en     km
en     km

សក្ដានុពលស្ដ្រីមានលើគ្រប់វិស័យ តែស្ដ្រីក្នុងវិស័យនយោបាយ នៅមានចំនួនតិចតួចនៅឡើយ

Share

វិស័យនយោបាយ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សង្គមជាតិ ប៉ុន្តែចំនួនស្ដ្រីចូលរួមវិស័យនេះ ពួកគេខ្វះការគាំទ្រ និងប្រឈមនឹងការបៀតបៀន ដែលធ្វើឱ្យមានចំនួនតិចតួចបើធៀបនឹងចំនួនបុរស។ ដើម្បីលើកកម្ពស់ចំនួនស្ដ្រីឱ្យចូលរួមក្នុងវិស័យនយោបាយកាន់តែច្រើនឡើង អង្គការមណ្ឌលព័ត៌មានស្ដ្រីលកម្ពុជា (WMC) សហការជាមួយអង្គការខុមហ្វ្រែល រៀបចំវគ្គបណ្ដុះបណ្ដាលស្តីពី «ការបង្កើនចំនួនស្រ្តីជាអ្នកដឹកនាំក្នុងវិស័យនយោបាយនិងគោលនយោបាយសមភាពយេនឌ័រនៅក្នុងគណបក្ស» ដែលធ្វើឡើងនៅសណ្ឋាគារ ប៉ូឡូវ៉ៃ។

គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ ដើម្បីបង្កើនចំនួនអ្នកនយោបាយស្រ្តីនៅកម្ពុជា តាមរយៈការស្វែងយល់ពីដំណើរការនៃការបោះឆ្នោត យុទ្ធនាការនៃការបោះឆ្នោត ការផ្ញើសារប្រកបដោយប្រសិទ្ធភាព និងការធ្វើការប្រកបដោយសុវត្ថិភាពអំឡុងពេលឃោសនាបោះឆ្នោតស្វែងរកសំឡេងគាំទ្រជាដើម។

ស្ដ្រីដែលមកពីគណបក្សនយោបាយនានា នឹងទទួលបានចំណេះដឹងអំពីសិទ្ធិ និងតួនាទីរបស់ពួកគេ ដើម្បីមានអំណាចធ្វើការសម្រេចចិត្តក្នុងគណបក្ស និងឱ្យស្ដ្រីមានលទ្ធភាពចាប់យកឱកាសក្លាយជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៨ ឆ្នាំ២០២៨។

យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ចំនួនស្រ្តីឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៃនិតិកាលទី៧ មានចំនួនប្រមាណ ៥២៣នាក់ ដែលស្មើនឹង ៣២.៤% ខណៈបេក្ខជនជាបុរសមានចំនួន ១,០៩១នាក់ដែលស្មើនឹង ៦៧.៦%។ ចំណែកឯស្រ្តីជាប់ឆ្នោតក្លាយជាសមាជិកសភាមានចំនួនត្រឹម ១៦រូបប៉ុណ្ណោះនៃចំនួនសមាជិកសភាសរុបចំនួន ១២៥រូប ដែលតំណាងរាស្រ្តស្រ្តីទាំងអស់ជាសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា។

វគ្គបណ្ដុះបណ្ដាលនេះ មានការអញ្ជើញចូលរួមពីលោកស្រី សាវតា ច័ន្ទគ្រឹស្នា នាយិកាប្រតិបត្តិអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC), តំណាងមកពីអង្គការខុមហ្វ្រែល, តំណាងអង្គការសីលការ, វាគ្មិន, អ្នកជំនាញ និងសមាជិកមួយចំនួនតំណាងឱ្យគណបក្សឈរបោះឆ្នោតនៅកម្ពុជាទាំង១៧ ដែលជាក់ស្តែងតំណាងគណបក្សមកចូលរួមបានចំនួន ១៤គណបក្សនយោបាយ។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលស្ដីពី «ការបង្កើនចំនួនស្រ្តីជាអ្នកដឹកនាំក្នុងវិស័យនយោបាយនិងគោលនយោបាយសមភាពយេនឌ័រនៅក្នុងគណបក្ស» ត្រូវរៀបចំចំនួនបីលើក ដោយលើកទីមួយ បានធ្វើឡើងកាលពីខែធ្នូ ឆ្នាំ២០២៤ លើកទីពីរ រៀបចំឡើងនៅថ្ងៃទី២០ ខែមករានេះ និងលើកទី៣ នឹងធ្វើនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥៕

 

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង