មភាពរំលោភបំពានមកលើខ្លួនបន្តទៀត។
«សម្រាប់ខ្ញុំស្ត្រីគួរតែមានភាពក្លាហ៊ានគ្រប់គ្រាន់នៅក្នុងការការពារខ្លួនឯងក៏ដូចជាហ៊ានក្រោកឈររើបម្រាសនៅរាល់សកម្មភាពដែលបំពានលើរាងកាយក៏ដូចជាសិទ្ធរបស់យើងមិនថា ស្ថិតនៅក្នុងកាលៈទេសៈបែបណាទេ។ បើសិនជាយើងមានរឿងទាំងអស់ហ្នឹងកើតឡើង ប៉ុន្តែដោយសារតែយើងមានភាពភ័យខ្លាច គេគំរាមកំហែង ហើយយើងព្រមទៅតាមសកម្មភាពដែលគេចង់បាន ព្រមទៅតាមអ្វីដែលគេរំលោភបំពានយើងមានន័យថាយើងបានចូលរួមក្នុងការឱ្យគេរំលោភបំពានខ្លួនឯង។ រឿងវាបានកើតឡើងប៉ុន្តែយើងអាចទប់ស្កាត់បានទៅតាមស្ថានភាពមួយដែលយើងរើបម្រាស់ យើងមិនយល់ព្រម មានន័យថាយើងអាចប្រើគ្រប់មធ្យោបាយដែលអាចឱ្យខ្លួនឯងរើបម្រាសចេញពីកន្លែងហ្នឹងដោយខ្លួនឯងបាន។»
សម្រាប់ស្រ្តីអ្នកនយោបាយវ័យក្មេងមកពីបក្សរួបរួមជាតិ មានទស្សនៈយល់ឃើញថា មនុស្សប្រុសមានតម្លៃ កាលណាចេះគោរព និងឲ្យតម្លៃមនុស្សស្រី។ កញ្ញា ម៉ូណា ស្នើឲ្យមានសមភាពយេនឌ័រមិនថានោះក្នុងសង្គម ឬនៅក្នុងបក្សនយោបាយណាមួយនោះទេ។ កញ្ញាចាត់ទុកថា ស្ត្រីជាអ្នកសម្របសម្រួលដ៏សំខាន់ និងអាចបំពេញការងាររបស់ខ្លួនក្នុងការបំពេញនូវផលប្រយោជន៍ជូនប្រជាជនដូចគ្នានឹងបុរសដែរ។ ជាងនេះទៀត អ្នកពាក់ព័ន្ធនានាត្រូវយកចិត្តទុកដាក់ និងផ្តល់ជាទីពឹង ជាប្រឹក្សាដល់ស្ត្រីនៅក្នុងគ្រប់វិស័យ និងបង្រៀនណែនាំលើដល់មនុស្សទូទៅពីសិទ្ធិនិងសមភាពយេនឌ័រ។
«ទី១ខ្ញុំសូមសំណូមទៅបងៗខាងបុរសមិនថាអ្នកនរយោបាយក្តី ឬក៏ជាអ្នកដែលធ្វើការងារនៅក្នុងសង្គមនានាអីក្តីទេ ការឱ្យតម្លៃមនុស្សស្រីហ្នឹងមិនមែនត្រឹមតែពាក្យថានិយាយតែមាត់ទេ នៅពេលដែលគំនិតគាត់គិតថាឱ្យតម្លៃទៅលើមនុស្សស្រី នៅពេលគាត់ឱ្យតម្លៃទៅលើឱពុកម្តាយគាត់ ប្អូនៗស្រីគាត់របស់គាត់ អាហ្នឹងហើយគេហៅថា ការឱ្យតម្លៃ មិនមែនថា អឺ! ខ្ញុំឱ្យតម្លៃគាត់ ប៉ុន្តែទង្វើ និងសកម្មភាពបែរជាមានការរំលោភបំពាន មានដែលគេហៅថាគំនិតអគតិទៅមនុស្សស្រីអ្ហឹៈ! អ៊ីចឹងមនុស្សប្រុសមានតម្លៃដូចគ្នានៅពេលណាគាត់រៀនឱ្យតម្លៃទៅដល់ស្ត្រី ក៏ដូចជាធ្វើការគោរពហើយមិនមានការបៀតបៀនរំលោភបំពាន់ ឬមានគំនិតអីមួយមិនល្អទៅលើមនុស្សស្រី ក៏ដូចជា ស្ត្រី យុវជន កុមារអីក៏ដោយ»។
សកម្មភាពធ្វើកិច្ចការក្រុមក្នុងវគ្គបណ្តុះបណ្តាលមួយស្តីពី«ការបង្កើនចំនួនស្រ្តីជាអ្នកដឹកនាំក្នុងវិស័យនយោបាយ និងគោលនយោបាយសមភាពយេនឌ័រនៅក្នុងគណបក្ស»។
ទាក់ទងនឹងករណីនេះ អ្នកស្រី សឺនកេត សិរីលក្ខណ៍ អ្នកសម្របសម្រួលផ្នែកអប់រំនិងយេនឌ័រនៃអង្គការខុមហ្វ្រែល លើកឡើងថា រាល់ការបៀតបៀនដែលកើតមានឡើង ភាគច្រើនគេតែងដាក់បន្ទុកទៅលើមនុស្សស្រីនៅស្ទើរគ្រប់វិស័យទាំងអស់។ សម្រាប់អ្នកស្រី សាធារណជនគ្រប់រូបគួរលុបបំបាត់ផ្នត់គំនិតនេះ ពីព្រោះមនុស្សស្រីបានរងគ្រោះពីការបៀតបៀនរួចមកហើយ ដូចនេះសង្គមមិនគួរដាក់បន្ទុកបន្ថែមទៀតនោះទេ។
ដោយឡែកទាក់ទងស្ត្រីក្នុងវិស័យនយោបាយ អ្នកស្រីយល់ថា កាន់តែសំខាន់និងមិនអាចមើលរំលងបាន ព្រោះវត្តមានរបស់ស្ត្រីក្នុងគណបក្សប្រៀបដូចឆ្អឹងខ្នងអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន ដូច្នេះហើយមិនគួរឱ្យមានបញ្ហាណាមួយកើតឡើងបង្កជាកត្តារាំងស្ទុះ បំបាក់ឆន្ទៈស្ត្រីក្នុងវិស័យនយោបាយនេះឡើយ។ អ្នកស្រីបន្តទៀតថា រាល់ការរំលោភបំពានគ្រប់រូបភាព ទោះស្ថិតនៅក្នុងទម្រង់បែបណាក៏ដោយ គឺស្ត្រីមិនគួររក្សាភាពស្ងៀមស្ងាត់ ពោលត្រូវតែហ៊ាននិយាយចេញ ដោយជួបអ្នកប្រឹក្សាយោលបល់ និងត្រូវហ៊ានសុំកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធដើម្បីដោះស្រាយ។
«ដើម្បីផ្តល់មេរៀនដល់អ្នកនយោបាយបុរសទាំងអស់មិនមែនតែក្នុងបក្ស ឬក្រៅបក្សទេឱ្យដឹងថានៅពេលដែលអ្នកឯងបៀតបៀនទៅលើស្រ្តីគ្រប់ទម្រង់ហ្នឹង ស្ត្រីនឹងបន្លឺសំឡេងឱ្យឮទាំងអស់គ្នា ឱ្យឮពេញប្រទេសកម្ពុជាក៏ដូចជាថ្នាក់តំបន់ ថ្នាក់អន្តរជាតិថា អ្នកនយោបាយបុរសកំពុងតែបផតបៀនលើស្ត្រី។ ពេលស្ត្រីបន្លឺសំឡេងខ្លាំងទៅៗ អ៊ីចឹងពេលស្ត្រីធ្វើការក្នុងបក្សក្តី ក្រៅបក្សក្តី បុរសនឹងចាប់ផ្តើមលែងហ៊ានប៉ះពាល់ស្ត្រី ហើយចាប់ផ្តើមគិតគូអំពីការបង្កើនសីលធម៌របស់ខ្លួន បង្កើនសុជីវធម៌របស់ខ្លួន បង្កើនក្រមសីលធម៌របស់ខ្លួនក្នុងការធ្វើឱ្យខ្លួនក្លាយទៅជាមនុស្សមានភាពស្អាតស្អំ ត្រឹមត្រូវជាងរាល់ថ្ងៃហ្នឹងចា! អ៊ីចឹងសំឡេងស្ត្រីបន្លឺចេញមកក្រៅ ដើម្បីឱ្យពិភពលោកនេះដឹងហើយនឹងឮសេចក្តីកង្វល់របស់ស្ត្រី ភាពលំបាករបស់ស្ត្រី ឬក៏សេចក្តីសុខសប្បាយរបស់ស្ត្រីដែលយើងបន្លឺចេញឱ្យពិភពលោកដឹងពិតជាមានសារៈសំខាន់ហើយមានតម្លៃខ្លាំងណាស់ចា!»។
អ្នកស្រី សឺនកេត សិរីលក្ខណ៍ ឡើងធ្វើបទបង្ហាញក្នុងកម្មវិធី។
តាមរបាយការណ៍ខុមហ្វ្រែលឆ្នាំ២០២៣បានរកឃើញថា ស្ត្រីទទួលបានឱកាសតិចតួចក្នុងការឈរឈ្មោះជាបេក្ខជន និងបានជាប់ឆ្នោតជាអ្នកដឹកនាំ ។ ជាក់ស្តែង បេក្ខជនស្ត្រីឈរឈ្មោះបោះឆ្នោតនៅមានចំនួនតិច និងមានគម្លាតឆ្ងាយ គ្នារវាងបេក្ខជនជាស្ត្រី និងបេក្ខជនជាបុរសទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ (បេក្ខជនស្ត្រី ៣២.៣% និងបេក្ខជនបុរស ៦៧,៧% ឆ្នាំ២០២២) និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ (បេក្ខជនស្ត្រី ៣២,៤% និងបេក្ខជនបុរស ៦៧,៦% ឆ្នាំ២០២៣) ។
របាយការណ៍រកឃើញកត្តាជាច្រើន សកម្មជនស្ត្រីគណបក្សនយោបាយ និងអ្នកនយោបាយស្ត្រី នៅតែប្រឈមនឹងការរើសអើង ការបៀតបៀន និងអំពើហិង្សាគ្រប់ទម្រង់ ដែលជាឧបសគ្គរារាំងពួកគេក្នុងការចូលរួមក្នុងសកម្មភាពនយោបាយ ការទទួលបាននូវ យុត្តិធម៌យេនឌ័រ និងផលប្រយោជន៍ពីការចូលរួមក្នុងវិស័យនយោបាយ៕