ភ្នំពេញ៖ ក្រុមអង្គការសង្គមស៊ីវិលចំនួន ១៦ ដែលធ្វើការលើការការពារសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា ជំ រុញឱ្យរដ្ឋាភិបាលបង្កើនកិច្ចខិតខំប្រឹងប្រែងនិងមានសកម្មភាពជាក់លាក់ក្នុងការអនុវត្តអនុសាសន៍ UPR ដែលកម្ពុជាធ្លាប់បានទទួលយកដើម្បីការពារសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា ពិសេសគឺការអនុញ្ញាតឱ្យមានសមភាពអាពាហ៍ពិពាហ៍ស្របច្បាប់សម្រាប់អ្នកស្រលាញ់ភេទដូចគ្នា។
នេះជាការជំរុញរបស់ក្រុមអង្គការទាំង១៦ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា នេះ។
បើតាមសេចក្តីថ្លែងការណ៍រួមដដែរបានរំលឹកឡើងវិញ ចំពោះអ្វីដែលរដ្ឋាភិបាលធ្លាប់បានទទួលយកអនុសាសន៍ UPRកាលពីឆ្នាំ២០១៩ ចំនួន ៩ ចំណុចស្តីពីការការពារសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា និងគោលនយោបាយចំនួន ៣ ចម្បងៗ។ ក្នុងនោះមាន វិសោធនកម្មមាត្រា ៤៥ នៃរដ្ឋធម្មនុញ្ញាដើម្បីអនុញ្ញាតឱ្យមានអាពាហ៍ពិពាហ៍អ្នកស្រលាញ់ភេទដូចគ្នា។ ការបង្កើតច្បាប់ប្រឆាំងការរើសអើងនិន្នាការភេទនិងច្បាប់ទទួលស្គាល់អត្តសញ្ញាណយេនឌ័រសម្រាប់អ្នកប្តូរយេនឌ័រ។
សម្រាប់ក្រុមអង្គការសង្គមស៊ីវិញ ដរាបណាអ្នកស្រលាញ់ភេទដូចគ្នាមិនអាចរៀបអាពាហ៍ពិពាហ៍បានដោយស្របច្បាប់ នោះកូនៗនិងសមាជិកគ្រួសាររបស់ពួកគេនៅតែរងគ្រោះបន្តទៀត។ ដូច្នេះការអនុញ្ញាតឱ្យមានការរៀបការស្របច្បាប់ចំពោះអ្នកស្រលាញ់ភេទដូចគ្នា នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពងាយរងគ្រោះ ការមាក់ងាយ និងការរើសអើងប្រឆាំងសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា ក៏ដូចជាក្រុមគ្រួសាររបស់ពួកគេ។
ជាងនេះ ការផ្តល់ការសិទ្ធិស្របច្បាប់លើអាពាហ៍ពិពាហ៍អ្នកស្រលាញ់ភេទដូចគ្នា ជាការលើកកម្ពស់ឱ្យមានបរិយាបន្ន សុខដុមរមនា និងសុខុមាលភាពសង្គម ដែលឆ្លុះបញ្ចាំងទៅនឹងគុណតម្លៃរបស់ខ្មែរ ទស្សនវិស័យរបស់រដ្ឋាភិបាល និងរួមចំណែកសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។
ទាក់ទិនរឿងនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលនិយាយថា ក្រសួងពាក់ព័ន្ធកំពុងធ្វើការលើបញ្ហានេះដោយត្រូវត្រួតពិនិត្យលើបញ្ហាតម្លៃនៃវប្បធម៌ជាតិ ដែលត្រូវការពេលវេលានិងគោលការណ៍ដោះស្រាយច្រើនដំណាក់កាល។ តែយ៉ាងណាលោកថា រដ្ឋាភិបាលមិនបានហាមប្រាមមិនឱ្យអ្នកស្រលាញ់ភេទដូចគ្នាមិនអាចរៀបការ ឬរស់នៅជាមួយគ្នានោះទេ គឺពួកអាចធ្វើកិច្ចព្រមព្រៀងរួមរស់ជាមួយគ្នា និងកំណត់ការបែងចែកទ្រព្យសម្បត្តិជាមួយក្រុមហ៊ុនមេធាវី ឬក្រុមហ៊ុនឯកជននានាបាន។ លោកបន្ថែមថា ការរៀបអាពាហ៍ពិពាហ៍អ្នកស្រលាញ់ភេទដូចគ្នាជាបញ្ហាធំមួយក្នុងសង្គមដែលត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្តឈានដល់ការអនុញ្ញាត។
សូមស្តាប់ការលើកឡើងបន្ថែមពីលោក ផៃ ស៊ីផាន
ជាការកត់សម្គល់ ទោះបីកម្ពុជាពុំទាន់ទទួលការការរៀបអាពាហ៍ពិពាហ៍ស្របច្បាប់លើអ្នកស្រលាញ់ភេទដូចគ្នាក្តី តែកម្ពុជាកំពុងតែរៀបចំឲ្យមានការទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នានេះ និងកែសម្រួលច្បាប់អត្រានុកូលដ្ឋាន ដើម្បីឲ្យអ្នកស្រលាញ់ភេទដូចគ្នាមានសិទ្ធិស្មុំកូនទៅចិញ្ចឹមបាន។
តែសម្រាប់សង្គមស៊ីវិលវិញយល់ថា ការរើសអើងអ្នកស្រលាញ់ភេទដូចគ្នាមិនត្រឹមតែប៉ះពាល់ដល់សិទ្ធិមនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប៉ះពាល់ដល់ការរីកចម្រើននៃសេដ្ឋកិច្ចរបស់សង្គមផងដែរ៕