en     km
en     km

ស្ដ្រីមកពីគណបក្សនយោបាយនានា ជំរុញឱ្យស្ដ្រីវ័យក្មេងផ្សេងទៀត ក្លាហានចូលប្រឡូកនយោបាយ

Share

 

 

សកម្មជនគណបក្សនយោបាយនានាដែលជាស្ដ្រី បង្ហាញឆន្ទៈតស៊ូធ្វើនយោបាយរបស់ពួកគេ ដើម្បីមានសិទ្ធិអំណាចក្នុងការសម្រេចក្នុងបក្ស ជាពិសេសមានសំឡេងក្នុងការធ្វើគោលនយោបាយថ្នាក់ជាតិ រហូតថ្នាក់ក្រោមជាតិ។ ពួកគេជំរុញឱ្យស្ដ្រីវ័យក្មេងផ្សេងទៀតដែលស្រលាញ់ និងមានក្ដីស្រម៉ៃចង់ធ្វើជាអ្នកនយោបាយ ក្លាហានក្នុងការប្រឡូកវិស័យនេះ។ លោក គីម ចាន់ចាវ រាយការណ៍

 

«ខ្ញុំស្រលាញ់ចង់ដើរប្រឡូកនយោបាយ ហើយពេលដែលខ្ញុំធ្វើសកម្មភាពតែងតែមានផលប៉ះពាល់ទីមួយខាងអាជ្ញាធរ គេឃើញខ្ញុំលើកស្លាកគណបក្សនៅឃុំទួលពេជ្រ គេនាំគ្នាបើកឡានបើកម៉ូតូមក ដើម្បីធ្វើ​ឱ្យយើងមានការភ័យខ្លាច ប៉ុន្តែចិត្តខ្ញុំអត់ខ្លាចទេ ខ្ញុំនៅតែតស៊ូ ស្រលាញ់ និងចូលរួមជានិច្ច»។

នេះជាប្រសាសន៍ អ្នកស្រី សួង សុខា សកម្មជនគណបក្សកម្លាំងជាតិ មកពីខេត្តកណ្ដាល។ អ្នកស្រីបានផ្ដល់បទសម្ភាសន៍មកកាន់វិទ្យុស្ដ្រី ក្នុងអំឡុងពេលចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី «ការបង្កើនចំនួនស្រ្តីជាអ្នកដឹកនាំក្នុងវិស័យនយោបាយនិងគោលនយោបាយសមភាពយេនឌ័រនៅក្នុងគណបក្ស»។

អ្នកស្រី សុខា ចូលរួមប្រឡូកក្នុងឆាកនយោបាយតាំងពីគណបក្សសង្គ្រោះជាតិ ក្រោយមកចូលគណបក្សភ្លើងទៀន រហូតមកដល់បច្ចុប្បន្ននេះរួមជីវភាពនយោបាយជាមួយគណបក្សកម្លាំងជាតិ។ ជីវិតនយោបាយក្នុងបក្សប្រឆាំង មិនស្រួលឡើយ ងាកៗរំសាយបក្ស ការរើសអើង ការបៀតបៀន និងការធ្វើទុក្ខម្នេញ ជាពិសេសសាច់ញាតិ គឺមិនគាំទ្រឱ្យអ្នកស្រីបន្តធ្វើនយោបាយឡើយ។

អ្នកស្រី សួង សុខា សកម្មជនគណបក្សកម្លាំងជាតិ។ WMC/Ngeen seanglim

ក្នុងវ័យ ៣៨ឆ្នាំ ថ្វីត្បិតសាច់ញាតិ មិនពេញចិត្តអ្នកស្រីធ្វើនយោបាយក្ដី តែបានស្វាមី គាំទ្រសកម្មភាពធ្វើនយោបាយ និងតែងតែជំរុញឱ្យខ្លួន បន្តក្ដីស្រម៉ៃចង់ក្លាយជាអ្នកនយោបាយម្នាក់ជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងជួយដោះស្រាយកង្វល់ពលរដ្ឋនៅតាមមូលដ្ឋាន។

អ្នកស្រី សួង សុខា៖ «ពេលដែលថ្ងៃអនាគតខ្ញុំចង់ធ្វើជាមេឃុំ ចង់ធ្វើជាថ្នាក់ដឹកនាំប្រចាំភូមិ ឃុំ ឱ្យរីកចំរើនកាន់តែខ្លាំង ហើយខ្ញុំស្រលាញ់ខាងធ្វើនយោបាយហ្នឹង ដើម្បីលើកកម្ពស់ឱ្យស្ដ្រីយើងមានឱកាស ហើយមានគំនិតថាបុរសធ្វើបាន យើងស្ដ្រីក៏អាចធ្វើបានដែរត្រូវតែមានភាពជឿជាក់លើខ្លួនឯង។ សូមឱ្យបងប្អូនស្ដ្រីក្រោកឈរធ្វើនយោបាយទាំងអស់គ្នា ដើម្បីប្រទេសជាតិយើងមានការីកចំរើន ហើយឱ្យយើងគិតក្នុងចិត្តថា បុរសធ្វើបាន ស្ដ្រីក៏ធ្វើបានដែរ»។

ចំណែកអ្នកស្រី កា ធារិទ្ធ សមាជិកគណបក្សហ្វុនស៊ិនប៉ិច និយាយដែរថា ដោយសារអតីតកាលកន្លងមក ធ្វើកិច្ចការងារសង្គមច្រើន ដូច្នេះជាដើមហេតុធ្វើឱ្យអ្នកស្រីដកចិត្ត និងអារម្មណ៍ចង់ប្រឡូកវិស័យនយោបាយ។ គិតមកដល់ពេលនេះអ្នកស្រីចូលប្រឡូកវិស័យនេះជាង ៣ឆ្នាំហើយ ដោយចង់ឃើញ និងជំរុញឱ្យវិស័យនយោបាយមានចំនួនស្ដ្រីឈរឈ្មោះបោះឆ្នោតដូចបុរសដែរ។

អ្នកស្រី ធារិទ្ធ លើកឡើងថា វិស័យនយោបាយ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សង្គមជាតិ ដូច្នេះទាំងស្ដ្រី និងបុរស ត្រូវចូលរួមដូចគ្នា។ មួយវិញទៀត នៅពេលមានសំឡេងស្ដ្រីចូលរួមវិស័យនយោបាយ នោះ គោលនយោបាយថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ នឹងឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ស្ដ្រី។

អ្នកស្រី កា ធារិទ្ធ៖ «ពីមុនមកខ្ញុំតែងតែគិតថា ការងារនយោបាយជារបស់មនុស្សប្រុស នៅពេលមួយខ្ញុំមានឱកាស ធម្មតាមនុស្សម្នាក់ៗតែងមានឱកាស អ៊‌ីចឹងការរួមគណបក្សនយោបាយហ្វុនស៊ិនប៉ិចនេះ គឺខ្ញុំមានឱកាសមិត្តភក្ដិដែលគាត់ណែនាំ មានថ្នាក់ដឹកនាំដែលគាត់លើកទឹកចិត្ត។ អ៊‌ីចឹងហើយបានធ្វើឱ្យខ្ញុំមានឱកាសឈានជើងចូលក្នុងគណបក្សនយោបាយមួយនេះ ហើយសួរថាចង់ក្លាយជាអីទេ ជាការពិតយើងតែងតែមានក្ដីស្រម៉ៃ ទោះបីក្ដីស្រម៉ៃតូច ធំក៏ដោយ ខ្ញុំតែងតែចង់ឱ្យមានចំនួនស្ដ្រីចូលរួមនយោបាយហ្នឹងកាន់តែច្រើន ដំបូងឡើយខ្ញុំមិនដឹងអ្វីជានយោបាយទេ គ្រាន់តែខ្ញុំចង់ឱ្យមានតម្លាភាព តថភាពសង្គម ការជួយគ្នា កុំឱ្យមានតែបុរស គឺការងារនយោបាយសម្រាប់តែបុរសមួយមុខអ៊‌ីចឹងណា»។

អ្នកស្រី កា ធារិទ្ធ សមាជិកគណបក្សហ្វុនស៊ិនប៉ិច។ WMC/Ngeen seanglim

ស្ដ្រីម្នាក់ទៀតដែលមានវ័យ ៤២ឆ្នាំ មកពីគណបក្សភ្លើងទៀន គឺអ្នកស្រី អឿង សារី ជំទប់ទី២ នៃឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ អ្នកស្រី សារី ចូលរួមប្រឡូកនយោបាយតាំងពីអាយុ ១៩ឆ្នាំ ដោយចាប់ផ្ដើមដំបូងចូលរួមនយោបាយជាមួយគណបក្សប្រឆាំង រហូតមកដល់បច្ចុប្បន្នចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន។ មូលហេតុដែលធ្វើឱ្យអ្នកស្រីចាប់ផ្ដើមប្រឡូកឆាកនយោបាយ ដោយសារមើលឃើញពីរឿងអយុត្តិធម៌របស់ប្រជាពលរដ្ឋដែលរងគ្រោះដីធ្លី ហើយត្រូវក្រុមហ៊ុនទន្ទ្រានយក។

យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ចំនួនស្រ្តីឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៃនិតិកាលទី៧ មានចំនួនប្រមាណ ៥២៣នាក់ ដែលស្មើនឹង ៣២.៤% ខណៈបេក្ខជនជាបុរសមានចំនួន ១,០៩១នាក់ ដែលស្មើនឹង ៦៧.៦%។ ចំណែកឯស្រ្តីជាប់ឆ្នោតក្លាយជាសមាជិកសភាមានចំនួនត្រឹម ១៦រូបប៉ុណ្ណោះនៃចំនួនសមាជិកសភាសរុបចំនួន ១២៥រូប ដែលតំណាងរាស្រ្តស្រ្តីទាំងអស់ជាសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា។

លោកស្រី សាវតា ច័ន្ទគ្រឹស្នា នាយិកាប្រតិបត្តិអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) មានប្រសាសន៍ក្នុងវគ្គបណ្ដុះបណ្ដាលថា ការបង្កើនចំនួនស្ដ្រីក្នុងមុខដំណែងជាអ្នកនយោបាយ និងជាអ្នកសម្រចចិត្ត គឺមានសារៈសំខាន់បំផុតសម្រាប់អភិវឌ្ឍន៍សង្គមជាតិ។ ដូច្នេះនៅក្នុងប្រទេសកម្ពុជា មួយទសវត្សន៍ចុងក្រោយនេះ សំឡេងស្ដ្រី និងសកម្មភាព​ ប្រឡូកវិស័យនយោបាយពីមួយអាណត្តិទៅមួយអាណត្តិ បានចូលរួមយ៉ាងសកម្ម ប៉ុន្តែចំនួនស្ដ្រី ជាប់ឆ្នោតមានការធ្លាក់ចុះជាបន្តបន្ទាប់ចាប់តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ឆ្នាំ២០១៣ រហូតដល់នីតិកាលទី៧ ឆ្នាំ២០២៣។

លោកស្រី សាវតា ច័ន្ទគ្រឹស្នា៖ «សកម្មជនគណបក្សនយោបាយជាស្ដ្រី និងអ្នកនយោបាយជាស្ដ្រី បន្តប្រឈមនឹងការរើសអើង និងអំពើហិង្សាគ្រប់រូបភាព។ បទដ្ឋានសង្គម វប្បធម៌មួយចំនួន ដែលជះឥទ្ធិពលអវិជ្ជមានដោយកត្តាយេនឌ័រទាក់ទងនឹងភាពជាអ្នកដឹកនាំរបស់ស្ដ្រី បង្កើតជាឧបសគ្គរារាំងចំពោះការចូលរួមប្រកបដោយប្រសិទ្ធភាពសម្រាប់អ្នកនយោបាយជាស្ដ្រី»។

ងាកមកអ្នកស្រី អឿង សារី ប្រឡូកក្នុងឆាកនយោបាយជាង ២០ឆ្នាំមកនេះ រងនូវការគំរាមកំហែងគ្រប់រូបភាព ជាពិសេសខ្វះការគាំទ្រសំឡេងរបស់ខ្លួនលើការធ្វើសេចក្ដីសម្រេចចិត្តក្នុងឃុំ-សង្កាត់។ ថ្វីត្បិតមានបញ្ហាប្រឈមពិតមែន តែការប្រឡូកឆាកនយោបាយនេះ ដាច់ខាតមិនបោះបង់ឡើយ ព្រោះប្រជាពលរដ្ឋដែលរងគ្រោះ ពួកគេគាំទ្រ និងរង់ចាំអ្នកស្រីឱ្យជួយដោះស្រាយ និងការពារពួកគេ។

អ្នកស្រី អឿង សារី ជំនប់ទី២ នៃគណបក្សភ្លើងទៀន។ WMC/Ngeen seanglim

អ្នកស្រី អឿង សារី៖ «ខ្ញុំចង់ឱ្យយុវជនទាំងអស់ ក៏ដូចជាស្ដ្រីដូចខ្ញុំធ្វើតាមបេះដូងខ្លួនឯងណា វិស័យយើងស្រលាញ់ការងារសង្គម កើតមកនៅក្នុងប្រទេសប្រៀបដូចជាផ្ទះរក្សាផ្ទះដែលយើងនៅ ប្រសិនជាយើងមានប្រទេសមិនរក្សាប្រទេស យើងមិនចូលរួមធ្វើនយោបាយទេ ពេលដែលនយោបាយដើរខុសនយោបាយដើរខូច ស្មើនឹងរលំឆ្នាំងបាយខ្លួនឯង។ ពេលដែលប្រទេសមួយនយោបាយដើរបានល្អ សេដ្ឋកិច្ចក៏ដើរតាមហ្នឹងជំនួយចំណូលគឺមកទាំងអស់ យើងរស់ស្រួល តែសំណួរសួរថាបើយើងអត់ធ្វើនយោបាយចុងក្រោយដូចបោកឆ្នាំងបាយខ្លួនឯងអ៊‌ីចឹង ព្រោះយើងអត់ខ្វល់អីសោះឱ្យប៉ុន្មាននាក់ធ្វើចុងក្រោយនឹងរលាយទាំងអស់គ្នា»។

លោកស្រី សឺនកេត សិរីលក្ខណ៍ អ្នកសម្របសម្រួលកម្មវិធីអប់រំ និងយេនឌ័រ នៃអង្គការខុមហ្វ្រែល លើកឡើងថា ឧបសគ្គដ៏ធំសម្រាប់ស្ដ្រីក្នុងការចូលរួមវិស័យនយោបាយ គឺការគ្មានច្បាប់ និងគោលនយោបាយសម្រាប់គាំទ្រស្ដ្រីនៅក្នុងបក្ស។ ការគ្មានច្បាប់គាំទ្រនេះហើយ ធ្វើឱ្យពួកគេប្រឈមនូវការរើសអើង រងអំពើហិង្សា និងប្រឈមនឹងការគ្មានឱកាសកា្លយជាតំណាងរាស្ដ្រ ឬក្លាយជាមេឃុំ។

 លោកស្រី សឺនកេត សិរីលក្ខណ៍ ៖ «ប្រសិនដោះស្រាយគណបក្សទាំងអស់មានគោលនយោបាយសមភាពយេនឌ័រនៅក្នុងបក្ស ប្រាកដណាស់ស្ដ្រីវ័យក្មេងដែលទើបតែបញ្ចប់ពីសាកលវិទ្យាល័យ ច្បាស់ជាគាត់ចង់ចូលរួមបក្សដើម្បីធ្វើកិច្ចការងារនយោបាយដែរ។ គាត់ដឹងថាគាត់មានកន្លែងនឹងត្រូវឈរ និងអង្គុយទៅកន្លែងហ្នឹង គាត់នឹងបានឈរឈ្មោះជាបេក្ខជនឈរឈ្មោះជាក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ដូចជាតំណាងរាស្ដ្រផងដែរ»៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង